ខេត្តសៀមរាប ៖ ក្រោយមានការកើនឡើងនៃអ្នកជំងឺពីមួយឆ្នាំទៅមួយឆ្នាំ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាននិងកំពុងកែលម្អមន្ទីរពេទ្យ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ឱ្យកាន់តែល្អប្រសើរ និងពង្រីកវិសាលភាពទៅក្នុងស្រុកចំនួន ៤ បន្ថែមទៀត ក្នុងខេត្តសៀមរាប ។

ក្រោមគម្រោង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នេះគឺជាជំនួយឥតសំណង ពីប្រជាជនជប៉ុន ដែលជានិមិត្តរួប នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជប៉ុននិងព្រះរាជាណាចក្រកម្ពុជា ។

យោងតាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ នេះថា ជាលើកទីមួយដែលយើងបានខិតខំប្រឹងប្រែង សហការគ្នាក្នុងគម្រោងមួយនេះ ក្រោយមានការកើនឡើងអ្នកជំងឺជារៀងរាល់ឆ្នាំ ។ គម្រោងនេះបានប្រើប្រាស់ថវិកាសរុបប្រមាណជាជាង ១៩ លានដុល្លារអាមេរិក ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បានបន្តថា ៖ «ក្រោយយើងឃើញថា កាន់តែមានការកើនឡើងនៃអ្នកជំងឺ ហើយអ្នកជំងឺដែលមកសម្រាកនៅក្នុងមន្ទីរយើងដែលបង់លុយខ្លួនឯង គឺលើសពី ៧០ភាគរយ ក្រៅពីនេះមានខាង ប.ស.ស និងខាងមូលនិធិសមធម៌ ប្រហែលជាជាង ២០ ភាគរយ ដោយសារសេវានៅក្នុងមន្ទីរពេទ្យយើងនេះយកថោកជាងឯកជន ប៉ុន្តែការផ្តល់ការព្យាបាល ការវះកាត់ និងរបៀបបច្ចេកទេស ឯកទេសយើងមាន ក៏ព្រោះថាយើងមានធនធានមនុស្ស ដោយបច្ចុប្បន្នយើងមានអ្នកឯកទេសចំនួន៣៩នាក់ ។ វេជ្ជបណ្ឌិតបានចប់ពីប្រទេសបារាំង វេជ្ជបណ្ឌិតខ្លះមកពីកូរ៉េ និងខាងសាលាយើងនៅទៅក្រុងភ្នំពេញ ។ ហើយវេជ្ជបណ្ឌិត ៩០ ភាគរយជាអ្នកសៀមរាបតែម្តង» ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បញ្ជាក់ថា អ្នកជំងឺទាំងអស់ដែលមកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកយើង គឺនឹងទទួលបានការព្យាបាល និងយកចិត្តទុកដាក់ស្មើរៗគ្នា មិនថា អ្នកជំងឺនៅលើគ្រែ ឬនៅលើឥដ្ឋការ៉ូនោះទេ ។
សូមជម្រាបថា តាមរយៈគម្រោងមានដូចជា ការសាងសង់អគារមន្ទីពេទ្យបង្អែកខេត្តសៀមរាប ដែលមានផ្ទៃដីសរុបគឺ ៨៤៥៨.៦៣ ម៉ែត្រការ៉េ ដែលមានកម្ពស់ ៤ ជាន់ និងមានគ្រែចំនួន ២២៦ គ្រែ និងមានបន្ទប់សម្រាកថ្មីរួមមាន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពរោគវិនិច្ឆ័យ ផ្នែកជំងឺក្រៅទូទៅ ផ្នែកវះកាត់ ផ្នែក ICU ផ្នែកសម្លាប់មេរោគ និងផ្នែកវះកាត់ ។ ចំណែកគ្រឿងបរិក្ខា និងត្រូវបំពាក់ក្នុងមន្ទីរពេទ្យបង្អែកថ្មីនេះផង និងមន្ទីរពេទ្យស្រុកចំនួនបួនទៀត (ក្រឡាញ់ អង្គរជុំ សូទ្រនិគម និងពួក) រួមមាន ៖ ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូ ម៉ូនីទ័រអ្នកជម្ងឺ បរិក្ខារសម្រាប់ប្រតិបត្តិការក្នុងការថតជាដើម ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត បន្ថែមថា ដោយឡែកមន្ទីរពេទ្យបង្អែកមានគ្រែ សម្រាប់អ្នកជំងឺចំនួន ៣៧០ គ្រែ រួចមកហើយ និងបន្ថែមគ្រែដែលជាគម្រោងរបស់មន្ទីរពេទ្យថ្មីនេះទៀត ដូចនេះយើងមានគ្រែសម្រាប់អ្នកជំងឺសរុប ៥៩៦ គ្រែ ។

គួរបញ្ជាក់ផងដែរថា ក្រោយចំនួនអ្នកជំងឺដែលទទួលរងពីរបួសគ្រោះថ្នាក់ចរាចរណ៍ និងជំងឺមិនឆ្លងកំពុងកើនឡើង ដូចនេះមន្ទីរពេទ្យមិនអាចបំពេញតម្រូវការ វេជ្ជសាស្ត្របានគ្រប់គ្រាន់នោះទេ ក៏ព្រោះថាដោយសារអគារចាស់ ដែលសាងសង់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និងកង្វះឧបករណ៍វេជ្ជសាស្ត្រ ។ លើសពីនេះ ការខ្វះខាតសម្ភារបរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យស្រុកក្នុងខេត្តសៀមរាប បានធ្វើឱ្យមានការប្រមូលផ្តុំអ្នកជំងឺច្រើននៅមន្ទីរពេទ្យខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ