រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ផ្តល់អនុសាសន៍ចំនួន ១០ ចំណុច ទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ ត្រីភាគីថ្នាក់ជាតិស្ដីពី «ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» ជាមូលដ្ឋានគ្រឹះក៏ដូចជាធាតុចូល សម្រាប់អង្គសិក្ខាសាលា សម្រាប់កិច្ចពិភាក្សា ដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជា ។

អនុសាសន៍ទាំង ១០ នេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី “ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨” ដែលប្រារព្ឋនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីលោក Oktavianto Pasaribu នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងលោកសំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព សម្រាប់កម្មវិធីការងារសមរម្យ ប្រចាំនៅកម្ពុជា(NTUC) និងលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ។

អនុសាសន៍ទាំង ១០ ចំណុចនោះ រួមមាន៖ ១, ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើប្រសិទ្ធភាពការងាររបស់ប្រតិបត្តិកររបស់ក្រសួង។ ទី២, ការបង្កើតអនុឡោមភាពលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព(OSH)។ ទី៣, ការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ (ក្រុមប្រឹក្សាអាជ្ញាកណ្តាល)។ ទី៤, ការពង្រីកវិសាលភាពបេឡាសន្តិសុខសង្គម។ ទី៥, ពលករទេសន្តរប្រវេសន៍។ ទី៦, ការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ទី៧, កាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម។ ទី៨, ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅ១,៥លាននាក់។ ទី៩, ការលើកកម្ពស់យេនឌឺ ដល់កម្មករនិយោជិតជាស្ត្រី តាមគោលការណ៍សមធម៌។ ទី១០, ការពង្រឹងយន្តការត្រីភាគី ។

ចំពោះឯកឧត្តមរដ្ឋមន្ត្រី អនុសាសន៍ ១០ ចំណុច នឹងធ្វើឱ្យប្រសើរឡើងនៅវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសដាក់ចេញតាំងពីដើមអាណត្តិ ។

មុននឹងបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី បានរំពឹងទុកថា ការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ស្តីពីការរៀបចំកម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងឈរលើពិភាក្សា ដែលយកឧត្តមប្រយោជន៍របស់កម្មករនិយោជិត ប្រមាណ ១០ លាននាក់នៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់ធាតុចូល ក្នុងផែនការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ