ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ឆ្លាម​ខាំត្របា.ក់​ក្មេ.ង​ជំទង់​ម្នាក់ ខណៈជិះក្តារបណ្តែតទឹកលេងលើផ្ទៃសមុទ្រ​

3 ខែ មុន

ទីក្រុង​ស៊ី​ដ​នី​៖ ក្មេង​ជំទង់​ជនជាតិ​អូស្ត្រាលី​ម្នាក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​ត្រី​ឆ្លាម​ខាំ

ទីក្រុង​ស៊ី​ដ​នី​៖ ក្មេង​ជំទង់​ជនជាតិ​អូស្ត្រាលី​ម្នាក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​ត្រី​ឆ្លាម​ខាំត្របាក់​នៅ​ពេល​គាត់​ជិះ​ក្ដារ​បណ្ដែត​ទឹក​លេង​នៅ​លើ​ផ្ទៃ​សមុទ្ទ​អូស្ត្រាលី​ខាងត្បូង​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​។ ​

​ក្មេងប្រុសរងគ្រោះឈ្មោះ​ខា​យ ខូ​លី (Khai Cowley) វ័យ​១៥​ឆ្នាំ ខាំ​សម្លាប់​ដោយ​ត្រី​ឆ្លាម​មាឌធំ​មួយ​ក្បាលមាន​សម្បុរ​សស្គុស​។ គេ​បាន​ស្រង់​សាកសព​ជន​រង​គ្រោះ​ចេញពី​ក្នុង​ទឹក​សមុទ្ទ​មិនយូរ​ប៉ុន្មាន​ក្រោយ​ហេតុការណ៍​នោះ​។

មុន​ពេល​កើតហេតុ​នោះ ជន​រង​គ្រោះ​មិន​បាន​ទៅ​ឆ្ងាយ​ប៉ុន្មាន​ទេ យ៉ាង​ខ្លាំង​ត្រឹម​៣០​ឬ​៤០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​មាត់​ឆ្នេរ​។ នេះ​បើ​យោង​តាម​សាក្សី​ម្នាក់​ដែល​រស់នៅ​ម្ដុំ​នោះ និង​ជា​អ្នកមាន​បទ​ពិសោធ​ជិះ​ក្ដារ​លើ​ទឹក​សមុទ្ទ​អស់​ជា​ច្រើន​ទស​វត្ស​មក​ហើយ​។ គ្រាន់តែ​ទទួល​ដំណឹង​ថា​មាន​ករណី​ត្រី​ឆ្លាម​ខាំ​មនុស្ស​, ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ក៏​ប្រញាប់​ស្រូតរូត​ដំណើរ​ចុះ​ទៅ​កន្លែង​កើត​ភ្លាម​ៗ​តែ​ម្ដង​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ ទម្រាំ​ចុះ​ទៅ​ដល់​យឺត​ពេល​បន្តិច​ទៅ​ហើយ​។ អ្នក​ដែល​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ ព្រោះ​រូបគេ​ជា​មនុស្ស​ដែល​មាន​ភាព​ប៉ិន​ប្រសប់​នៅ​ក្នុង​ការ​ជិះ​ក្ដារ​លើ​ទឹក និង​ជា​មនុស្ស​ដែល​គួរ​ឱ្យ​ចង់​រាប់អាន​។ ខា​យ​ខូ​លី​ ជា​សមាជិក​ក្លិប​អ្នក​ជិះ​ក្ដារ​លើ​ទឹក​ចាប់តាំងពី​ឆ្នាំ​២០១៦​។

អ្នក​ដែល​ស្គាល់​ឆ្នេរ​សមុទ្ទ​នោះ​ច្បាស់​យល់​ថា​ចម្លែក​មែន នៅ​សុខ​ៗ​ស្រាប់តែ​មាន​ត្រី​ឆ្លាម​ពណ៌​ស​ដ៏​ធំ​មួយ​ក្បាល​នៅ​ក្នុង​តំបន់​នេះ​។ តាំងពី​ណា​ពី​ណី​មក​ពុំដែល​ជួប​ករណី​បែប​នេះ​ទេ​។ លោក​អេ​ន​ឌ្រូ​ហ្វ​ក់ (Andrew Fox) ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​ថ្លែង​ថា​ត្រី​ឆ្លាម​ខ្នាត​យក្ស​សម្បុរ​ស​ជា​ប្រភេទ​សត្វ​ត្រី​ដែល​ចូល​ចិត្ត​ពួនស្ទាក់​នៅ​ទី​ស្ងាត់កំបាំង​ដើម្បី​រង់ចាំ​ឱកាសល្អ​វាយប្រហារ​មនុស្ស ឬ​សត្វ​ដទៃ​ទៀត (​ជា​ពិសេស​សត្វ ធ្វើ​ជា​ចំណីអាហារ​)​។ នៅ​ថ្ងៃ​កើតហេតុ​នោះ​មាន​ខ្យល់​បក់​ខ្លាំង និង​ទឹក​រលក​កញ្ជ្រោកបោកបាច​ខ្លាំង​ដែល​ជា​ឱកាសល្អ​សម្រាប់​ការ​ជិះ​ក្ដារ​បណ្ដែត​ទឹក​។ ប៉ុន្តែ​វា​ក៏​ជា​ការ​ធ្វើ​ឱ្យ​ត្រី​ឆ្លាម​មិន​អាច​នៅ​ស្ងៀម​បាន​ដែរ​។

ក្មេងប្រុសរងគ្រោះ

ទី​នេះ​មិនមែន​ទើបតែ​កើត​មានរឿង​រ៉ាវ​ត្រី​ឆ្លាម​ខាំ​មនុស្ស​ម្ដង​ហ្នឹង​ទេ​។ កាលពី​ពេល​កន្លង​មក​ក៏​មាន​ករណី​ត្រី​ឆ្លាម​ខាំ​មនុស្ស​ស្លាប់​អស់​បី​នាក់ និង​របួស​ពីរ​នាក់​។ កាលពី​ខែឧសភា ឆ្នាំ​២០២៣ គ្រូបង្រៀន​ម្នាក់​វ័យ​៤៦​ឆ្នាំ កំពុង​តែ​ជិះ​ក្ដារ​លើ​ទឹក​សមុទ្ទ​សុខ​ៗ​ស្រាប់តែ​មាន​ត្រី​ឆ្លាម​មួយ​ក្បាល​មិនដឹង​ចេញពី​មក​ពី​ទីណា​ទេហ​ក់មក​ខាំត្របាក់​ស្រស់​ៗ​តែ​ម្ដង​។ ហេតុការណ៍​នៅ​ក្នុង​គ្រានោះ​កើតឡើង​នៅ​ចម្ងាយ​៣៦៥​គីឡូម៉ែត្រ​ពី​ទីក្រុង​អា​ដឺ​ឡេ​ត (Adelaide)​។

ក្រោយមក​ទៀត បុរស​វ័យ​៥៥​ឆ្នាំ​ម្នាក់​ក៏​ត្រូវ​ត្រី​ឆ្លាម​ខាំ​សម្លាប់​ផង​ដែរ​នៅ​ពេល​គាត់​ជិះ​ក្ដារ​លើ​ទឹក​សមុទ្ទ​កាលពី​ខែតុលា ឆ្នាំ​២០២៣​។ គេ​មិនដឹង​ថា​តើ​ត្រី​ឆ្លាម​ខាំត្របាក់ និង​ស៊ី​ជា​ចំណីអាហារ​អស់ហើយ​ក៏​មិនដឹង ព្រោះ​គេ​ស្វែងរក​សាកសព​របស់​ពួក​គាត់​មិនឃើញ​ទាល់តែ​សោះ​។ សាស្ត្រាចារ្យ​ដែល​ជំនាញ​ខាង​ត្រី​ឆ្លាម​កត់​សម្គាល់ថា​ករណី​ត្រី​ឆ្លាម​ខាំ​មនុស្ស​បាន​កើនឡើង​នៅ​ទូ​ទាំង​ពិភពលោក​នា​រយៈពេល​បួន​ទស​វត្ស​ចុង​ក្រោយ​នេះ​។ គ្រាន់តែ​ថា​ករណី​នេះ​មិនសូវ​កើតឡើង​ញឹកញាប់​ពេក​ទេ​។

អ្នកជំនាញ​រូប​នេះ​យល់​ថា​អាច​មាន​វិធី​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ករណី​ត្រី​ឆ្លាម​ខាំ​មនុស្ស​ស្លាប់ និង​របួស​។ ទី​១- គេ​គួរ​ធ្វើ​ម៉េច​កុំឱ្យ​មានឱកាស​នៅ​កៀក​គ្នា ឬ​ប្រទាំង​ប្រទើស​គ្នា​រវាង​ត្រី​ឆ្លាម និង​មនុស្ស​ដោយ​រៀបចំ​សំណាញ់​បង្ខាំង​តំបន់​សមុទ្រ​ដែល​មនុស្ស​អាច​ចុះ​លេង​បាន​, ទី​២- ការ​ឃ្លាំមើល​ពីលើ​អាកាស​, ទី​៣- ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​សម្រាប់​ទប់ទល់​។ មើល​តែ​ត្រី​ឆ្លាម​សសៀរ​ៗ​មក​កៀក​រក​ខាំ​យើង យើង​ចុច​ឧបករណ៍​ឆក់​ឱ្យ​វា​ស្រងល់​។ រួច​ហើយ​យើង​ប្រញាប់​គេច​ចេញពី​ទីនោះ​។ ទី​៤- ពេល​ចុះ​សមុទ្ទ​ម្ដង​ៗ​គួរ​ពាក់អាវ​ពោង​ក្រាស់​ៗ​ដែល​អាច​ទប់ទល់​នឹង​ត្រី​ឆ្លាម​។ ដូច្នេះ បើទុកជា​វា​ខាំ​ក៏​មិន​អាច​មុត​ដល់​សាច់​របស់​ជន​រង​គ្រោះ​បាន​ឡើយ​៕ (ប្រភព​៖ BBC, The Guardian និង​ប្រភព​ដទៃ​ទៀត)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ