ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិមា​ព្រះ​ហរិ​ហរ​រចនាបថ​ភ្នំ​ដា រចនា​ទេព​២​អង្គ​បញ្ចូល​គ្នា

6 ខែ មុន
  • ភ្នំពេញ

​ព្រះ​ហរិ​ហរ ជា​ទេព​ព្រហ្មញ្ញសាសនា កើតឡើង​ពី​ការ​បញ្ចូល​គ្នា​រវាង​ទេព ធំ​ៗ​ចំនួន​២​អង្គ គឺ​ហរិ​ (​ព្រះ​នារាយណ៍​) និង​ហរ​ (​ព្រះ​ឥសូរ​) ជា​និមិត្តរូប​ក្នុង​ការ​បង្រួបបង្រួម

រាជធានី​ភ្នំពេញ ​៖ ​ព្រះ​ហរិ​ហរ ជា​ទេព​ព្រហ្មញ្ញសាសនា កើតឡើង​ពី​ការ​បញ្ចូល​គ្នា​រវាង​ទេព ធំ​ៗ​ចំនួន​២​អង្គ គឺ​ហរិ​ (​ព្រះ​នារាយណ៍​) និង​ហរ​ (​ព្រះ​ឥសូរ​) ជា​និមិត្តរូប​ក្នុង​ការ​បង្រួបបង្រួម​សាវក​ដែល​គោរព​បូជា​ទៅ​លើ​អាទិទេព ធំ​ៗ​ទាំង​ពីរ​អង្គ​នេះ ។

បើ​តាម​ឯកសារ​សារមន្ទីរ​ជាតិ នៅ​ក្នុង​សិល្បៈ​ខ្មែរ ការ​បង្ហាញ​ប្រតិមា​ព្រះ​ហរិ​ហរ​មាន​តាំងពី​សម័យ​មុន​អង្គរ​មក ។ ជាក់ស្តែង​ប្រតិមា​ហរិ​ហរ ដែល​លើកយក​មក​ពណ៌នា​នេះ គឺជា​តឹកតាង​មួយ​បង្ហាញ​អំពី​ទម្រង់​ព្រះ​ហរិ​ហរ​នៅ​ក្នុង​សិល្បៈ​ខ្មែរ ។ បដិមា​អង្គ​នេះ មាន​ប្រភព​មក​ពី​ប្រាសាទភ្នំដា ស្រុក​អង្គរបុរី ខេត្តតាកែវ ស្ថិត​ក្នុង​រចនាបថ​ភ្នំ​ដា នៅ​សតវត្សរ៍​ទី​៦ ។ បច្ចុប្បន្ន​ប្រតិមា​នេះ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​ថែវ​សម័យ​មុន​អង្គរ នៃ​សារមន្ទីរ​ជាតិ​កម្ពុជា ។

ព្រះ​ហរិ​ហរ (​ក​.១៦១៤) បង្ហាញ​ទម្រង់​ព្រះ​ហរិ ស្ថិត​នៅ​ចំហៀង​ខាងឆ្វេង​គ្រង​មកុដ​រាង​បំពង់​តាម​បែប​​រចនាបថ​សម័យ​មុន​អង្គរ ។ រីឯ​ព្រះ​ហរ ស្ថិត​នៅ​ចំហៀង​ខាងស្តាំ លម្អ​ដោយ​ចំណិត​ព្រះចន្ទ្រ​នៅ​លើ​ផ្នួងសក់ ក្រង​ជា​រាង​គូទ​ខ្យង និង​នៅ​លើ​ថ្ងាស​មាន​ព្រះ​នេត្រ​ទី​បី ។

ប្រតិមា​អង្គ​នេះ​មាន​ព្រះ​ហស្ត​៤ ប៉ុន្តែ​បច្ចុប្បន្ន ​នៅ​សល់​តែ​ព្រះ​ហស្ត​ពីរ​ផ្នែក​ខាងក្រោម​ប៉ុណ្ណោះ ដោយ​ព្រះ​ហស្ត​ឆ្វេង​កាន់ដំបង (​កេតនភណ្ឌ​ព្រះ​នារាយណ៍​) និង​ព្រះ​ហស្ត​ស្តាំ​កាន់​ផ្គាំ ឬ​ខ្សែ​អ​ង្គាំ (​កេតនភណ្ឌ​ព្រះ​ឥសូរ​) ។

ដោយឡែក​ព្រះ​ហស្ត​ពីរ​ផ្នែក​ខាងលើ​ឆ្លាក់​ភ្ជាប់​ទៅ​នឹង​អ័ក្ស​រាង​ក្រចកសេះ​នោះ​បាន​បាក់​អស់ហើយ ។ រីឯ​​ដងខ្លួន​លែងខ្លួន​ទទេ ស្លៀកសំពត់​ចងក្បិន​ទម្លាក់​ជាយ​ខាង​មុខ​រាង​កន្ទុយ​ត្រី​ពីរ​ជាន់ ។

ប្រតិមា​ហរិ​ហរ​អង្គ​នេះ​ទើបតែ​ទទួល​បាន​ព្រះ​សិរ​ត្រឡប់​មក​ពី​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គី​មេ​នៃ​ប្រទេស​បារាំង រួច​ភ្ជាប់​គ្នា​ជាមួយ​ដងខ្លួន​វិញ​កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ