ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ហេង បូ​នី​កា រំលឹក​គុណ​បុគ្គល​សំខាន់​២​រូប នាំ​ឱ្យ​នាង​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ

6 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​វ័យក្មេង​នាង ហេង បូ​នី​កា បាន​រំលឹក​គុណ​ទៅ​កាន់​បុគ្គល​សំខាន់​២​រូប ដែល​ជា​អ្នក​នាំ​ផ្លូវ​ឱ្យ​នាង​ទទួល​បាន​ជោគជ័យ​លើ​វិ​ថី​សិល្បៈ រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង ហេង បូ​នី​កា បាន​រំលឹក​គុណ​ទៅ​កាន់​បុគ្គល​សំខាន់​២​រូប ដែល​ជា​អ្នក​នាំ​ផ្លូវ​ឱ្យ​នាង​ទទួល​បាន​ជោគជ័យ​លើ​វិ​ថី​សិល្បៈ រហូត​មក​ទល់​នា​ពេល​បច្ចុប្បន្ន​នេះ​។

នាង​បញ្ជាក់​ថា បុគ្គល​ទាំង​២​រូប​នោះ គឺ​ទី​១ ជា​បងប្រុស​បង្កើត​របស់​នាង និង​ទី​២ គឺ​តារា​សម្តែង​ជើង​ចាស់ អ្នក​នាង ផា​ន់ ផា​ភួង ដែល​អ្នក​ទាំង​២​នេះ ត្រូវ​បាន​នាង​ចាត់​ទុក​ថា ជា​បុគ្គល​សំខាន់ ដែល​ស្ថិត​​នៅ​ពីក្រោយ​រូប​នាង​ឱ្យ​ទទួល​បាន​ផ្លែផ្កា​លើ​វិ​ថី​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ​។

បទ​សម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍​នៅ​ក្នុងស្រុក​មួយ​ស្រី​ស្អាត ហេង បូ​នី​តា បាន​លើក​ឡើង​ថា «រហូត​មក​ទល់​នា​ពេល​នេះ នាង​មិន​ដែល​ភ្លេចគុណ​ចំពោះ​បុគ្គល​សំខាន់​២​រូប ដែល​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​នាង​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​នោះ​ឡើយ​»​។

នាង​បញ្ជាក់​ថា «​បងប្រុស​បង្កើត​របស់​នាង​បាន​លះបង់​ពេលវេលា​យ៉ាងច្រើន ដើម្បី​បាន​នៅ​ជួយ​ជ្រោមជ្រែង​នាង​ពីក្រោយ​ឱ្យ​នាង​ចូល​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ​»​។ នាង​ថា «​បងប្រុស​នាង​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ តែ​គាត់​មិន​បាន​រក​ការងារ​ធ្វើ​អ្វី​ឡើយ សុខចិត្ត​មក​បម្រើ​ការងារ​នៅ​កន្លែង​ថត ដោយ​ធ្វើ​ជា​អ្នក​លើក​ទឹក និង​ទិញ​បាយ​ឱ្យ​គេ ដើម្បី​បាន​ស្គាល់​ក្រុម​ថត និង​ចង់ឱ្យ​ប្អូន​បាន​ចូលរួម​ថត​នឹង​គេ​ដែរ​»​។

នាង​បន្ត​ថា «​ការ​ថត​ដំបូង នាង​ហាក់​ទ្រាំ​មិន​បាន​នូវ​ការ​ស្តីបន្ទោស​ពី​ផលិតករ ហើយ​ក៏​ធ្លាប់​មាន​បំណង​បោះបង់​វា​ចោល​ផង​ដែរ​។ ប៉ុន្តែ​បងប្រុស​របស់​នាង តែងតែ​លើកទឹកចិត្ត និង​បាន​ប្រៀនប្រដៅ​នាង​ឱ្យ​មានការ​អត់ធ្មត់ និង​តស៊ូ​នៅ​ក្នុង​រឿង​នេះ​។ ក្រោយមក នាង​ក៏​បាន​យកពាក្យ​ទាំង​អស់នោះ​មក​ដេក​គិត ហើយ​ក៏​យល់​ថា ប្រសិនបើ​នាង​មិន​អាច​ទ្រាំ​រឿង​នេះ​បាន ហើយ​ទៅ​ថ្ងៃក្រោយ តើ​នាង​អាច​នឹង​ធ្វើ​អ្វី​បាន​ទៀត?​»​។

ស្រី​ស្អាត ហេង បូ​នី​កា បាន​បន្ថែម​ថា «​ក្រោយមក នាង​បាន​ព្យាយាម​ដុសខាត់​ខ្លួនឯង​ឱ្យ​បាន​ខ្លាំង​ជាង​មុន ដោយនៅ​ក្នុង​នោះ​រាល់​ការ​សម្តែង​របស់​នាង​ម្តង​ៗ គឺ​នាង​តែងតែ​យក​មក​មើល ហើយ​ប្រៀបធៀប​ខ្លួនឯង និង​ទទួលស្គាល់​ខ្លួនឯង​ពី​ចំណុចខ្សោយ ដោយ​យក​វា​មក​កែប្រែ​»​។ នាង​បន្ត​ថា «​បន្ទាប់​ការ​ដុសខាត់​ខ្លួនឯង និង​ការ​ជួយ​បង្ហាត់បង្ហាញ​ពី​រៀមច្បង ទើប​ធ្វើ​ឱ្យ​នាង​អាច​សម្តែង​បាន​រហូត​មក​ទល់​នា​ពេល​នេះ​»​។

យ៉ាងណា បើ​តាម​ស្រិ​ស្អាត ហេង បូ​នី​កា បន្ថែម​ទៀត​ថា «​ការ​ដែល​នាង​អាច​មានមុខមាត់​ក្នុង​វិ​ថី​សិល្បៈ​នា​ពេល​នេះ វា​ក៏​ជា​ចំណែក​មួយ​ពី​តារា​សម្តែង​អ្នក​នាង ផា​ន់ ផា​ភួង ផង​ដែរ​»​។ នាង​បញ្ជាក់​ថា «​អ្នក​នាង ផា​ភួង បាន​ណែនាំ​នាង​ឱ្យ​ស្គាល់​ផលិតកម្ម​ផ្សេង ដែល​នោះ​ជា​ឱកាស​សម្រាប់​រូប​នាង​ក្នុង​ការ​បញ្ចេញ​មុខមាត់​ឱ្យ​គេ​ឃើញ បន្ទាប់​ពី​ធ្លាប់​ពី​តារា​សម្តែង​រាយរង​»​។

នាង​បន្ថែម​ថា «​ក្រោយ​ពី​ការ​ណែនាំ​នោះ​មក នាង​ក៏​ត្រូវ​បាន​ផលិតករ​ហៅ​ទៅ​ធ្វើការ​សាកល្បង​សម្តែង (Casting) រហូត​នាង​អាច​ជាប់​ជា​តួ​សម្តែង​បែប​កាច​តែ​ម្តង​»​។ នាង​ថា «​ចាប់តាំងពី​នាង​ចូល​សម្តែង​មក គ្រប់​រឿង​ដែល​នាង​បាន​ថត គឺ​សុទ្ធតែ​ទទួល​ការ​ធ្វើតេស្ដ​ជា​មុន​ទាំងអស់ ដោយ​កម្រ​មានរឿង​ណា​ដែល​នាង​មិន​បាន​ធ្វើតេស្ដ​ជា​មុន​នោះ​ឡើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រី​ស្អាត ហេង បូ​នី​កា គឺជា​អតីត​ម្ចាស់​ជ័យ​លា​ភី​លំដាប់​រង​ទី​២ បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០២២ ហើយ​បច្ចុប្បន្ន​នាង​បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់ មិន​ថា​រឿង​ភាគ​ទូរទស្សន៍ និង​រឿង​ខ្នាត​ធំ​បញ្ចាំង​តាម​រោង​ភាពយន្ត​នោះ​ឡើយ​។ ក្នុង​ពេល​ទទួល​បាន​ជោគជ័យ​លើ​អាជីព​សម្តែង​នា​ពេល​នេះ ស្រី​ស្អាត ហេង បូ​នី​កា ហាក់​នៅ​មិន​ទាន់​នឹកនា​នៅ​ក្នុង​ការ​ចូលរួម​ប្រឡង​ជា​ថ្មី​នៅ​ក្នុង​កម្មវិធី Miss ណាមួយ​នៅឡើយ​ទេ ។ ដោយ​នាង​លើក​ឡើង​ថា «​នាង​សុំ​ដកឃ្លា​មួយ​រយៈ​សិន រង់ចាំ​មើល​ពេលវេលា​សម​ស្រប ទើប​ចូល​មក​ប្រឡូក​ការងារ​នេះ​វិញ ដោយសារ​មួយ​រយៈ​នេះ នាង​រវល់​ការងារ​ថត និង​ការ​រៀបចំ​ធ្វើ​ជំនួញ​ផ្ទាល់ខ្លួន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ