ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​តែងតាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​ជំនួស​លោក​លី​ សាង​ហ្វូ

3 ខែ មុន

ទីក្រុង​ប៉េ​កាំ​ង​ ៖ ប្រទេស​ចិន​ទើបតែ​តែងតាំង​អតីត​មេបញ្ជាការ​កងទ័ពជើងទឹក លោក​តុង​ជុន

ទីក្រុង​ប៉េ​កាំ​ង​ ៖ ប្រទេស​ចិន​ទើបតែ​តែងតាំង​អតីត​មេបញ្ជាការ​កងទ័ពជើងទឹក លោក​តុង​ជុន (Dong Jun) ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​ជំនួស​លោក​លី​សាង​ហ្វ៊ូ (Li Shangfu) ដែល​ត្រូវ​ដក​តំណែង​កាលពី​ខែតុលា​។ ការ​តែងតាំង​នេះ​ស្រប​ពេល​ដែល​លោក​ស៊ីជី​ន​ពីង ប្រធានាធិបតី​ចិន អភិវឌ្ឍ​ឈាន​ឡើង​នៃ​វិស័យ​ការពារ​ជាតិ​ថែម​មួយ​កម្រិត​ទៀត (upgrade) ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ចិន​ទៅ​ជា​មហាអំណាច​លើសគេ​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត​។ នេះ​ជា​ការ​កំណត់​គោលដៅ​ដែល​លោក​ទើបតែ​ប្រកាស​ថ្មី​ៗ​នេះ ហើយ​បាន​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

លោក លី សាងហ្វូ

លោក​តុង​ជុន​សព្វថ្ងៃ​អាយុ​៦២​ឆ្នាំ លោក​ត្រូវ​បាន​តែង​តាំងនៅ​ចំពោះ​មុខ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​។ ការងារ​សំខាន់​របស់​គាត់​គឺ​ត្រូវធ្វើ​យ៉ាងណា​កាត់​បន្ថយ​ភាព​តានតឹង​យោធា​ចិន​-​អា​មេ​រិ​ក​ដើម្បី​ជៀសវាង​ជម្លោះ​ប្រដាប់​អាវុធ​ដោយសារ​បញ្ហា​តៃវ៉ាន់ និង​បញ្ហា​សមុទ្ទ​ចិន​ខាងត្បូង​។ ប៉ូ​ល​ទាំង​ពីរ​នេះ​ជា​អ្វី​ដែល​លោក​តុង​ជុន​ធ្លាប់​ឆ្លងកាត់​ច្រើន​មក​ហើយ​។

មុន​នឹង​ក្លាយជា​មេបញ្ជាការ​កងទ័ពជើងទឹក​ចិន លោក​តុង​ជុន​ធ្លាប់​កាន់​តំណែង​ជា​មេបញ្ជាការ​រង​កង​នាវាចរណ៍​សមុទ្ទ​ខាងកើត​។ នោះ​ជា​កងទ័ព​ពិសេស​នៅ​តំបន់​ប្រតិបត្តិការ​សឹក​ខាងកើត​សម្រាប់​ចេញ​យុទ្ធនាការ​យោធា​ចំពោះ​កោះ​តៃវ៉ាន់​។ លោក​តុង​ក៏​ធ្លាប់​ធ្វើ​ជា​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​ខាងត្បូង​ដែល​បំពេញបេសកកម្ម​នៅ​សមុទ្ទ​ចិន​ខាងត្បូង​ផង​ដែរ​។

លោក តុង ជុន

លោក​តុង​អាច​មាន​បទ​ពិសោធ​ដោះស្រាយ​បញ្ហា​ប្រឈម​រវាង​ទាហាន​ចិន និង​អា​មេ​រិ​ក​។ នេះ​ជា​កត្តា​សំខាន់​នៅ​ពេល​លោក​ត្រូវ​ដោះស្រាយ​វិបត្តិ​រវាង​កងទ័ព​ទាំង​សងខាង​។ ខាងលើ​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​សិង្ហ​បុរី​។ រីឯ​អ្នក​ស្រាវជ្រាវ​ម្នាក់​ទៀត​យល់​ថា​ការ​ជ្រើសរើស​លោក​តុង​ជុន​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​អាច​ជា​សញ្ញា​បង្ហាញ​ថា​យុទ្ធនាការ​បោសសម្អាត​ផ្ទៃក្នុង (purge) នៅ​តែ​បន្ត​កើត​មាននៅ​ក្នុង​នាយកដ្ឋាន​ស្រាវជ្រាវ​គ្រាប់​រ៉ុ​ក​កែ​ត និង​អភិវឌ្ឍ​គ្រឿង​បរិក្ខារ​យោធា​ចិន​។

អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​ពីរ​រូប​ដែល​ធ្លាប់​ធ្វើការ​នៅ​នាយកដ្ឋាន​នេះ​លែង​ឃើញ​មុខជា​សាធារណៈ​ជា​រៀង​រហូត​។ ប្រទេស​ចិន​មិន​បាន​ពន្យល់​បកស្រាយ​អំពី​ការ​បាត់​មុខ​លោក​លី​សាង​ហ្វុ​ង​ទេ​។ ស្រាប់តែ​នៅ​ខែតុលា​ឮ​ថា​គេ​ដក​តំណែង​លោក​បាត់​ទៅ​ហើយ​។ មុន​នឹង​ឡើង​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​កាលពី​ខែមីនា​, លោក​លី​សាង​ហ្វុ​ង​ធ្លាប់​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​លទ្ធកម្ម​សម្ភារៈ​សឹក និង​ស្រាវជ្រាវ​។ ចាប់ពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៣​រហូត​មក គេ​លែង​ឃើញ​មុខ​លោក​ជា​រៀង​រហូត​។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ (Reuters) និយាយ​យោង​ទៅ​លើ​ប្រភព​ផ្ទៃក្នុង​ចិន​ដែល​បង្ហើប​ឱ្យ​ដឹង​ថា​លោក​លី​សាង​ហ្វុ​ង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។ នៅ​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក​លី​ពុំដែល​ជួប​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក ឡ​យ​អូ​ស្ទី​ន (Lloyd Austin) ម្ដងណា​ទេ​។ ក្រសួងការពារជាតិ​ចិន​ទាមទារ​ឱ្យ​វ៉ា​ស៊ី​ន​តោន​ដក​ចេញ​ទណ្ឌកម្ម​ដែល​ដាក់​ទៅ​លើ​លោក​លី​តាំងពី​ឆ្នាំ​២០១៨​ពី​បទ​ទិញ​យន្តហោះ និង​គ្រឿង​បរិក្ខារ​យោធា​ពី​ប្រទេស​រុ​ស្ស៊ី​។

ដោយឡែក រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​ប្រទេស​ចិន​មិន​មាន​ជាប់ជំពាក់​នឹង​ភាព​រសេមរសាម​នៃ​ការ​ដាក់​ទណ្ឌកម្ម​ទេ​។ កាលពី​ពេល​ជួប​គ្នា​រវាង​លោក​បៃ​ដឹ​ន និង​លោក​ស៊ីជី​ន​ពីង​នៅ​វ៉ា​ស៊ី​ន​តោន​កាលពី​ខែវិច្ឆិកា ថ្នាក់ដឹកនាំ​ទាំង​ពីរ​ឯកភាព​គ្នា​ថា​នឹង​បន្ត​ការ​សន្ទនា​គ្នា​ឡើង​វិញ​ផ្នែក​យោធា​។ ទំនាក់ទំនង​យោធា​ត្រូវ​ព្យួរ​ទុក​ចាប់តាំងពី​អតីត​ប្រធានរដ្ឋសភា​អា​មេ​រិ​ក លោកស្រី​ណា​ន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ទៅ​កោះ​តៃវ៉ាន់​កាលពី​ខែសីហា ឆ្នាំ​២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ