ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត សារី សុ​វ​ត្តី សម្រេច​មិន​ចេញ​ទៅ​ប្រកួត Miss World 2024 ឡើយ ព្រោះ​ជួប​រឿង​អយុត្តិធម៌

7 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ពិធី​ការិនី សារី សុ​វ​ត្តី បាន​ប្រកាស​មិន​ចេញ​ទៅ​តំណាង​កម្ពុជា ប្រកួត «Miss World 2024» នេះ​ឡើយ បន្ទាប់​ពី​នាង​ជួប​រឿង​អយុត្តិធម៌​មួយ​ពី​ម្ចាស់​ក្រុមហ៊ុន​មួយ ដែល​ជា​ក្រុមហ៊ុន​នាង​បាន​ចុះ​កុងត្រា​សម្រាប់​ការ​នាំ​នាង​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី សារី សុ​វ​ត្តី បាន​ប្រកាស​មិន​ចេញ​ទៅ​តំណាង​កម្ពុជា ប្រកួត «Miss World 2024» នេះ​ឡើយ បន្ទាប់​ពី​នាង​ជួប​រឿង​អយុត្តិធម៌​មួយ​ពី​ម្ចាស់​ក្រុមហ៊ុន​មួយ ដែល​ជា​ក្រុមហ៊ុន​នាង​បាន​ចុះ​កុងត្រា​សម្រាប់​ការ​នាំ​នាង​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ ។

តាម​គម្រោង​អតីត Miss World Cambodia 2021 ស្រី​ស្អាត សារី សុ​វ​ត្តី នឹង​ត្រូវ​ចូលរួម​កម្មវិធី​ប្រកួត «Miss World 2024» លើក​ទី​៧១ នៅ​ទីក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ដែល​នាង​ចុះ​កុងត្រា ទើប​នាង​សម្រេចចិត្ត​មិន​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​នេះ​ឡើយ​។

ស្រី​ស្អាត សារី សុ​វ​ត្តី បាន​រៀបរាប់​បញ្ហា​ខាងលើ​នេះ​តាម​រយៈ​សំ​ណេ​រ​ដ៏​វែង​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា «​បី​ថ្ងៃ​ទៀត ថ្ងៃ​ទី​៣០ ខែកញ្ញា​នេះ ខ្ញុំ​ចប់​កុងត្រា​ជាមួយ BKA ហើយ​។ កាលពី​ខាង​អន្តរជាតិ​ប្រកាស​ថា ប្រកួត​នៅ​ពាក់កណ្ដាល​ឆ្នាំ ពេល ភី ប៊ុ​ន​កើ​ដ ហៅ​ខ្ញុំ​ទៅ​ជួយ​ថត​កម្មវិធី​ហាង​ម្ហូប​ថៃ​មួយ គាត់​និយាយ​ជាមួយ​ខ្ញុំ​ច្បាស់​ណាស់​ថា ខ្ញុំ​ជា​អ្នកតំណាង​ប្រទេស​ទៅ​ប្រកួត ដរាបណា​មិន​ឆ្លង​ដល់​ឆ្នាំ​ថ្មី​២០២៤ ព្រោះ​ខ្ញុំ​ចាំ​យូរហើយ​។ អត់​មាន​ដំណឹង រហូត​មក​ដល់​កណ្ដាលខែ មុន​ខែសីហា ខ្ញុំ​បាន​ឆាត​តាម​សួរ​គាត់ ដើម្បី​បញ្ជាក់​ដំណឹង ក៏​ដូច​ជា​ការ​រៀបចំ​ខ្លួន​ទៅ​ប្រកួត ព្រោះ​ខ្ញុំ​ត្រូវ​ប្រាប់​ខាង sponsor ឈុត​រាត្រី​ស្រមោល​សរ ពី​វៀតណាម​ឲ្យ​ត្រៀម​ឈុត​ញាក់​ៗ​ឲ្យ ហើយ​ខាងគេ​ក៏​រង់​ចាំតែ​ជួយ​យូរហើយ​»​។

នាង​បន្ត​ថា «​មួយវិញទៀត ខាង​ហ្វេ​ន​ផេ​ក​ជាតិ និង​អន្តរជាតិ ក៏​បាន​ផុស​ច្រើន​ណាស់ គេ​ជួយ​ប្រ​ម៉ូត​ឲ្យ​ណាស់ គេ​តាមដាន តាម​សួរនាំ​ណាស់ តែ​ខ្ញុំ​មិនដឹង​ឆ្លើយ​ថា យ៉ាងម៉េច ព្រោះ​មិន​ទាន់​ដឹង​ដែរ​»​។

នាង​បន្ត​ថា «​ខ្ញុំ​បាន​ស្គាល់​មិត្ត​ជា​បវរកញ្ញា​ពិភពលោក​សឹងតែ​ទាំងអស់ ដោយ​យើង​បាន​ចូល​គ្រុប​ជាមួយ​គ្នា​ដើម្បី​ចែករំលែក​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក តែ​ក្នុង​នោះ​មាន​តែ​ខ្ញុំ​ទេ ដែល​ហាក់​មានបាន​រៀបចំ​អី​សោះ ព្រោះ​គ្មាន​ព័ត៌មាន​។ ដោយសារ​តែ​ចង់​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​កម្ពុជា ទើប​ខ្ញុំ​តាម​ឆាត​សួរដំណឹង​គាត់ តែ​ខ្ញុំ​ត្រូវ​បាន​ឆ្លើយ​តប​មក​វិញ​តាម​រយៈ​ជំនួយការ​គាត់​ថា «​មិន​ទាន់​ច្បាស់​ទេ​ថា ខ្ញុំ​ជា​អ្នក​ទៅ​»​។ ហើយ​ត្រូវ​បាន​បន្ទោស​ថា «​ខ្ញុំ​ចេះ​ទៅ​ដើរ​ប្រាប់​គេ​ឲ្យ​ផុស​ក្នុង​ផេ​កថា ខ្ញុំ​ជា​អ្នក​ទៅ​» ទាំង​ដែល​ខ្ញុំ​មិន​ដែល​ទៅ​ប្រាប់​នរណា​ទេ​។ តែ​ខ្ញុំ​យល់​ថា គេ​ផុស ព្រោះ​ខ្ញុំ​ជា​បេ​ក្ខ​ភា​រង់ចាំ​តាំងពី​ដើម​មក ដូច្នេះ​វា​ជា​រឿង​ធម្មតា​តែ​គេ​រំពឹង​ថា ខ្ញុំ​ជា​អ្នក​ត្រូវ​ទៅ​។ ណាមួយ​ឈ្មោះ​ខ្ញុំ មាន​ក្នុង​ប​ញ្ញី​ផ្លូវការ​តាំងពី​ដើម​។ ខ្ញុំ​ត្រៀមចាំ​យូរហើយ​។ លើក​ឡើង​ថា កុងត្រា​ខ្ញុំ​ជិត​ផុត​ហើយ ដូច្នេះ​បើ​ចង់ទៅ ត្រូវ​ចុះ​កុងត្រា​១​ឆ្នាំ​ទៀត​បាន​ទៅ​ហើយ​»​។

នាង​បន្ត​ទៀត​ថា «​ដំបូង ខ្ញុំ​សុំ​ត្រឹមតែ​៦​ខែ​បាន​ហើយ មូលហេតុ​ព្រោះ​ជាប់​កុងត្រា​យូរ​មក​ហើយ ចង់​បន្ត ដើម្បី​តែ​ប្រកួត​មួយ​ខែ ចឹ​ង​មួយ​ឆ្នាំ​ដូច​យូរ​ពេក ណាមួយ​ចង់​បន្ត​ក្ដី​ស្រ​ម៉ៃ​ផ្សេង​ទៀត​ដែរ​។ តែ​គាត់​អត់​ព្រម ទាល់តែ​មួយ​ឆ្នាំ ចឹ​ង​ខ្ញុំ​ក៏​ព្រម​ថា ចុះ​កុងត្រា​មួយ​ឆ្នាំ​ទៀត​ក៏​បាន ដើម្បី​ប្រកួត​។ ខ្ញុំ​ក៏​សួរ​ថា ចុះ​កុងត្រា​ពេល​ណា? ស្រួល​បាន​ប្រាប់​ដំណឹង​គេ នឹង​ត្រៀមខ្លួន​ប្រកួត និង​រៀបចំ​កម្មវិធី​សប្បុរសធម៌​ម​ន្ថែ​ម​ទៀត ព្រោះ​នៅ​មិន​ដល់​ពីរ​ខែ​ផង​។ ស្ងាត់​… រហូត​ដល់​ពីរ​បី​ថ្ងៃមុន​នេះ ខាង​បវរកញ្ញា​សិង្ហ​បុរី ជា​មិត្ត​បវរកញ្ញា​ដែល​ស្និទ្ធ​នឹង​ខ្ញុំ​ជាងគេ​បាន​ផ្ញើ screenshoot (​ផេ​ក​អន្តរជាតិ​មួយ បាន​ផុស​ថា បាត់ឈ្មោះ​ខ្ញុំ​ពី​ប​ញ្ញី​ផ្លូវការ ដូច្នេះ​មាន​ន័យ​ថា ខ្ញុំ​មិន​បាន​ទៅ​តំណាង​ប្រទេស​ទេ​) មួយ​ភ្ជាប់​ជាមួយ​ភាព​ភ្ញាក់ផ្អើល​ថា តើ​មានរឿង​អី? ខ្ញុំ​ពិតជា​មិនដឹង​មែន មិនដឹង​ថា​ឆ្លើយ​យ៉ាងណា​»​។

នាង​បន្ថែម​ថា «​បន្ទាប់​មក ខាង​ក្រុមហ៊ុន​ក៏​ឆាត​មក​ថា «​អូន ឈ្មោះ​បាន​ផ្ញើ​ទៅ​ហើយ តែ​មាន​បញ្ហា ព្រោះ​រឿង​អា​ស្រូ​.​វ​»​។ រឿង​អា​ស្រូ​.​វ?​! រឿង​អី? អា​រឿង​ពួក​មនុស្ស​ថោ​.​ក​ទា​.​បលាប​ពណ៌​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្ញុំ ទាំង​ដែល​រឿង​មិន​ពិត​ផង​ហ្នឹង តាំងពី​ខ្ញុំ​ចូល​ប្រកួត​ដំបូង​ឆ្នាំ​២០២១​មក​ម្ល៉េះ?​! ពុទ្ធោ មិន​សម​ទំនង​​សោះ ហើយ​អន្តរជាតិ គេ​ដឹង​រឿង​មកពីណា? ហើយ​បើ​គ្រាន់តែ​គេ​ចោ​.​ទ​ចឹ​ង មាន​បញ្ហា ចុះ​យូរហើយ​មិនឃើញ​ថា ណាមួយ​រឿង​មិន​រឿង​ពិត​អី​ផង បើ​អ្នក​ត្រូវ​គេ​ចោ​.​ទ​ថា ជា​បិ​សា​.​ច ហើយ​អ្នក​នឹង​ត្រូវ​តែ​ជា​បិ​សា​.​ច​ពិត? អត់​យល់​។ ខ្ញុំ​សួរ​ថា ចុះ​រឿង​តាំងពី​មុន ជា​រឿង​មិន​ពិត​ផង ហើយ​ផេ​ក​អន្តរ​ជាតិ​ផុស​ខ្ញុំ​ក្រោយ​រឿង​នឹង​ទៀត ចុះ​ម្ដ៉េ​ចម​កថា ការ​បញ្ជូន​ឈ្មោះ​មាន​បញ្ហា?​»​។

នាង​បន្ថែម​ទៀត​ថា «​ចុង​ក្រោយបង្អស់ ថ្ងៃនេះ គាត់​ដូរ​ចម្លើយ​ទៅ​ជា​ថា «​ឈ្មោះ​បញ្ជូន​ទៅ តែ​មាន​បញ្ហា​ថ្មី គឺ​ខាង​ស្ថាប័ន​អន្តរជាតិ​គេ​មិន​ទទួល​ទេ ព្រោះ​ឈ្មោះ​ជា​បេក្ខភាព​យូរហើយ​តាំងពី​២០២១» គាត់​​ថា «​គេ​សួរ​ថា ម៉េច​ព្រម​បញ្ជូន​អ្នក​២០២២​អី​ទៅ?​»​។ ខ្ញុំ​ខ​ល​ទៅ​ភ្លាម តែ​មិន​លើក ហើយ​ខ្ញុំ​សុំ​មើល​ចម្លើយ​គេ​និយាយ​បែប​ខាងលើ លើក​មុន និង​លើក​នេះ​ម្ដង​ជា​ពីរ​ដង​តាម emails តែ​មិន​ព្រម​ឆ្លើយ​ជាមួយ​ខ្ញុំ​តាំងពី​លើក​មុន​។ អត់​មាន​ចម្លើយ​»​។

នាង​បញ្ជាក់​ថា «​គេ​ប្រកួត​ខែ​១១​នេះ​ហើយ បងប្អូន ខ្ញុំ​ព្យាយាម​អស់​លទ្ធភាព​ហើយ​។ ខ្ញុំ​រង់ចាំ ខ្ញុំ​តាម​សួរ ខ្ញុំ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ ខ្ញុំ​ពង្រឹងសមត្ថភាព​ផ្នែក​ទំនាក់ទំនង ខ្ញុំ​ធ្វើ​ការងារ​សង្គម​ដោយ​ប្រាក់​ខ្លួនឯង​ផ្ទាល់ ។​ល​។ ព្រោះ​ខ្ញុំ​ស្រឡាញ់​ប្រទេស​ខ្មែរ​ណាស់ ចង់​តំណាង​ប្រទេស​ដោយ​ប្រើ​ចំណេះដឹង ភាសា ជំនាញ និង​ទេព​កោសល្យ​របាំ​ទៅ​បង្ហាញ​គេ​។ តែ​រឿង​ទាំងអស់ ហាក់​មិន​យុត្តិធម៌​សោះ​»​។

យ៉ាងណា​បើ​តាម​ស្រី​ស្អាត សារី សុ​វ​ត្តី ថា «​ឥឡូវ​រឿង​ការ​ទៅ​ប្រកួត​នេះ​ទៀត ខ្ញុំ​សុំ​ចប់​ត្រឹម​កុងត្រា​នឹង​ចុះ​។ សង្ឃឹមថា អ្នកតំណាង​ថ្មី​អាច​ត្រៀមខ្លួន​ទាន់​ពេល និង​បាន​ល្អ​។ ពីរ​ឆ្នាំ​ជា​បវរកញ្ញា​ពិភពលោក​នេះ រៀន​បាន​ច្រើន តស៊ូ​ច្រើន អត់ធ្មត់​ច្រើន បា​.​ត់ប​.​ង់​ច្រើន តែ​ក៏​ទទួល​បាន​ច្រើន​ដូច​ជា​មិត្ត​ភាពល្អ​ៗ បងប្អូន​ល្អ បទ​ពិសោធន៍​ធ្វើ​រឿង​ជា​ច្រើន​ខ្លួនឯង ការ​ជួប​មនុស្ស​ជា​ច្រើន​ប្រភេទ ការ​លើកទឹកចិត្ត​គេ​នឹង​ខ្លួនឯង ការ​ស្គាល់​មនុស្ស​ល្អ មិនសូវ​ល្អជា​ច្រើន ការ​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ជាតិ​សាសន៍​ខ្មែរ​កាន់តែ​ជ្រាលជ្រៅ​។​ល​។

យ៉ាងណា​បើ​តាម​ស្រី​ស្អាត សារី សុ​វ​ត្តី ថា «​ជា​ចុង​ក្រោយ ខ្ញុំ​អហោសិកម្ម​ឲ្យ​អ្នក​ទាំងនោះ ដែល​ធ្លាប់​ធ្វើ​មិនល្អ​ដាក់​ខ្ញុំ សង្ឃឹមថា​អ្នករ​ស់បាន​ក្ដី​សុខ មាន​សន្តិភាព​ផ្លូវចិត្ត​ចុះ​។ មេរៀន​សង្គម ៖ គ្រប់យ៉ាង​ក្នុង​សង្គម​នេះ គឺ​មិន​ដូច​អ្វី​ដែល​ឃើញនឹងភ្នែក ឮ​នឹង​ត្រចៀក​ទេ រឿង​ភាគច្រើន​លម្អៀង​ណាស់​។ ស​ជា​ខ្មៅ ខ្មៅ​ជាស​។ អ្នក​ធ្លាប់​ជួប​បានដឹង បាន​យល់​។ អ្នក​ចាំ​សើចចំអក និង​ជាន់ពន្លិច​គេ ប្រយ័ត្ន​ជួប​ផ្ទាល់ យំ​លែង​ចេញ​ណា​។ ចៀស​បានចៀ​សរឿង​ដ្រា​ម៉ា រឿង​សម្ដែង រឿង​បំ​ពុ​.​ល​សង្គម​។ ត្រូវ​ចេញពី​កន្លែង​ដែល​មិន​ឲ្យ​តម្លៃ​យើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ