អភិរក្សព្រះវិហារចំណាស់មួយអាយុកាលប្រមាណ៩០ឆ្នាំ ជាស្ថាបត្យកម្មដ៏ល្អប្លែក
- សៀមរាប
ខេត្តសៀមរាប ៖ វត្តល្អក់ ឬអារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ទីអារាមនេះមានព្រះវិហារចំណាស់មួយ អាយុកាលប្រមាណ៩០ឆ្នាំ កសាងក្នុងអំឡុងគ្រប់គ្រងវត្តដោយព្រះគ្រូចៅអធិការព្រះនាមដួង ។ នេះបើយោងតាមអក្សរចារិកនៅលើបុស្បុក ក្បែរបល្ល័ង្កព្រះ និងការផ្តល់ព័ត៌មានពីព្រះគ្រូចៅអធិការ បច្ចុប្បន្ន ។

នាពេល ថ្មីៗកន្លងមក បើតាមអាជ្ញាធរជាតិអប្សរា ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារសង់អំពីឥដ្ឋ ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែមនៃជហ្វា បានច្នៃឆ្លាក់ជារូបមុខមនុស្ស ។

ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ ។

បច្ចុប្បន្នព្រះវិហារកំពុងជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃ ដែលជាកេរដំណែលដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឲ្យនៅគង់វង្សជាបន្តទៅទៀត ៕ ដោយ ៖ ស.ភ.រ













ចែករំលែកព័តមាននេះ