រាជធានីភ្នំពេញ ៖ កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia ។ ការផលិតនេះ គឺថតកម្មវិធីបែបវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ ។
ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងវប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជា ។
ក្រសួងវប្បធម៌ ក៏ចង់ឱ្យរួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផងដែរ ។
តាមរយៈការថតផ្សាយរបស់កម្មវិធីទូរទស្សន៍ប្រទេសអូស្ត្រាលីនោះ នឹងរួមចំណែកក្នុងការយល់ដឹងផ្នែកវប្បធម៌កម្ពុជាដល់ជនបរទេសមួយកម្រិតផងដែរ ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ