ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​ប្ដឹ.ង​គ្រូពេទ្យ​ពី​បទ​សម្រុ.ក​ដ.ក​ធ្មេញ និង​ប៉ះ​ធ្មេញ​ម្ដង​ជិត​៣០​ដើម

3 ខែ មុន

រដ្ឋ​មី​នេ​សូ​តា​ ​សហរដ្ឋ​អា​មេ​រិ​ក​ ៖ នារី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​រស់នៅ​រដ្ឋ​មី​នេ​សូ​តា សម្រេចចិត្ត​ដាក់​

រដ្ឋ​មី​នេ​សូ​តា​ ​សហរដ្ឋ​អា​មេ​រិ​ក​ ៖ នារី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​រស់នៅ​រដ្ឋ​មី​នេ​សូ​តា សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​លោកគ្រូ​ពេទ្យធ្មេញ​ម្នាក់​។ គ្រាន់តែ​ចូល​ទៅ​គ្លីនិក​របស់​គាត់​ម្ដង គាត់​មិនមែន​ធ្វើ​ធ្មេញ​ទៅ​តាម​ដំណាក់កាល​ម្ដង​បន្តិច​ៗ​ទេ​។ ប៉ុន្តែ​គាត់​លេង​សរុប​ម្ដង​ទាំងអស់​តែ​ម្ដង​ ដើម្បី​កុំឱ្យ​ខាត​ជើង​។ គាត់​ដក​ធ្មេញ​របស់​នាង​អស់​៤​ដើម​, ដាក់​ធ្មេញ​សិប្បនិម្មិត​ចូល​៨​ដើម និង​ប៉ះ​ធ្មេញ​២០​ដើម​។ ក្រោយ​ពេល​ទៅ​រក​សេវា​របស់​លោកគ្រូ​ពេទ្យ​រួច ទម្រង់​ធ្មេញ និង​ថ្គាម​របស់​នាង​ខូច​ទ្រង់ទ្រាយ​ដើម​អស់រលីង​។

នាង​ខាស់​ស្លី​ន វី​ល​សុ​ន (Kathleen Wilson) ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​សាលាដំបូង​ដោយ​ចោទប្រកាន់​លោក​ទន្ត​បណ្ឌិត​ខេ​វី​ន ម៉ូ​ល​ដ្រេ​ម (Kevin Molldrem) ពី​បទ​ធ្វេសប្រហែស​នៅ​ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន​។ ហេតុការណ៍​នោះ​បាន​កន្លង​ផុត​ទៅ​រាង​ច្រើន​ឆ្នាំ​ដែរ​ហើយ​តាំងពី​ខែកក្កដា ឆ្នាំ​២០២០​។ ប៉ុន្តែ​ទំនងជា​ក្រោយ​ការ​ព្យាបាល​ដំបូង​ៗ​ប្រហែលជា​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​។​ដល់​ពេល​យូរ​ៗ​ទៅ​, នាងរង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ពី​សេវា​ព្យាបាល​របស់​គាត់ ទើប​នាង​សម្រេច​ប្ដឹង​ទៅ​តុលាការ​តែ​ម្ដង​។

រូបតំណាង

នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ នាង​បាន​រៀបរាប់​អំពី​ការ​ព្យាបាល​មិន​បាន​ល្អ ធ្វើ​ឱ្យ​នាងរង​របួស​។ គាត់​ចាក់​ថ្នាំស្ពឹក​ច្រើន​ពេក និង​ក្លែង​ឯកសារ​ពេទ្យ​ដើម្បី​បិទ​បាំង​ទ​ង្វើ​ព្យាបាល​ខុសឆ្គង​របស់​គាត់​។ មេធាវី​របស់​នាង​វី​ល​សុ​ន​បាន​ពឹង​ទន្ត​បណ្ឌិត​ម្នាក់​នៅ​រដ្ឋ​ផ្ល​រី​ដា (Florida) ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ទៅ​លើ​ការ​ចេញ​សំបុត្រ​ពេទ្យ​ពី​លោក​ទន្ត​បណ្ឌិត​ជាប់ចោទ​ឈ្មោះ​ខេ​វី​ន ម៉ូ​ល​ដ្រេ​ម (Kevin Molldrem) និង​គ្រូពេទ្យ​ដទៃ​ទៀត​ដែល​នាង​ទៅ​រក​សេវា​ព្យាបាល​។ យោង​តាម​ការ​វាយតម្លៃ​នោះ ជនជាប់ចោទ​បាន​ធ្វើ​ខុស​ពី​វិជ្ជាជីវៈ​គ្រូពេទ្យ​ពិតមែន ខណៈ​ដែល​គាត់​បើក​សេវា​ព្យាបាល​នេះ​មិនមែន​តិចតួច​នោះ​ទេ​គឺ​ម្ភៃ​ឆ្នាំ​មក​ហើយ​។

លោក​ទន្ត​បណ្ឌិត​ម៉ូ​ល​ដ្រេ​ម​ធ្វើ​ត្រូវ​មួយ​មួយ​ចំណុច​ត្រង់​ពិនិត្យ​មើល​សុខភាព​មាត់​ធ្មេញ​របស់​នាង​វី​ល​សុ​ន​ឃើញ​ថា​ពិត​ដូច​ក្នុង​ឯកសារ​ធ្វើ​រោគវិនិច្ឆ័យ​មែន​។ ក៏​ប៉ុន្តែ​នៅ​ពេល​ព្យាបាល​ធ្មេញ​នោះ​គាត់​ខ្វះ​ការ​យកចិត្តទុកដាក់​។ ធ្វើ​ខ្ជីខ្ជា​ឱ្យ​តែ​រួចពីដៃ​។ ឯកសារ​បង្ហាញ​ថា​នាង​វី​ល​សុ​ន​ពុក​ធ្មេញ​សឹងតែ​ទាំងអស់​ដែល​ជា​ករណី​កម្រ​នឹង​កើត​មាន​។ នេះ​បើ​តាម​ការ​វាយតម្លៃ​របស់​ទន្ត​បណ្ឌិត​ហ្គោ​ល​ស្តែ​ន (Goldstein)​។ ប៉ុន្តែ​ចំណុច​ខុសឆ្គង​ត្រង់​ថា​លោក​ទន្ត​បណ្ឌិត​ម៉ូ​ល​ដ្រេ​ម​ប្រើប្រាស់​វិធី​ព្យាបាល​សរុប​ម្ដង​ទាំងអស់​តែ​ម្ដង​។ គាត់​មិន​ខ្វល់​អំពី​ផលវិបាក​នៃ​ការ​ដក​ធ្មេញ ដាក់​ធ្មេញ និង​ប៉ះ​ធ្មេញ​ម្ដង​សរុប​ចូល​គ្នា​បែប​នេះ​ទាល់តែ​សោះ​។ ធ្វើ​អីចឹង អ្នកជំងឺ​អាច​ប្រឈម​នឹង​ការ​អាប់​សែ​ជើងធ្មេញ ឬ​ជំងឺ​ក្លាយ​។ ជួនកាល​អាច​ធ្វើ​ឱ្យ​ខូច​ឫសធ្មេញ​ក៏​មាន​។

ធ្មេញ​ប្រហោង​ច្រើន​ដល់​ថ្នាក់​ហ្នឹង គាត់​បែរជា​បិទ​ភ្ជិត​ស៊ីម៉ង់​ក្នុង​ពេល​តែ​មួយ​។ ធ្វើ​បែប​នេះ​មិន​ត្រឹមតែ​ខុស​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គ្មាន​មនុស្សធម៌​នៅ​ក្នុង​ខ្លួន​ទាល់តែ​សោះ​។ ទន្ត​បណ្ឌិត​ហ្គោ​ល​ស្តែ​ន​យល់​វា​ជា​រឿង​ហួសចិត្ត​ដែល​គ្រូពេទ្យ​ខេ​វី​ន ម៉ូ​ល​ដ្រេ​ម (Kevin Molldrem) ប្រើ​ពេល​៥​ម៉ោង​កន្លះ សម្រុក​ដក​ធ្មេញ​ផង​, ដាក់​ធ្មេញ​ផង និង​ប៉ះ​ធ្មេញ​ផង​ចំនួន​២៨​ដើម​។

ចំណុច​ខុសឆ្គង​មួយទៀត​នៅ​ក្នុង​វិជ្ជាជីវៈ​របស់​គាត់​គឺ​លោកគ្រូ​ពេទ្យ​បាន​ប្រើប្រាស់​ថ្នាំស្ពឹក​ខុស​បច្ចេកទេស​។ តាម​ក្បួន​ពេទ្យ​គេ​ឱ្យ​ប្រើប្រាស់​ថ្នាំស្ពឹក​យ៉ាងច្រើន​បំផុត​ត្រឹម​៤៩០​មិ​ល្លី​ក្រាម​។ ប៉ុន្តែ​ជាក់ស្ដែង លោកគ្រូ​ចាក់​ថ្នាំ​រហូត​ដល់​៩៦០​មិ​ល្លី​ក្រាម​ឱ្យ​នាង​វី​ល​សុ​ន​។ ក្រោយមក នាង​ទៅ​គ្លីនិក​ដទៃ​ទៀត​ដើម្បី​ពិនិត្យ​ធ្មេញ​ឡើង​វិញ ឃើញ​ថា​ធ្មេញ​នៅ​តែ​ពុក​ដដែល​។ រីឯ​កន្លែង​ខូចខាត​ដទៃ​ទៀត​ក៏​មិន​បានជា​សះស្បើយ​ទាល់តែ​សោះ​។ កន្លង​ផុត​ទៅ​ជា​ច្រើន​ខែ នៅ​ឆ្នាំ​២០២២ នាង​ទៅ​រក​សេវា​ព្យាបាល​នៅ​គ្លីនិក​សាកលវិទ្យាល័យ​មី​នេ​សូ​តា​ដើម្បី​កែសម្រួល​ឡើង​វិញ​ទៅ​លើ​ទម្រង់​ថ្គាម និង​ទម្រង់​មុខ កុំឱ្យ​មាន​បញ្ហា​តទៅ​ទៀត​។

យោង​តាម​ទន្ត​បណ្ឌិត​ហ្គោ​ល​ស្តែ​ន បើ​នាង​វី​ល​សុ​ន​ត្រូវ​ដក​ធ្មេញ​ធម្មជាតិ​ចេញ​ទាំងអស់ ហើយ​ត្រូវ​ដាក់​ជំនួស​ដោយ​ធ្មេញ​សិប្បនិម្មិត​ដោយ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង (implant) មាន​ន័យ​ថា​រាល់​ការ​ចំណាយ​ពេលវេលា និង​ថវិកា​ដើម្បី​ធ្វើ​ធ្មេញ​នៅ​គ្លីនិក​របស់​លោកគ្រូ​ពេទ្យ​រូប​នោះ​នឹង​ក្លាយជា​រឿង​អសារ​ឥត​ការ​។ ក្រៅពី​ចំណាយ​លុយ​លើ​ការ​ព្យាបាល​ធ្មេញ នាង​វី​ល​សុ​ន​ប្រាប់​ថា​នាង​ត្រូវ​ទ្រាំ​ឈឺចាប់​នឹង​មុខរបួស​, ត្រូវ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​, ត្រូវ​ខូច​ទម្រង់​ថ្គាម និង​មុខ​អស់រលីង​។ ដូច្នេះ នាង​សូម​ប្ដឹង​លោកគ្រូ​ពេទ្យ​ខេ​វី​ន ម៉ូ​ល​ដ្រេ​ម (Kevin Molldrem) ដើម្បី​ទារប្រាក់​សំណង​ឱ្យ​បាន​យ៉ាងតិច​៥​ម៉ឺន​ដុល្លារ​ទើប​នាង​សុខចិត្ត​៕ (ប្រភព​៖ Associated Press, CNN និង​ប្រភព​ដទៃ​ទៀត)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ