ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត លឹ​ម សេរី​ហាន់​នី​កា ក្លាយជា​ម្ចាស់​ពាន​កម្មវិធី «The Voice Cambodia» រដូវ​កាល​ទី​៣ ហើយ​(វីដេអូ)

6 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក «The Voice Cambodia» រដូវ​កាល​ទី​៣ បាន​ស្វែងរក​ម្ចាស់​ពាន​ឃើញ​ហើយ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក «The Voice Cambodia» រដូវ​កាល​ទី​៣ បាន​ស្វែងរក​ម្ចាស់​ពាន​ឃើញ​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៣ ម្សិល​ម៉ិ​ញ​នេះ ដោយ​បាន​ទៅ​លើ​បេ​ក្ខ​នារី​វ័យក្មេង លឹ​ម សេរី​ហាន់​នី​កា ដែល​ជា​កូនក្រុម​របស់​តារាចម្រៀង​នាង ពេជ្រ សោភា ។

ស្រី​ស្អាត​វ័យក្មេង លឹ​ម សេរី​ហាន់​នី​កា បាន​ឡើង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​យ៉ាង​ល្អ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទាល់​ស្រែក​ហ៊ោ​គាំទ្រ​យ៉ាង​កងរំពង​តែ​ម្ដង ជា​ពិសេស​នាង​ក៏​ត្រូវ​គណៈកម្ម​ការ (Coach) ៤​រូប លើក​សរសើរ​ផង​ដែរ ដោយនៅ​ក្នុង​នោះ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​លើក​ឡើង​ថា «​លឹ​ម សេរី​ហាន់​នី​កា ធ្វើ​បាន​យ៉ាង​ល្អ ហើយ​ការ​បង្ហាញខ្លួន​នា​ពេល​នេះ ហាក់​មិនមែន​ជា​ការ​ប្រឡង​​ឡើយ ពោល​គឺ​វា​ដូច​ជា​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​ដូច្នេះ​ដែរ​»​។

ដោយឡែក មិន​ត្រឹមតែ​ទទួល​ការ​លើក​សរសើរ​ពី​គណៈកម្មការ​ទាំង​៤​នោះ​ឡើយ ស្រី​ស្អាត​វ័យក្មេង លឹ​ម សេរី​ហាន់​នី​កា ក៏​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ហើយ​បាន​ផ្ញើ​សារ​បោះ​ឆ្នោត​លើ​រូប​នាង​ឲ្យ​ក្លាយជា​ម្ចាស់​ពាន «The Voice Cambodia» រដូវ​កាល​ទី​៣ នា​ពេល​នេះ ។

ក្រោយ​ពី​ទទួល​ជោគជ័យ​នា​ពេល​នេះ ស្រី​ស្អាត លឹ​ម សេរី​ហាន់​នី​កា បាន​សម្តែង​ក្តី​រំភើប និង​ថ្លែង​ការ​អរគុណ​ទៅ​កាន់​គ្រូបង្វឹក​របស់​នាង គឺ​អ្នក​នាង ពេជ្រ សោភា ព្រមទាំង​ទស្សនិកជន​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​បោះ​ឆ្នោត​ដល់​រូប​នាង​ឲ្យ​ទទួល​ជោគជ័យ​នា​ពេល​នេះ ។

បេ​ក្ខ​នារី​មក​ពី​ខេត្តកំពង់ធំ ស្រី​ស្អាត លឹ​ម សេរី​ហាន់​នី​កា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​នាង​ខ្ញុំ លឹ​ម សេរី​ហាន់​នី​កា សូម​លើក​ម្រាមដៃ​ដប់​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តល់​ក្ដី​ស្រលាញ់​របស់​ពុក​ម៉ែ​បងប្អូន គាំទ្រ​ដល់​ប្អូន បោះ​ឆ្នោត​ដល់​ប្អូន រហូត​ជាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ សូម​អរគុណ អ្នកគ្រូ ពេជ្រ សោភា ដែល​បាន​បង្ហាត់បង្រៀន​យ៉ាង​យកចិត្តទុកដាក់​បំផុត​»​។ នាង​បញ្ជាក់​ថា «​ជោគជ័យ​រាត្រី​នេះ គឺជា​ជោគជ័យ​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​»​។

ជា​ការ​កត់សម្គាល់ ស្រី​ស្អាត​វ័យក្មេង លឹ​ម សេរី​ហាន់​នី​កា បាន​ទទួល​ការ​គោះ​កៅអី​តែ​មួយ​ប៉ុណ្ណោះ​ពី​សំណាក់ Coach ពេជ្រ សោភា នៅ​ក្នុង​វគ្គ «blind auditions» ខណៈ​ពេល​ក្នុង​វគ្គ​បន្តបន្ទាប់​ទៀត នាង​ក៏​នៅ​ធ្វើ​បាន​យ៉ាង​ល្អ និង​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​ទស្សនិកជន​ទស្សនា​ផង​ដែរ​។ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​នៅ​ក្នុង​វគ្គ «Live Show» ស​ប្តា​ហ៍​ទី​១ ស្រី​ស្អាត លឹ​ម សេរី​ហាន់​នី​កា ក៏​បាន​បកស្រាយ​បទ «​ក្តាមស្រែ​» ជា​ច្រើន​ចង្វាក់​រួម​គ្នា​ក្នុង​បទ​តែ​មួយ ហើយ​វី​ដែ​អូ​ច្រៀង​សម្តែង​របស់​នាង ក៏​ត្រូវ​បាន​ជ្រើសរើស​ចូល​ទៅ​ក្នុង​យូ​ធូប «The Best Performances This Week on The Voice» ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រី​ស្អាត លឹ​ម សេរី​ហាន់​នី​កា គឺជា​កូនក្រុម​របស់ Coach ពេជ្រ សោភា បាន​ឈ្នះ​ពាន «The Voice Cambodia» រដូវ​កាល​ទី​៣ ដោយ​យកឈ្នះ​បេក្ខភាព​ចំនួន​៣​រូប​ផ្សេង​ទៀត ក្នុង​នោះ​រួម​មាន ៖ បេ​ក្ខ​នារី គឹ​ម សុវណ្ណ កូនក្រុម ឱ​ក សុគន្ធ​កញ្ញា​, បេក្ខជន សាល បាទី កូនក្រុម ឆ​ន សុ​វ​ណ្ណា​រាជ និង​បេក្ខជន សួន សុវណ្ណ​ច​ន្នី កូនក្រុម​របស់ ណុ​ប បា​យ៉ា​រិ​ទ្ធ ។

ក្រោយ​ឈ្នះ​ពាន​ខាងលើ​នេះ ស្រី​ស្អាត លឹ​ម សេរី​ហាន់​នី​កា ដែល​មាន​អាយុ​១៦​ឆ្នាំ មក​ពី​ខេត្តកំពង់ធំ បាន​ក្លាយជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស ដែល​មាន​កុងត្រា​រយៈពេល​៥​ឆ្នាំ និង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​១០០​លាន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ