រាជធានីភ្នំពេញ ៖ មហោស្រព «ប្រាំពីរពណ៌» រចនាកម្មវិធីដោយយុវជន៤រូប ដែលមានសាវតាផ្សេងៗគ្នា ដើម្បីតំណាងសំឡេងយុវជន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីផ្សារភ្ជាប់យុវជនទៅនឹងសង្គម តាមរយៈការបង្ហាញស្នាដៃសិល្បៈ កិច្ចពិភាក្សា ការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់យុវជន ក្នុងគោលបំណងលើកកម្ពស់ភាពចម្រុះ និងបរិយាកាសសង្គមប្រកបដោយភាពច្នៃប្រឌិត។
នេះជាលើកទី១ហើយ ដែលសិល្បៈខ្មែរអមតៈ បើកឱកាសឱ្យយុវជនដែលធ្លាប់ស្ម័គ្រចិត្តបម្រើការងារសង្គម និងពុំធ្លាប់មានបទពិសោធន៍ក្នុងសិល្បៈ អាចទទួលបានបទពិសោធន៍ដោយផ្ទាល់ ដោយប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការរចនាកម្មវិធីមហោស្រពសិល្បៈមួយ ដែលរំលេចពីចំណង់ចំណូលចិត្ត និងចក្ខុវិស័យរបស់ពួកគេចំពោះសង្គម។
លោក សុង សេង ដែលជាអ្នកសម្របសម្រួលកម្មវិធី បានបញ្ជាក់ថា «ខ្ញុំកត់សម្គាល់ឃើញថា អ្នករចនាមហោស្រពយើងបានរចនាកម្មវិធីដ៏គួរឱ្យចាប់ចិត្ត ព្រោះមានកម្មវិធីសិល្បៈដ៏សម្បូរបែប ដែលរំលេចពីស្ថានភាពយុវជនបច្ចុប្បន្ន និងអ្វីដែលយុវជនសម្លឹងចង់ឃើញនាពេលអនាគត។ ខ្ញុំយល់ថា នេះជាមូលហេតុដែលធ្វើឱ្យមហោស្រពនេះ មានលក្ខណៈសមស្របសម្រាប់យុវជន ក៏ដូចជាសារធារណជនមកចូលរួម ព្រោះពួកគេនឹងមិនត្រឹមតែទទួលបានការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្វែងយល់អំពីវឌ្ឍនភាព និងទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសិល្បៈ និងសង្គមផងដែរ»។

លោក សុង សេង រំពឹងថា «នៅពេលដែលមហោស្រពមួយនេះបានបញ្ចប់ទៅ យុវជនដែលមកចូលរួមមហោស្រពអាចទទួលចំណេះដឹងបន្ថែមអំពីតួនាទីរបស់ខ្លួន ដើម្បីចូលរួមជ្រោមជ្រែងវិស័យសិល្បៈទៅតាមសក្តានុពលរបស់ខ្លួន»។
ចំណែកលោក ឃឿន កំសត់ ជាយុវជនហាត់ការមកពីខេត្តរតនៈគិរី បានលើកឡើងដែរថា «ការរចនាកម្មវិធីមហោស្រពសិល្បៈ គឺជាបទពិសោធន៍លើកទី១ សម្រាប់លោក ហើយបានធ្វើឱ្យលោកមានភាពស្និទ្ធស្នាលជាមួយសិល្បៈជាច្រើនទម្រង់ ដូចជា ៖ បុរាណ សម័យ និងសហសម័យ ដែលលោកមិនធ្លាប់ស្គាល់ ឬឃើញពីមុនមក»។
លោកបញ្ជាក់ថា «ក្រុមហាត់ការយើងបានច្របាច់គំនិតផ្សេងៗបញ្ចូលគ្នា ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទាក់ទងនឹងបញ្ហាបរិស្ថាន សិទ្ធិមនុស្ស ផ្លូវចិត្តយុវជន ជនជាតិដើមភាគតិច និងរឿងផ្សេងៗទៀត រួចយើងជជែករកចំណុចស្នូលមួយ ដើម្បីបង្ហាញនូវផ្ទាំងទស្សនីយភាពសម្រាប់យុវជនផ្សេងទៀត ឱ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់សិល្បៈ ដើម្បីភ្ជាប់ខ្លួនទៅនឹងសង្គមរបស់យើង។ ដូច្នេះ ខ្ញុំគិតថា យុវជនគួរចាប់យកឱកាសនេះ ដើម្បីពិសោធន៍ខ្លួនជាមួយសិល្បៈចម្រុះ និងក្រេបយកចំណេះដឹងពីសិក្ខាសាលា ក៏ដូចជារីករាយនឹងកម្មវិធីកម្សាន្តផ្សេងៗទៀតដែលមាននៅក្នុងមហោស្រព»។
រីឯកញ្ញា អ៊ុក លីគួយយូ យុវជនហាត់ការម្នាក់ទៀត ដែលមានបទពិសោធន៍តិចតួចទៅលើការរៀបចំកម្មវិធីសិល្បៈ បានរំលឹកឡើងថា «នាងមានចំណាប់អារម្មណ៍ច្រើនជាងមុនទៅលើសិល្បៈ ជាពិសេសភាពយន្តឯកសារ និងទម្រង់សិល្បៈបុរាណ ក៏ដូចជាការគ្រប់គ្រងកម្មវិធី ដែលសុទ្ធតែជាបទពិសោធន៍ថ្មីសន្លាងសម្រាប់នាង»។
នាងបន្ថែមថា «នេះជាឱកាសដ៏ពិសេសមួយសម្រាប់យុវជនក្នុងការទទួលបានបទពិសោធន៍ថ្មី និងជាឱកាស ដើម្បីស្វែងយល់អំពីស្នាដៃសិល្បៈដ៏រស់រវើករបស់សិល្បករកម្ពុជា តាមរយៈការទស្សនាការសម្តែងសិល្បៈចម្រុះ ការជួបជាមួយសិល្បករ និងតន្ត្រីករដ៏មានទេពកោសល្យ។ តាមរយៈការចូលរួមក្នុងមហោស្រពសិល្បៈ ខ្ញុំយល់ថា យុវជនអាចប្រើប្រាស់សិល្បៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងសហគមន៍ដែលពួកគេរស់នៅ ក៏ដូចជាប្រើប្រាស់សិល្បៈជាមធ្យោបាយផ្សះផ្សារផ្លូវចិត្តពួកគេផងដែ»។
កញ្ញា គួយយូ បញ្ជាក់ទៀតថា «មហោស្រព «ប្រាំពីរពណ៌» គឺជាកន្លែងដ៏ពិសេសមួយសម្រាប់យុវជនចូលរួមក្នុងការផ្សព្វផ្សាយ និងលើកស្ទួយវិស័យសិល្បៈខ្លួន ថែមទាំងមានឱកាសប្រើសិទ្ធិសេរីភាព ដើម្បីបង្ហាញអំពីខ្លួនពួកគេដោយបើកចំហ»៕
ចែករំលែកព័តមាននេះ