រាជធានីភ្នំពេញ ៖ ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស បានធ្វើការឆ្លើយតបទៅកាន់ក្រុមតារាចម្រៀង «ក្មេងខ្មែរ» ដែលបានលើកឡើងនៅលើបណ្តាញសង្គមអំពីការពិបាកសុំច្បាប់ថតនៅមុខប្រាសាទបុរាណខ្មែរ ពីសំណាក់អជ្ញាធរជាតិអប្សរា ។

លោក ប៉ុក បូរក្ស បានលើកឡើងតាមរយៈសំណេរដែលបានសរសេរបង្ហោះនៅលើបណ្តាញ សង្គម បញ្ជាក់ប្រាប់ឱ្យដឹងថា «យោងតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ (MV) ត្រូវសុំការអនុញ្ញាតថតពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:»។

លោកបន្ថែមថា «ការស្នើសុំលិខិតអនុញ្ញាតថត ត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង (ចម្រៀងកាយវិការ) ។ ការផ្តល់លិខិតអនុញ្ញាតថតនេះ នឹងផ្ដល់ជូនរយៈពេល១៥ថ្ងៃ នៃថ្ងៃធ្វើការ (សម្រាប់ភាពយន្ត) និងរយៈពេល៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិកា)។ ពេលទទួលបានលិខិតអនុញ្ញាតថត ផលិតករត្រូវយកលិខិតអនុញ្ញាតថតនេះ ជូនទៅអាជ្ញាធរអប្សរា (ករណីថតនៅតំបន់ប្រាសាទអង្គរ) ដោយបញ្ជាក់ពីទីកន្លែងដែលត្រូវថត ពេលវេលាថត និងសមាសភាពក្រុមការងារ ដើម្បីអាជ្ញាធរជួយសម្រួបសម្រួល»។

យ៉ាងណា បើតាមលោក ប៉ុក បូរក្ស ថា «ការរៀបរាប់ខាងលើនេះ ខ្ញុំមិនសំដៅដល់ការថត Vlog ឬការថតឯកជនផ្សេងៗនោះទេ»។
ជាការកត់សម្គាល់ ការចេញមុខអះអាងពីលោក ប៉ុក បូរក្ស នាពេលនេះ បានធ្វើឡើងជាការឆ្លើយតបទៅកាន់ ក្រុមតារាចម្រៀង «ក្មេងខ្មែរ» ដែលបានបង្ហោះសារជាសាធារណៈនៅលើបណ្ដាញសង្គមថា «ពួកខ្ញុំចង់ថតបទចម្រៀងនៅប្រាសាទ «បឹងមាលា» ហើយត្រូវសុំច្រើនដំណាក់កាល គេថា «ពួកខ្ញុំចង់លួ.ចថត» អត់អន់ចិត្តអីទេ តែមានអ្នកណាជួយក្រុមខ្ញុំបានទេ? ខ្ញុំមានឯកសារគ្រប់គ្រាន់ហើយ»។

ក្រោយពីបានឃើញការបង្ហោះសារខាងលើនេះពីក្រុមក្មេងខ្មែរនោះភ្លាម គេក៏ឃើញមានមហាជនជាច្រើននាំគ្នាសម្តែងការរិះគន់ និងមិនពេញចិត្តចំពោះអាជ្ញាធរពាក់ព័ន្ធ ដែលមិនបានផ្តល់ភាពងាយស្រួលចំពោះរឿងនេះ។ ត្បិតគេយល់ថា ការថតនៅពីមុខប្រាសាទបុរាណខ្មែរនានា ក៏ជាការចូលរួមជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងកម្ពុជាផងដែរ ។

ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើនេះដែរ ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស បានក៏ទម្លាយនូវសារមួយដែលយកប្រភពមកពីឈ្មោះ «យាន រស្មី» ដាក់ជាខមិននៅពីក្រោមអ្វីដែលលោកបានបង្ហោះខាងលើនោះ ដោយបានសរសេររៀបរាប់ថា «តើយើងអាចចាត់ទុកការបង្ហោះនេះជាពាក្យមុសា ឬ មានចេតនាបង្កាច់បង្ខូចឬទេ?។ ថ្ងៃនេះ ខ្ញុំបាននាំសិក្ខាកាមដែលជាមន្ត្រី និងជាបុគ្គលិកជាប់កិច្ចសន្យា នៃអាជ្ញាធរជាតិអប្សរា Apsara National Authority ធ្វើកម្មសិក្សានៅសារមន្ទីរចំនួន៣ នៅទីក្រុងភ្នំពេញ»។

លោក ប៉ុក បូរក្ស បន្តថា «សិក្ខាកាមទាំង២៩រូបនោះ ដឹកនាំដោយលោក សេង សុធារ៉ា ដែលជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ហើយក៏ជាមនុស្សសំខាន់ម្នាក់ក្នុងការសម្រេចអនុញ្ញាត ឬមិនអនុញ្ញាតចំពោះការថតផលិតកម្ម (production) ឬពាណិជ្ជកម្មផ្សេងៗនៅក្នុងបរិវេណ «រមណីយដ្ឋានអង្គរ Angkor Archaeological Park»។ បន្ទាប់ពីអាហារថ្ងៃត្រង់រួច លោក សេង សុធារ៉ា និងខ្ញុំអង្គុយជជែកគ្នាពីនេះពីនោះនៅក្នុងហាងកាហ្វេ នៃសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum – Sosoro រង់ចាំ រហូតដល់ម៉ោង ដើម្បីនឹងបន្តទស្សនកិច្ចសិក្សារបស់យើង។ នាពេលនោះហើយ ដែលខ្ញុំបានឮនូវការសន្ទនារវាងអ្នកតំណាង ក្មេងខ្មែរ – KmengKhmer និង លោក សេង សុធារ៉ា»។

លោក ប៉ុក បូរក្ស បន្តទៀតថា «បើតាមការសន្ទនាដែលខ្ញុំបានឮនឹងត្រចៀក, រួមទាំងព័ត៌មានបញ្ជាក់បន្ថែមមុននេះ ពីមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកខាងភាពយន្តនោះ, ក្រុមការងារ ក្មេងខ្មែរ មិនបានដាក់លិខិតស្នើសុំទៅតាមនីតិវិធី ដែលបានចែកក្នុងអនុក្រឹត្យស្ដីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ឬនីតិវិធីរបស់អាជ្ញាធរជាតិអប្សរានោះទេ ពោលគឺពួកគាត់បានទៅដល់គោលដៅថត ដោយមិនបានសុំការអនុញ្ញាតជាមុន។ ហើយបានហៅលោក សេង សុធារ៉ា ថ្ងៃមិញនេះ ឱ្យជួយអន្តរាគមន៍ បន្ទាប់ពីត្រូវបានឆ្មាំប្រាសាទមិនអនុញ្ញាតឱ្យថត»។

លោក ប៉ុក បូរក្ស បញ្ជាក់ថា «ក្នុងកិច្ចសន្ទនាខាងលើ អ្នកតំណាងនៃក្រុម ក្មេងខ្មែរ បានពោលយ៉ាងដូច្នេះថា «សុំទោសបង ខ្ញុំអត់ដឹងថា ត្រូវស្នើសុំ ធ្វើយ៉ាងម៉េចបើខ្ញុំមកដល់កន្លែងថតហើយ តើបងអាចជួយសម្រួលឱ្យថតសិនបានទេ? ចាំខ្ញុំដំណើរការឯកសារតាមក្រោយ»។ បន្ទាប់មកលោក សេង សុធារ៉ា បានបដិសេធ ហើយស្នើឱ្យធ្វើតាមនីតិវិធី ហើយធានាថានឹងផ្ដល់សេចក្ដីអនុញ្ញាត បន្ទាប់ពីមានលិខិតស្នើសុំ និងឯកសារគ្រប់គ្រាន់»។
លោក ប៉ុក បូរក្ស បញ្ជាក់ទៀតថា «នេះបើខ្ញុំមិនមែនជាសាក្សីក្នុងកិច្ចសន្ទនានេះ ម្ល៉េះខ្ញុំជឿហើយ ស៊ែរ/ ចែកចាយជេ.ររដ្ឋាភិបាល/ មន្ត្រីអាជ្ញាធរជាតិអប្សរាដែរបាត់។ សូមមានក្រមសីលធម៌ និងវិជ្ជាជីវៈចំពោះការធ្វើការ និងការនិយាយស្ដីរបស់ខ្លួន ជាពិសេសនៅពេលដែលយើងជាបុគ្គលដែលមានមនុស្សជាច្រើនយកគំរូតាម»៕









ចែករំលែកព័តមាននេះ