រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានសម្រេចបួសជាដូនជីរយៈពេល១៥ថ្ងៃ នារដូវបុណ្យភ្ជុំបិណ្ឌដែលចូលមកដល់ ដើម្បីឧទ្ទិសផលបុណ្យទៅកាន់ម្តាយដែលទទួលមរណភាព និងជម្រះនូវកម្មពារទាំងឡាយ ដែលនាងបានជួបប្រទះនាពេលកន្លងមក ។
អ្នកនាង សឿ សុធារ៉ា បានបួសជាដូនជីនៅក្នុងវត្តវិហារត្រាញ់ តាមបណ្តោយផ្លូវជាតិលេខ២ ដែលជាទីកន្លែងធ្វើបុណ្យ និងតម្កល់អដ្ឋិធាតុម្តាយរបស់ខ្លួនដែលបានទទួលមរណៈ ខណៈអំឡុងពេលនោះ ព្រះចៅអធិការវត្តបានជួយជ្រោមជ្រែងទាំងស្រុងសម្រាប់ការធ្វើបុណ្យស.ពម្តាយរបស់នាងងដែរ។

សម្លៀកបំពាក់អាវ.ស សំពត់.ស ក្នុងនាមជាដូនជី អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារជាវីដេអូតាមបណ្តាញសង្គម ដោយបានរៀបរាប់ប្រាប់ឱ្យដឹងថា «អំឡុងពេលនេះ នាងពិតជាមានសេចក្តីជ្រះថ្លា ដោយរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកនាងសម្រេចចិត្តបួសគ្រងសម្លៀកបំពាក់ជាដូនជីរយៈពេល១៥ថ្ងៃ ដោយខុសពីបណ្តាឆ្នាំមុនៗ ដែលនាងតែស្លៀកពាក់ហូលផាភួង និងអាវប៉ាក់ខ្មែរ ទៅធ្វើបុណ្យនៅវត្ត»។
នាងបញ្ជាក់ថា «កាលបួសជាដូនជីនាពេលនេះ គឺធ្វើឡើងចាប់ផ្តើមពីបិណ្ឌ១ រហូតដល់ភ្ជុំបិណ្ឌធំតែម្តង នៅវត្តវិហារត្រាញ់ ដែលព្រះចៅអធិការវត្តនេះ បានជួយធ្វើបុណ្យស.ពម្តាយរបស់នាង។ ហើយនេះ គឺជាការតបស្នងសងគុណរបស់នាងដោយទឹកចិត្តល្អបរិសុទ្ធ ដោយសារនាងមិនដែលនឹកនាក្នុងការបួសជាដូនជី នៅក្នុងឱកាសភ្ជុំបិណ្ឌនេះឡើយ»។
អ្នកនាងបន្តថា «នាងសូមឧទ្ទិសផលបុណ្យដែលនាងបានបួសរយៈពេល១៥ថ្ងៃនេះ ដល់ម្តាយ និងបុព្វការរីជនរបស់នាងទាំងអស់ដែលបានចែកឋានទៅ និងទៅដល់ម្ចាស់បំណុលកម្មពារ មិនថាជាតិមុន ជាតិនេះ ឬជាតិណាៗក្តី កុំឱ្យជួបរឿងដូចជានាង ព្រោះនាងបានជួបរឿងអកុសលជាច្រើន»។

ជាការកត់សម្គាល់ អតីតតារាសម្តែងដ៏ល្បីអ្នកនាង សឿ សុធារ៉ា បានធ្លាក់ខ្លួនដុនដាប ជាមួយការរុំព័ទ្ធទៅដោយបំណុលពេញខ្លួន រហូតគ្មានលុយ សូម្បីតែធ្វើបុណ្យស.ពម្តាយ បន្ទាប់ពីនាងបានបាត់មុខពីវិស័យសិល្បៈរយៈអស់ជាច្រើនឆ្នាំ។
អ្នកនាង សឿ សុធារ៉ា ត្រូវបានកូនតុងទីនបោ.កបន្ត ដែលត្រូវឱ្យនាងបង្ខំចិត្តលក់ទ្រព្យសងគេស្ទើរគ្មានសល់ សូម្បីតែផ្ទះនាងរស់នៅរាល់ថ្ងៃនេះ ក៏ជាផ្ទះឈ្មោះរបស់គេដែរ ដោយសារផ្ទះនេះ ត្រូវនាងបញ្ចាំយកលុយទៅសងធនាគារអស់ហើយ។
ក្រៅពីជួបរឿងខាងលើនេះ អ្នកនាង សឿ សុធារ៉ា ក៏បានចែកផ្លូវគ្នាជាមួយស្វាមី ដែលជាអតីតតារាចម្រៀងលោក សាពូន មីដាដា ហើយបន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់ ឲ្យស្ថិតនៅក្នុងការមើលថែ និងបីបាច់ថែរក្សាពីរូបនាងផ្ទាល់ផងដែរ៕







ចែករំលែកព័តមាននេះ