ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​មហាសេដ្ឋី​ពិតមែន តែ​លោក Bill Gates ជិះ​យន្តហោះ​កៅអី​ធម្មតា​! ហេតុ​អ្វី​ទៅ?

6 ខែ មុន

សហរដ្ឋអាមេរិក ៖ បើ​តាម​ការ​អះអាង​របស់​លោក Marc Randolph សហ​ស្ថាបនិក​ក្រុមហ៊ុន Netflix

សហរដ្ឋអាមេរិក ៖ បើ​តាម​ការ​អះអាង​របស់​លោក Marc Randolph សហ​ស្ថាបនិក​ក្រុមហ៊ុន Netflix បាន​ទម្លាយ​ថា ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates បើ​ទោះបីជា​មហាសេដ្ឋី​ចំណាត់ថ្នាក់​ទី ៩ ពិភពលោក ដែល​មាន​លុយ​ចាយ​មិន​អស់​ក៏​ពិតមែន ប៉ុន្តែ​មហាសេដ្ឋី​អា​មេ​រិ​ក​រូប​នេះ ធ្លាប់​ជិះ​យន្តហោះ​កៅអី​ធម្មតា ឬ Economy Class អស់​ជា​ច្រើន​ឆ្នាំ​។

លោក Marc Randolph បាន​បង្ហោះ​សារ​មួយ​ភ្ជាប់​ជាមួយ​រូប​មហាសេដ្ឋី Bill Gates ដែល​កំពុងធ្វើការ​ជាមួយ​កុំព្យូទ័រ​យួរដៃ​ពេល​កំពុង​អង្គុយ​លើ Economy Class នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម X យ៉ាង​ដូច្នេះ​ថា «​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដែល​លោក Bill Gates ធ្លាប់​ជិះ​យន្តហោះ​កៅអី Economy Class មិនមែន​ដោយសារ​គាត់​គ្មាន​លទ្ធភាព​ទិញ​កៅអី First Class នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​គាត់​មិន​បាន​ចាត់​ទុក​វា​ជា​កៅអី​ល្អ​សម្រាប់​តម្លៃ​នោះ​ទេ ដោយ​មាន​តម្លៃ​ថ្លៃ​ជាង ៥ ឬ ៦​ដង ប៉ុន្តែ​គ្រាន់តែ​ទទួល​បាន​កៅអី​ប្រសើរ​ជាង​បន្តិច​ប៉ុណ្ណោះ ខណៈ​ដែល​អ្នក​គ្រប់​គ្នា​ទៅ​ដល់​គោលដៅ​ក្នុង​ពេល​តែ​មួយ​ដូច​គ្នា​»​។

លោក Randolph បាន​បន្ត​ទៀត​ថា «​បើ​ទោះបីជា​លោក Bill Gates មាន​លទ្ធភាព​ទិញ​ឡាន​ទំនើប​ៗ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​គាត់​គ្មាន​បំណង​ទិញ​វា​នោះ​ទេ ព្រោះ​ឡាន Volvo Station Wagon របស់​គាត់​ដំណើរការ​បាន​យ៉ាង​ល្អ​។ ដូច​គ្នា​នេះ ខ្ញុំ​អាច​មាន​លទ្ធភាព​ទិញ​ឡាន​ទំនើប​នៅ​ចំណុច​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ជា​អ្នក​បើកឡាន​ខ្លួនឯង​នោះ​ទេ ហើយ​ខ្ញុំ​មិន​ត្រូវការ​ឡាន Lamborghini ឬ Maserati ។ Volvo Station Wagon ដំណើរការ​បាន​យ៉ាង​ល្អ ហើយ​ខ្ញុំ​មិន​ដែល​ផ្ត​តល់​តម្លៃ​ខុស​គ្នា​ជាមួយនឹង​ឡាន​ផ្សេង​នោះ​ទេ​។ ខ្ញុំ​មិន​ចាំបាច់​ចំណាយ​១​ពាន់​ដុល្លារ​លើ​ស្រាក្រហម​មួយ​ដប សម្រាប់​អាហារ​ពេល​ល្ងាច​នោះ​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ទទួល​បាន​ភាព​រីករាយ​ដូច​គ្នា​ជាមួយនឹង​ស្រាក្រហម​មួយ​ដប​តម្លៃ ៣៥​ដុល្លារ​»​។

សហ​ស្ថាបនិក​ក្រុមហ៊ុន Netflix វ័យ​៦៥​ឆ្នាំ​រូប​នេះ បាន​ផ្តល់​គោល​គំនិត​ដ៏​ពិសេស​មួយ​ថា «​ការ​មាន​លុយ​គ្រប់គ្រាន់​នាំ​មក​នូវ​សុវត្ថិភាព និង​សេរីភាព​។ ដូច្នេះ តើ​ទ្រព្យសម្បត្តិ​ល្អ​សម្រាប់​អ្វី នៅ​ទី​បញ្ចប់? ក្រៅពី​ការ​ផ្តល់​សន្តិសុខ វា​ក៏​ផ្តល់​នូវ​ភាព​បត់បែន​សម្រាប់​ការ​រស់នៅ​ផង​ដែរ​។ បន្ទាប់​ពី​បទ​ពិសោធន៍​ទាំងអស់​ដែល​ខ្ញុំ​ធ្លាប់​មាន អ្វី​ដែល​សំខាន់​បំផុត​ដែល​ខ្ញុំ​បាន​រៀន​អំពី​លុយ​នោះ​គឺ នៅ​ពេល​អ្នកមាន​គ្រប់គ្រាន់ អ្នក​អាច​មាន​ជម្រើស​តិច​ជាង​នេះ ជា​ថ្នូរ​នឹង​ជម្រើស​ដែល​ចំណាយពេល​ច្រើន​។ ហើយ​ការ​ចំណាយពេល​របស់​អ្នក​ធ្វើ​អ្វីមួយ​ដែល​មាន​ន័យ​សម្រាប់​អ្នក នោះ​ពិតជា​មាន​តម្លៃ​ជាង​ឡាន Maserati ទៅ​ទៀត​»​។

ចាប់តាំងពី​ចែករំលែក ការ​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​របស់​លោក Marc Randolph សារ​ដ៏​សំខាន់​នេះ មាន​អ្នក​ចូល​មើល​ដល់ ៣.៩​លាន​ដង និង​ចុច​សញ្ញា​ចូល​ចិត្ត​ជាង ១៣,០០០​ដង ជាមួយនឹង​ការ​បញ្ចេញមតិ​ពី​មហាជន​យ៉ាងច្រើន​។ អ្នក​បញ្ចេញមតិ​ម្នាក់​លើក​ឡើង​ថា «​ទ្រព្យសម្បត្តិ​សម្រាប់​ខ្ញុំ គឺជា​ឱកាស​ក្នុង​ការ​វិនិយោគ​លើ​ស្ថាបនិក និង​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ដែល​ខ្ញុំ​ចង់​ឃើញ​អំពី​ការ​ឈ្នះ ពីព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​ដោះស្រាយ​បញ្ហា​ដែល​ខ្ញុំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​»​។ មតិ​មួយទៀត បាន​ហៅ​សារ​របស់​លោក Randolph ថា ការ​បញ្ជាក់​យ៉ាង​ល្អ​ឥត​ខ្ចោះ​។

ទោះ​យ៉ាងណា​ក៏​ដោយ មតិ​មួយ​ចំនួន​មាន​ទស្សនៈ​ខុស​គ្នា​លើ​ការ​បង្ហោះ​របស់​លោក Randolph ដោយ​មួយ​ចំនួន​បាន​លើក​ឡើង​ថា នៅ​ពេល​អ្នក​អង្គុយ​នៅ​កៅអី​កម្រិត និង​តម្លៃ​ជាក់លាក់​ណាមួយ អ្នក​ច្បាស់​ជា​ដឹង​អំពី​ភាព​ខុស​គ្នា​ទាំង​ទំហំ និង​គុណភាព​របស់​វា​៕ (​ប្រភព​ពី NDTV World)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ