រាជធានីភ្នំពេញ ៖ កូនប្រុសតារាកំប្លែងនាយ វាំង ឌឺ បានបង្ហាញមហិច្ឆតាចង់ក្លាយជាតារាកំប្លែងស្នងពីឪពុករបស់ខ្លួន ដែលធ្លាប់មានឈ្មោះល្បីល្បាញ បន្ទាប់ពីលោកត្រូវបានគេផ្តល់ឱកាសសាកល្បងសម្តែងជាលើកដំបូង នៅក្នុងវីដេឃ្លីបមួយ ដែលត្រូវគេផ្សព្វផ្សាយតាមបណ្តាញសង្គម។

លោក យិន ភីដេត បច្ចុប្បន្នមានវ័យ២៨ឆ្នាំ ដែលត្រូវជាកូនប្រុសតែមួយ ក្នុងចំណោមកូន២នាក់របស់តារាកំប្លែងនាយ វាំង ឌឺ កំពុងតែប្រឹងប្រែងបញ្ជ្រាបខ្លួនចូលក្នុងវិស័យសិល្បៈជាតារាកំប្លែង ក្នុងគោលដៅបន្តអាជីពមួយនេះពីឪពុករបស់លោក បន្ទាប់ពីឪពុករបស់លោកបានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

លោក យិន ភីដេត ឬឈ្មោះក្នុងអាជីពសម្តែងហៅថា នាយ វាំង ដេត ហៅនាយ ៤២ បានអះអាងប្រាប់កោះសន្តិភាពឱ្យដឹងថា «លោកត្រូវបានតារាកំប្លែង និងជាអ្នកថតម្នាក់ បានហៅមកសាកល្បងសម្តែងជាមួយរៀមច្បងអ្នកសិល្បៈមួយចំនួនទៀត នៅក្នុងភាពយន្តមួយ»។

លោកបញ្ជាក់ថា «ការថតលើកដំបូងនេះ លោកមានចិត្តត្រេកអរ និងលាយឡំដោយការភ័យផងដែរ ព្រោះនេះជាលើកដំបូង ដោយលោកមិនធ្លាប់មានបទពិសោធន៍លើការសម្តែងនេះពីមុនមកទេ»។ លោកបញ្ជាក់បន្តថា «មិនធ្លាប់សម្តែងពីមុន លោកយល់ពីសមត្ថភាពខ្លួនឯងនៅស្ទើរច្រើន ដោយលោកធ្វើមិនសូវបានល្អ ដូចរៀមច្បងសិល្បៈចាស់ៗនោះឡើយ»។

យ៉ាងណាបើតាមនាយ វាំងដេត បន្តថា «ប្រសិនបើទៅថ្ងៃអនាគត លោកអាចសម្តែងបានជាមួយរៀមច្បងចាស់ៗ បូករួមទាំងការជួយបង្ហាត់បង្ហាញពីពួកគាត់ផងនោះ លោកសង្ឃឹមថានឹងអាចឈានដល់កម្រិតសម្តែងប្រមាណ៧០ទៅ៨០ភាគរយពីឪពុកលោក គឺនាយ វាំង ឌឺ»។
លោកថា «លោកនឹងខិតខំហ្វឹកហាត់ខ្លួនឯងបន្ថែមទៀត ហើយសម្រាប់ថ្ងៃអនាគត លោកចង់ក្លាយជាតារាចម្រៀង និងតារាកំប្លែងដូចជាឪពុករបស់លោកផងដែរ»។ លោកបញ្ជាក់ថា «អាជីពសម្តែង ជាពិសេសតារាកំប្លែង គឺលោកមានការចូលចិត្តតាំងពីក្មេង ព្រោះលោកតែងតែគិតថា ប្រសិនបើអាជីពមួយនេះឆ្ពោះទៅមុខ ហើយមានភាពល្បីល្បាញដូចជាឪពុករបស់លោកនោះ យើងនឹងអាចមានចំណូលមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពបានល្អប្រសើរ»។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន នាយ វាំង ដេត គឺកូនកំព្រារស់នៅតែម្នាក់ឯង ដោយក្រោយពីឪពុកលោកនាយ វាំង ឌឺ បានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំមកនោះ ម្តាយនិងប្អូនស្រីរបស់លោកក៏ទទួលមរណភាពជាបន្តបន្ទាប់ផងដែរ ។
ជាការកត់សម្គាល់ នាយ វាំង ឌឺ គឺជាតារាកំប្លែងដ៏ល្បីល្បាញមួយរូប ដោយសារស្ទីលសម្តែងកំប្លែងរបស់លោកប្លែកខុសគេ គឺការនិយាយត្រាប់តាមភាសាបងប្អូនខ្មែរកម្ពុជាក្រោម។ លោកបានទទួលមរណភាពអំឡុងឆ្នាំ២០០២ ដោយសារជំងឹរលាកសួត និងថ្លើមធ្ងន់ធ្ងរ ក្រោយពីលោកធ្លាក់ខ្លួនឈឺត្រឹមរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ ខណៈពេលក្នុងជីវិតគ្រួសារលោក គឺមានកូនចំនួន២នាក់ គឺប្រុសម្នាក់ និងស្រីម្នាក់៕






ចែករំលែកព័តមាននេះ