ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា TikTok ល្បីឈ្មោះ​ម្នាក់​ជាប់​ពន្ធនាគារ​២​ឆ្នាំ ជុំវិញ​ការ​បង្ហោះ​វី​ដេ​អូ​ប្រមា.ថ​សាសនាមួយ​

1 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តុលាការ​ឥណ្ឌូ​នេ​ស៊ី បាន​កាត់ទោស​ស្ត្រី​ដែល​ជាតា​រា TikTok ល្បីឈ្មោះ​ម្នាក់​ជាប់​ពន្ធនាគារ​

ឥណ្ឌូ​នេ​ស៊ី ៖ តុលាការ​ឥណ្ឌូ​នេ​ស៊ី បាន​កាត់ទោស​ស្ត្រី​ដែល​ជាតា​រា TikTok ល្បីឈ្មោះ​ម្នាក់​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពី​បទ​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ TikTok ដោយ​និយាយ​ភាសា​អ៊ី​ស្លា​ម​មួយ​ឃ្លា មុន​ពេល​នាង​បរិភោគ​បាយ​សាច់​ជ្រូក​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា កន្លង​ទៅ​។

នាង Lina Lutfiawati អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ថា មាន​ពិរុទ្ធ​ពី​បទ​ញុះញង់​ឱ្យ​មានការ​ស្អប់ខ្ពើម​ប្រឆាំង​នឹង​បុគ្គល និង​ក្រុម​សាសនា​អ៊ី​ស្លា​ម ហើយ​នាង​ក៏​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់ ១៦,២៤៥​ដុល្លារ​ផង​ដែរ​។ ការ​ជាប់​ពន្ធនាគារ​របស់​នាង អាច​នឹង​ត្រូវ​បន្ត​៣​ខែ​បន្ថែម​ទៀត ប្រសិនបើ​នាង​មិន​បង់ប្រាក់​ពិន័យ ខណៈ​ដែល​នេះ​ជា​ករណី​ចុង​ក្រោយ​បំផុត​ក្នុង​ករណី​បន្តបន្ទាប់ ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ប្រមាថ​ដ៏​ចម្រូងចម្រាស​របស់​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​កាន់សាសនា​អ៊ី​ស្លា​ម​ភាគច្រើន​។

ស្ត្រី​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​មានឈ្មោះ​ឥណ្ឌា​ថា Lina Mukherjee ដោយសារ​នាង​ស្រលាញ់​ភាពយន្ត​បូ​លី​វូ​ដ បាន​និយាយ​ថា នាង​ជា​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម មុន​ពេល​បរិភោគ​បាយ​សាច់​ជ្រូក ដែល​ការ​ទទួលទាន​សាច់​ជ្រូក ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​នៅ​ក្នុង​សាសនា​អ៊ី​ស្លា​ម​។ ស្ត្រី​ដែល​ផលិត​វី​ដេ​អូ​បង្ហាញ​អំពី​របៀប​រស់នៅ ដែល​មាន​អ្នក​តាមដាន​លើ TikTok ជាង​២​លាន​នាក់ ក៏​មាន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ​។

វី​ដេ​អូ​ការ​ហូប​បាយ​សាច់​ជ្រូក​នេះ ថត​អំឡុង​ពេល​នាង​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​កោះ​បាលី ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ វី​ដេ​អូ​នេះ ទទួល​បានការ​ចូល​មើល​រាប់​លាន​ដង និង​ត្រូវ​បាន​រិះគន់​យ៉ាង​ទូលំទូលាយ ដែល​ជំរុញ​ឱ្យ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ទៀត​រាយការណ៍​កំហុស​របស់​នាង​ទៅ​ប៉ូលិស​។

ប៉ូ​លី​សបាន​ចោទប្រកាន់​នាង Lina Lutfiawati កាលពី​ខែឧសភា​កន្លង​ទៅ ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​គួរ​ឱ្យ​ស្អប់ខ្ពើម និង​ជា​សកម្មភាព​អរិភាព​លើ​ជាតិ​សាសន៍ សាសនា​និង​ពូជសាសន៍​។ ស្រប​ពេល​ក្រុម​អភិរក្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​ចេញ​សេចក្តីសម្រេច​ដែល​ហៅ​វី​ដេ​អូ​នេះ​ថា ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​។

នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ សម្រាប់ Lina Lutfiawati ខណៈ​ដែល​កាលពី​ខែមីនា​កន្លង​ទៅ នាង​ធ្លាប់​បាន​បង្ហោះ​វី​ដេ​អូ​មួយ ដែល​និយាយ​ពាក្យ «Bismillah» ដែល​ជា​ឃ្លា​ភាសា​អា​រ៉ាប់ ដែល​មាន​ន័យ​ថា «​ក្នុង​ព្រះ​នាម​នៃ​ព្រះ​» មុន​ពេល​នាង​បរិភោគ​ស្បែក​សាច់​ជ្រូក​បំពង​។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​មុន ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់ ដោយ​ចោទប្រកាន់​ពី​បទ​ប្រមាថ​សាសនា​អ៊ី​សា្ល​ម ជុំវិញ​ការ​ផ្សព្វផ្សាយ​ស្រា​។ ក្រុម​សិទ្ធិ​មនុស្ស​បាន​ធ្វើ​យុទ្ធនាការ​ជា​យូរ​មក​ហើយ​ប្រឆាំង​នឹង​ច្បាប់ ដែល​ពួក​គេ​និយាយ​ថា ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់ ដើម្បី​កំណត់​គោលដៅ​ជនជាតិភាគតិច​សាសនា​។

ដោយឡែក លោក Basuki Tjahaja Purnama អតីត​អភិបាលក្រុង​ហ្សា​ការ​តា ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ​ជិត​២​ឆ្នាំ ពី​បទ​ប្រមាថ​សាសនា​អ៊ី​ស្លា​ម​ដ៏​ចម្រូងចម្រាស​ក្នុង​ឆ្នាំ​២០១៧​។ លោក​គឺជា​គ្រិស្ត​សាសនិក​ម្នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ព្រោះ​ការ​អត្ថាធិប្បាយ​ក្នុង​យុទ្ធនាការ​មួយ អំឡុង​ពេល​ការ​ឃោសនាបោះឆ្នោត​ឡើង​វិញ​៕ (​ដកស្រង់​ចេញពី BBC និង AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ