រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរ តាមរយៈការរកទីផ្សារ ការបង្កើតឱកាសធុរកិច្ចដល់បងប្អូនសិប្បករ ផលិតករ កសិករ និងជាពិសេសធ្វើការផ្សព្វផ្សាយបង្ហាញអំពីផលិតផលថ្មីៗដែលជាស្នាដៃរបស់យើង ក៏ដូចជាការផ្សព្វផ្សាយអំពីចលនាភូមិ១ ផលិតផល១ នៅកម្ពុជា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន BRANDSING Co., Ltd បានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិ១ ផលិតផល១ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១១ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ភូមិ១ ផលិតផល១ នៅរាជធានីភ្នំពេញ ជាលើកទី២នាពេលនេះ មានស្តង់ចំនួន៧០ស្តង់ ដែលបានដាក់តាំងលក់សុទ្ធតែជាផលិតផលខ្មែរ មកពីរាជធានី និងបណ្តាខេត្តនានា ក្នុងនោះមានស្តង់លក់ផលិតផលកសិកម្ម រួមមានអង្កររបស់ក្រុមហ៊ុនអង្ករខ្មែរប្រណីត បន្លែធម្មជាតិ ផ្លែឈើខ្មែរដូចជាផ្លែប៊ូលឡុង ស្រកានាគ សាវម៉ាវ ក្រូច។ល។ ស្តង់លក់ផលិតផលសិប្បកម្ម ដូចជាផលិតផលផ្តៅមានរចនាម៉ូដថ្មីៗល្អប្រណីតរបស់សមាគមផ្តៅកម្ពុជា ផលិតផលកែច្នៃពីកំប្លោក គ្រឿងប្រាក់ ចម្លាក់ឈើ-ថ្ម ក្តារបន្ទះផ្ទាំងប្ញស្សី ផលិតផលតម្បាញ ធ្យូងបរិស្ថាន ស្រាទំពាំងបាយជូរបាណន់ខេត្តបាត់ដំបង ស្រាទឹកត្នោត នំស្រួយលីលី ទឹកត្រីខេត្តកំពត ត្រីងៀត និងប្រហុកខេត្តសៀមរាប ផលិតផលរបស់សិប្បករខ្មែរជនជាតិដើមភាគតិចនៅខេត្តកំពង់ធំ ព្រះវិហារ មណ្ឌលគិរី ស្តង់ម្ហូបអាហារ និងភេសជ្ជៈ កាហ្វេមណ្ឌលគិរី និងស្តង់សេវាកម្ម ព្រមទាំងស្តង់លក់ផលិតផលវត្ថុអនុស្សវរីយ៍ជាច្រើនទៀត។
នារសៀលថ្ងៃទី១៤ ឧសភា លោកសុន គន្ធរ រួមដំណើរដោយលោកជំទាវ អ៊ុត ឈន មន្ត្រីអគ្គលេខាធិការដ្ឋានភូមិ១ ផលិតផល១ សមាជិកសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានដើរទស្សនាស្តង់ពិព័រណ៍ ដើម្បីពិនិត្យផ្តល់អនុសាសន៍កែលម្អលើចំណុចខ្វះខាតចំពោះផលិតផលខ្មែរយើង។ លោកសុន គន្ធរ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយើង ដោយមានប្រសាសន៍ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពីការជំរុញចលនាភូមិ១ ផលិតផល១ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណទាំងដំណាក់កាលទី១ និងទី២ និងដោយមានការឯកភាពពីលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ អគ្គលេខាធិការដ្ឋានភូមិ១ ផលិតផល១ បានខិតខំប្រឹងប្រែងក្នុងការជំរុញចលនាភូមិ១ ផលិតផល១ ដោយបានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិ១ ផលិតផល១ ដែលថ្មីៗនេះបានធ្វើនៅខេត្តកំពង់ចាម នៅខេត្តសៀមរាប ហើយនៅរាជធានីភ្នំពេញនាពេលនេះជាលើកទី២ទៀត។ អគ្គលេខាធិការដ្ឋានភូមិ១ ផលិតផល១ នឹងបន្តរៀបចំពិព័រណ៍ជាបន្តបន្ទាប់ទៀត ដោយហេតុថា ដើម្បីផ្សារភ្ជាប់សង្វាក់ផលិតកម្ម ដែលបងប្អូនបានខិតខំផលិតនូវផលិតផលបានហើយ យើងចាំបាច់ត្រូវការលក់ចេញនូវផលិតផលទាំងនោះ។ ដូច្នេះហើយ អគ្គលេខាធិការដ្ឋានភូមិ១ ផលិតផល១ បានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងៗ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងបងប្អូនសិប្បករ ផលិតករ អាជីវករ ដើម្បីរៀបចំពិព័រណ៍នេះឡើង។ ការតាំងពិព័រណ៍មានសារសំខាន់ណាស់ ហើយការតាំងពិព័រណ៍ពុំមែនសម្រាប់តែលក់ប៉ុណ្ណោះទេ កត្តាសំខាន់គឺឱ្យសាធារណជនជាភ្ញៀវជាតិ អន្តរជាតិទាំងអស់បានស្គាល់នូវផលិតផលរបស់ខ្មែរយើងថា យើងមានផលិតផលអ្វីខ្លះ ហើយអ្នកទិញត្រូវចូលរួមគាំទ្រទាំងអស់គ្នា រីឯអ្នកផលិតត្រូវមានជំនឿជឿជាក់លើខ្លួនឯងថា ផលិតផលត្រូវតែមានទីផ្សារ។ ដើម្បីឱ្យផលិតផលមានទីផ្សារ ការផលិតត្រូវមានគំនិតច្នៃប្រឌិតរស់រវើក ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដូចជាកៅអីផ្តៅយកមកតាំងនៅពេលនេះ មានតម្លៃជាង១.០០០ដុល្លារ និងមានរបស់ប្រើប្រាស់ល្អប្រណីតជាច្រើនទៀតគួរឱ្យចាប់អារម្មណ៍បំផុត ហើយត្រូវបានគេទិញយកទៅប្រើប្រាស់ដោយពុំគិតពីតម្លៃ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍។
លោកសុន គន្ធរ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជំរុញចលនាភូមិ១ ផលិតផល១ ដោយឈរលើទស្សនប្រើប្រាស់ផលិតផលខ្មែរដើម្បីយើងទាំងអស់គ្នា។ លោកមានប្រសាសន៍បន្ថែមថា វិស័យទេសចរគឺជាវិស័យអាទិភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកសុន គន្ធរ ក៏បានស្នើឱ្យមានការចូលរួមពីប្រជាពលរដ្ឋ រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានក្នុងការផ្តល់ទីកន្លែង និងសភាមុខរបរ ព្រមទាំងក្រុមហ៊ុន Smart Mobile ដើម្បីបន្តជំរុញចលនាភូមិ១ ផលិតផល១កម្ពុជា ហើយលោកសង្ឃឹមថា ផលិតផលខ្មែរយើងនឹងមានគុណភាពកាន់តែល្អប្រសើរឡើង មានការគាំទ្រកាន់តែខ្លាំងពីសាធារណជន និងមានទីផ្សារពិតប្រាកដ។
ការតាំងពិព័រណ៍រយៈពេល៣ថ្ងៃកន្លងមកនេះ គឺមានភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ដើរទស្សនា និងទិញផលិតផល ហើយផលិតផលជាច្រើនត្រូវបានលក់ដាច់គួរឱ្យកត់សម្គាល់។ ក្នុងឱកាសពិព័រណ៍នេះ ក៏មានការផ្តល់ឆ្នោតផ្សងសំណាងដល់សិស្ស និស្សិត និងសាធារណជនដែលបានចូលទស្សនា ដើម្បីឈ្នះនូវរង្វាន់អនុស្សាវរីយ៍ជាច្រើន ព្រមទាំងមានការប្រគំតន្ត្រី និងកម្មវិធីកម្សាន្តសប្បាយផងដែរ៕
ចែករំលែកព័តមាននេះ