ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត វល្លិ​ក សម្រេច​ផ្អាក​ថត​រឿង​ភាគ​មួយ​រយៈ ដោយសារ​មូលហេតុ​សំខាន់​មួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង វល្លិ​ក បាន​សម្រេច​ផ្អាក​ការងារ​ថត​ភាពយន្ត​ភាគ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​មួយ​រយៈ ដោយសារ​តែ​នាង​ត្រូវ​ងាក​ទៅ​ពង្រឹង​ការងារ​រកស៊ី​ផ្ទាល់ខ្លួន​របស់​នាង ដែល​ទើប​តែ​ចាប់ផ្តើម​ដំណើរការ ។ ជំនួញ​ថ្មី​មួយ​នេះ គឺជា​ហេតុផល​ធ្វើ​អោយ​ស្រី​ស្អាត

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង វល្លិ​ក បាន​សម្រេច​ផ្អាក​ការងារ​ថត​ភាពយន្ត​ភាគ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​មួយ​រយៈ ដោយសារ​តែ​នាង​ត្រូវ​ងាក​ទៅ​ពង្រឹង​ការងារ​រកស៊ី​ផ្ទាល់ខ្លួន​របស់​នាង ដែល​ទើប​តែ​ចាប់ផ្តើម​ដំណើរការ ។ ជំនួញ​ថ្មី​មួយ​នេះ គឺជា​ហេតុផល​ធ្វើ​អោយ​ស្រី​ស្អាត វល្លិ​ក ពិបាក​ក្នុង​ការ​បែងចែក​ពេលវេលា ខណៈ​ពេល​ដែល​នាង​ត្រូវ​ចាំបាច់​យក​ពេលវេលា​អោយ​ច្រើន​ទៅ​លើ​ការ​ពង្រឹង​មុខរបរ​ថ្មី​របស់​នាង ។

តារា​សម្តែង​សាច់​.​សខ្ចី ផា​ន់ មិ​នា ហៅ វល្លិ​ក បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​ដោយសារ​នាង​ត្រូវ​ទុក​ពេលវេលា​អោយ​បាន​ច្រើន​ទៅ​លើ​មុខរបរ​រកស៊ី​នៅ​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​នោះ នាង​ក៏​សម្រេចចិត្ត​ផ្អាក​ការ​សម្តែង​រឿង​ភាគ​មួយ​រយៈ​សិន​»​។

នាង​បញ្ជាក់​ថា «​សម្រាប់​រឿង​ភាគ​ចុង​ក្រោយ​ដែល​នាង​សម្តែង​នោះ គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍ PNN ឆាប់​ៗ​នេះ មុន​ពេល​ដែល​នាង​ត្រូវ​ផ្អាក​មួយ​រយៈ​ទៅ​លើ​ការងារ​សម្តែង​នេះ​»​។

នាង​បន្ត​ថា «​ការងារ​រកស៊ី​ថ្មី​នេះ នាង​ពិតជា​ការ​មមាញឹក​ខ្លាំង ហេតុនេះ​ហើយ​នាង​ត្រូវ​បែងចែក​ពេលវេលា ដោយ​នាង​អាច​ទៅ​ណា​បាន​គឺ​ទៅ​នឹង ប៉ុន្តែ​សម្រាប់​ការងារ​ថត​រឿង​ភាគ គឺ​នាង​សម្រេច​ផ្អាក​មួយ​រយៈ​សិន​»​។

ដោយឡែក​សម្រាប់​ការ​ចូលរួម​ប្រឡង​កម្មវិធី «Miss Grand Cambidia» នា​ឆ្នាំ​នេះ តារា​ស្រី​រូប​នេះ បាន​អះអាង​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​នាង​អាច​ចែក​វេលា​បាន ព្រោះ​កម្មវិធី​ប្រកួត​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ វា​មិនសូវ​ជា​មមាញឹក​ខ្លាំង​ដែរ ប៉ុន្តែ​សម្រាប់​ការងារ​ថត​នោះ គឺ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​ជាង​នេះ​»​។

ចំណែក​ការ​ចូលរួម​ប្រកួត​កម្មវិធី​ខាងលើ ត្រូវ​បាន​តារា​ស្រី​រូប​នេះ បញ្ជាក់​ឱ្យ​ដឹង​ថា «​នេះ​ជា​លើក​ទី​១​ហើយ ដែល​នាង​ចូលរួម​ប្រកួត​ទៅ​លើ​ផ្នែក​បវរកញ្ញា ក្នុង​ពេល​ដែល​នាង​ក៏​ចង់​សាក​សមត្ថភាព​លើ​វិ​ថី​មួយ​នេះ​ដែរ​»​។

ស្រី​ស្អាត វល្លិ​ក បញ្ជាក់​ទៀត​ថា «​គោលបំណង​ដែល​នាង​ចូលរួម​ប្រកួត​កម្មវិធី​ខាងលើ​នេះ គឺ​ចង់​បញ្ចេញ​សមត្ថភាព​ខ្លួន​ដែល​មាន ហើយ​ក៏​ចង់​ចាប់​អាជីព​មួយ​នេះ​បន្ថែម​ទៀត​ដែរ ដោយសារ​កន្លង​មក នាង​ក៏​ធ្លាប់​រៀនសូត្រ​បញ្ចប់​លើ​ផ្នែក​ដើរ​ម៉ូត​នេះ​ដែរ​»​។

នាង​បន្ថែម​ថា «​កន្លង​មក នាង​ក៏​មានចិត្ត​ស្រឡាញ់​លើ​អាជីព​ដើរ​ម៉ូត​នេះ​ដែរ ប៉ុន្តែ​ដោយសារ​នាង​ត្រូវ​ជាប់​ថត ទើប​ដាច់​ពី​ការងារ​នេះ​មួយ​រយៈ តែ​ពេល​នេះ​នាង​សម្រេច​ផ្អាក​ការ​សម្តែង​សិន ដោយ​ងាក​ទៅ​រក​អាជីព​ដើរ​ម៉ូត​វិញ តាម​រយៈ​ការ​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ខាងលើ​នេះ​»​។

នាង​បញ្ជាក់​ថា «​សម្រាប់​កម្មវិធី Miss Grand នេះ បច្ចុប្បន្ន​នៅ​ស្រុក​ខ្មែរ​យើង គឺ​មានការ​ផ្ទុះ​ខ្លាំង ហើយ​បេ​ក្ខ​នារី​ដែល​ជាប់ Top នៅ​ក្នុង​កម្មវិធី គឺ​ចេញ​មក​ខ្លាំង ហើយនឹង​មានការ​ងារ​ច្រើន​។ កម្មវិធី​នេះ​ទៀត​សោត ក៏​ឈាន​ដល់​ឆាក​អន្តរជាតិ ដែល​ផ្តល់​ឱកាស​អោយ​យើង​អាច​បញ្ចេញ​នូវ​សមត្ថភាព​ដែល​មាន​បង្ហាញ​បរទេស​អោយ​បានដឹង​ថា ស្ត្រី​កម្ពុជា​ពិតជា​មាន​សមត្ថភាព​អាច​ធ្វើ​បាន រួម​ទាំង​មាន​រូប​សម្រស់​ស្រស់​ស្អាត​ផង​ដែរ​» ។

បើ​តាម​ស្រី​ស្អាត វល្លិ​ក បន្ត​ថា «​សម្រាប់​ការ​ចូលរួម​ប្រកួត​កម្មវិធី Miss Grand នា​ឆ្នាំ​នេះ គឺ​នាង​បាន​ដាក់​ការ​សង្ឃឹម​ច្រើន​សម្រាប់​ភាព​ជោគជ័យ ព្រោះ​នាង​អាច​ដឹង​ពី​សមត្ថភាព​របស់​នាង​ផ្ទាល់​មុន​ពេល​ដាក់​ពាក្យ​ប្រឡង ខណៈ​ពេល​ដែល​នាង​ក៏​ទើបតែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផង​ដែរ​»​។

ស្រី​ស្អាត វល្លិ​ក បន្ត​ទៀត​ថា «​ទោះបីជា​យ៉ាង​ក៏​ដោយ ប្រសិនបើ​ការ​ប្រកួត​នេះ នាង​មិន​ទទួល​បាន​ជោគជ័យ​ទេ​នោះ នាង​ក៏​មិនតូច​ចិត្ត ឬ​អស់សង្ឃឹម​អ្វី​ឡើយ ព្រោះ​នេះ​ចាត់​ទុក​ថា ជា​លើក​ដំបូង​សម្រាប់​នាង ហើយ​នាង​ក៏​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​លើ​វិស័យ​មួយ​នេះ ខណៈ​ពេល​ដែល​នាង​នឹង​អាច​ស្វែងរក​ឱកាស​សម្រាប់​ការ​ចូលរួម​ប្រកួត​លើក​ក្រោយ​ៗ​ទៀត​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ