ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក រតនៈ ពិសិដ្ឋ សប្បាយ​ស្ទើរ​ហោះ ក្រោយ​​ជួប​អតីត​តារា​សម្តែង សុខ ស្រី​មុំ ដោយ​ចៃដន្យ

4 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​លោក រតនៈ ពិសិដ្ឋ បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ​ស្ទើរតែ​ចង់​ហោះ ក្រោយ​ពេល​ដែល​លោក​បាន​ជួប​អតីត​តារា​សម្តែង​ជើង​ចាស់​កាលពី​ទសវត្សរ៍​ឆ្នាំ​៨០ និង​ឆ្នាំ​៩០ គឺ​អ្នក​នាង សុខ ស្រី​មុំ ដោយ​ចៃដន្យ​នៅ​លើ​ទឹកដី​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក រតនៈ ពិសិដ្ឋ បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ​ស្ទើរតែ​ចង់​ហោះ ក្រោយ​ពេល​ដែល​លោក​បាន​ជួប​អតីត​តារា​សម្តែង​ជើង​ចាស់​កាលពី​ទសវត្សរ៍​ឆ្នាំ​៨០ និង​ឆ្នាំ​៩០ គឺ​អ្នក​នាង សុខ ស្រី​មុំ ដោយ​ចៃដន្យ​នៅ​លើ​ទឹកដីសហ​រដ្ឋ​​អា​មេ​រិ​ក ទី​ដែល​លោក​កំពុង​សម្តែង​ឲ្យ​បងប្អូន​ខ្មែរ​សប្បាយ​នៅ​ទីនោះ ។

នៅ​ក្នុង​ជំនួប​នោះ ក្រៅពី​ការ​ថតរូប​ជុំ​គ្នា​ជាមួយ​អ្នក​នាង សុខ ស្រី​មុំ រួច​ហើយ លោក រតនៈ វិសិដ្ឋ ក៏​បាន​សួរនាំ​ពី​សុខទុក្ខ និង​ការ​លើក​សរសើរ​អំពី​រូប​សម្រស់​របស់​អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​រូប​នេះ ជាមួយនឹង​ភាព​សប្បាយ​រីករាយ​ផង​ដែរ ។

តាម​រយៈ​វី​ដេ​ឃ្លី​ប​ខ្លី​មួយ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​ជំនួប​នោះ តារា​សម្តែង​លោក រតនៈ វិសិដ្ឋ បាន​លើក​ឡើង​ថា «​លោក​ពិតជា​សប្បាយ​រីករាយ និង​រំភើប​ជា​ខ្លាំង ដោយសារ​លោក​មិន​នឹក​ដល់​ស្មានថា បាន​ជួប​អ្នក​នាង សុខ ស្រី​មុំ ដោយ​ចៃដន្យ​នា​ពេល​នេះ​»​។

លោក​បញ្ជាក់​ថា «​អ្នក​នាង សុខ ស្រី​មុំ នៅ​តែ​ស្រស់​ស្អាត ហើយ​អ្នក​នាង គឺជា​និមិត្តរូប (Idol) របស់​លោក​តាំងពី​លោក​នៅ​ក្មេង​ៗ​មក​ម្ល៉េះ​។ ហើយ​រហូត​មក​ទល់​នា​ពេល​នេះ រូប​លោក និង​ទស្សនិកជន​ក្នុងស្រុក​ខ្មែរ នៅ​តែ​ចង​ចាំ​មុខ​អ្នក​នាង​ដដែល​»​។

ដោយឡែក ក្នុង​ជំនួប​នោះ​ដែរ លោក រតនៈ វិសិដ្ឋ ក៏​បាន​សួរនាំ​ទៅ​កាន់​អ្នក​នាង សុខ ស្រី​មុំ ថា «​តើ​អ្នក​នាង​មាន​គម្រោង​ទៅ​លេង​ស្រុក​ខ្មែរ​ឬ​អត់?​»​។ ពេល​នោះ អតីត​តារា​សម្តែង​រូប​នេះ​បាន​បញ្ជាក់​ថា «​អ្នក​នាង​គ្រោង​ទៅ​លេង​ស្រុក​នា​ឆ្នាំ​ក្រោយ ខណៈ​ពេល​ដែល​អ្នកស្រី ក៏​ធ្លាប់​មក​ស្រុក​ខ្មែរ​ម្តង​កាលពី​អំឡុង​ឆ្នាំ​២០០៧​ដែរ​» ។

ជា​ការ​កត់សម្គាល់ អ្នក​នាង សុខ ស្រី​មុំ គឺជា​អតីត​តារាភាពយន្ត​ដ៏​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ចុង​ទសវត្សរ៍​ទី​៨០ និង​ទសវត្សរ៍​ទី​៩០ ហើយ​អ្នក​នាង​មាន​ទេព​កោសល្យ​សម្ដែង​យ៉ាង​សាក​សម​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ឈុត​ក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរ​ឱ្យ​ស្ញើ​ច​សរសើរ​។

អ្នក​នាង សុខ ស្រី​មុំ គឺជា​កូន​ទី​៤ ក្នុង​ចំណោម​បងប្អូន​ចំនួន​៦​នាក់ ។ ហើយ​មុន​ពេល​ចាប់​អាជីព​ជា​តារា​សម្ដែង​ភាពយន្ត អ្នក​នាង សុខ ស្រី​មុំ មាន​អតីតភាព​ជា​អ្នកលក់​បារី នៅ​ត្រង់​ម្ដុំ​អតីត​រោងកុន «​ឋានសួគ៌​» (​ផ្លូវ​កម្ពុជា​ក្រោម​) ជិត​សាលា​បាក់​ទូក ។ អ្នក​នាង បាន​ចូល​ប្រឡូក​សិល្បៈ​ភាពយន្ត​នៅ​ឆ្នាំ​១៩៨៩ រួម​ជំនាន់​ស្របាល​គ្នា​ជាមួយនឹង​អ្នកស្រី អម្ពរ​ទេវី ,​អ្នកស្រី ចាន់ តារា​ទី​, អ្នកស្រី អ៊ុំ សុវណ្ណ​នី​, អ្នកស្រី ចាន់ សេរី​រ័​ត្ន និង​អ្នកស្រី ឯក អមរា ជាដើម​។

ចំពោះ​ស្នាដៃ​ដំបូង​ដែល​អ្នក​នាង សុខ ស្រី​មុំ ចាប់ផ្ដើម​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ និង​ធ្វើ​ឱ្យ​ទស្សនិក​ជន​ស្គាល់​ច្បាស់​នោះ គឺ​រឿង «​កាត់​បេះដូង​ដើម្បី​បង​» រួម​សម្ដែង​ជាមួយ​តួឯក​ប្រុស គឺ​លោក សម តារា​។ អ្នក​នាង ក៏​ធ្លាប់​រួម​សម្ដែង​ភាពយន្ត​ជាមួយ​តួ​ប្រុស​ជា​ច្រើន​កាលពី​ជំនាន់​នោះ​ដែរ ដូច​ជា ៖ លោក​ទេព រិ​ន្ទ​ដា​រ៉ូ​, លោក សម តារា​, លោក ខៃ ប្រសិទ្ធ​, លោក ពេជ្រ ភិ​រុណ​, លោក យស បូ​វណ្ណៈ និង​លោក សុវណ្ណ មុនី ជាដើម​។

អ្នក​នាង សុខ ស្រី​មុំ បាន​ចាក​ចេញពី​មាតុភូមិ​ទៅ​រស់នៅ​ទឹកដី​សហរដ្ឋអាមេរិក​កាលពី​ខែកញ្ញា ឆ្នាំ​១៩៩៤ រួម​ដំណើរ​ជាមួយ​លោក យស បូ​វណ្ណៈ និង​សិល្បករ​មួយ​ចំនួន​ទៀត​។ នៅ​ទីនោះ ដំបូង​ឡើយ អ្នក​នាង​ចេញ​ច្រៀង ក្រោយមក​ទើប​មាន​គេ​ទាក់ទង​ឱ្យ​សម្ដែង​ជា​ចម្រៀង​កាយវិការ​តែ​ម្ដង​។ ក្រៅពី​នេះ អ្នក​នាង​ត្រូវ​ប្រកប​មុខរបរ​ផ្សេង​ទៀត​បន្ថែម​លើ​អាជីព​សិល្បៈ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​។

ក្រោយមក អ្នក​នាង សុខ ស្រី​មុំ បាន​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ដំបូង​ជាមួយ​លោក ខៃ ចាន់​តារា ហៅ អ៊ួ​ក នៅ​ឆ្នាំ​១៩៩៣ ប៉ុន្ដែ​ពួក​គេ​ទាំង​២​នាក់​ក៏​បាន​លែងលះ​គ្នា​វិញ ក្រោយ​ពី​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​បាន​ប៉ុន្មាន​ឆ្នាំ ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់ ។ លុះ​នៅ​ឆ្នាំ​២០០០ អ្នក​នាង ក៏​បាន​ជួប​ជាមួយ​ស្វាមី​ក្រោយ ដែល​ជា​ជនបរទេស ហើយ​មាន​អាជីព​ជា​ផលិតករ​ភាពយន្ដ​នៅ​សហរដ្ឋអាមេរិក​តែ​ម្ដង​។ ហើយ​សព្វ​ថ្ងៃនេះ អ្នក​នាង សុខ ស្រ​មុំ កំពុង​តែ​រស់នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក ដែល​គិត​មក​ដល់​ពេល​នេះ គឺ​អ្នក​នាង​មាន​វ័យ​ប្រមាណ​៥០​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ