ទំនាក់ទំនងរវាងព្រះឥន្ទ្រ និងទឹកភ្លៀង
ព្រះឥន្ទ្រ គឺជាអាទិទេព គ្រប់គ្រងលើទេពនិករផ្សេងៗលើឋានសួគ៌ ។ ព្រះអង្គ ក៏មានតួនាទីជាទេពខាងចម្បាំង ជាអ្នកបង្អុរទឹកភ្លៀង និងជាទេពប្រចាំទិសខាងកើត ។
បើតាមឯកសារសារមន្ទីរជាតិ នៅក្នុងសិល្បៈខ្មែរ ការបង្ហាញទម្រង់ព្រះឥន្ទ្រ ជានិច្ចកាលតែងតែឆ្លាក់គង់នៅលើយាន្តជំនិះរបស់ព្រះអង្គ គឺដំរីក្បាលបី ដែលមានឈ្មោះថា «ឰរាវត» ។ កេតនភណ្ឌ របស់ព្រះអង្គ មានដូចជា ៖ គ្រា.ប់រន្ទះ(វជ្រ), ស័ង្ខ, ធ្នូ , ព្រួញ និងផ្លែសន្ទូច ។ ក្នុងបរិបទជំនឿខ្មែរនិយមគោរពប្រតិបត្តិព្រះឥន្ទ្រ តាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន ដ្បិតគេឃើញមានរូបចម្លាក់បង្ហាញអំពីវត្តមានរបស់ព្រះឥន្ទ្រនៅតាមប្រាសាទ ក៏ដូចជា គំនូរនៅតាមវត្តអារាមនានា ។

មានទេវកថាមួយចំនួន បានតំណាលទាក់ទងនឹងព្រះឥន្ទ្រ ថា ៖ មានអសុរឈ្មោះ «វ្រិត្ត្រ» ប្រមូលទឹកយកទៅទុក ធ្វើឲ្យកើតគ្រោះរាំងស្ងួតនៅលើផែនដី ។ ដោយយល់ហេតុខាងលើនេះ ទើបព្រះឥន្ទ្រ ទ្រង់យកគ្រា.ប់រន្ទះចោលទៅអសុរនោះ បង្កើតបានជាផ្លេកបន្ទោរ ហើយភ្លៀងក៏បង្អុរធ្លាក់ចុះមក ។ ឈុតឆាកត្រង់ព្រះឥន្ទ្រ គង់លើដំរីក្បាលបី ចោលគ្រាប់រន្ទះទៅអសុរៈនេះ តែងតែនិយមបង្ហាញនៅលើហោជាង និងផ្តែរប្រាសាទខ្មែរសម័យអង្គរ ។

ជាក់ស្តែង តាមរយៈសមុច្ច័យសារមន្ទីរជាតិកម្ពុជា មានផ្តែរប្រាសាទ (ក.1663) មានប្រភពមកពីខេត្តបាត់ដំបង ស្ថិតក្នុងសម័យអង្គរ និងផ្តែរប្រាសាទ (ក.2086) មានប្រភពមកពីវត្តបទុមបុប្ផារាម (វត្តខ្នារ) ស្ថិតក្នុងភូមិខ្នារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្ថិតក្នុងរចនាបថបាខែង ។ សព្វថ្ងៃនេះ ផ្តែរទាំងពីរនេះ កំពុងដាក់តាំងបង្ហាញនៅចន្លោះរបៀងនៃសាលសម័យអង្គរ និងក្រោយសម័យអង្គរ សារមន្ទីរជាតិ ។

ក្រៅអំពីការបង្ហាញចម្លាក់ព្រះឥន្ទ្រចោលគ្រា.ប់រន្ទះនៅលើផ្តរប្រាសាទ យើងក៏ឃើញមានការបង្ហាញឈុតឆាកនេះ នៅលើហោជាងប្រាសាទនាសម័យអង្គរ ។ ជាក់ស្តែងការបង្ហាញចម្លាក់យ៉ាងរស់រវើក ត្រង់ឈុតព្រះឥន្ទ្រចោលគ្រា.ប់រន្ទះនៅលើហោជាងមួយ នៃប្រាសាទបន្ទាយស្រីនាស.វ.ទី១០នៃគ.ស.។ វត្តមានរបស់រូបព្រះឥន្ទ្រក្នុងសិល្បៈខ្មែរ ជាជំនឿមួយដែលចង់បង្ហាញពីការទាក់ទងជិតស្និទ្ធរវាងទេព និងទឹកភ្លៀង ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ