ខេត្តសៀមរាប ៖ ប្រាសាទព្រហ្មកិលបានរងការខូចខាតខ្លាំង ដូច្នេះហើយក្រុមការងារជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាចាប់ផ្ដើមបន្តការងារជួសជុល ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូល អាចងើបឈររឹងមាំឡើងវិញ ។

បើតាមអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយថ្មខ្លះធ្លាក់កប់ដី និងនៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច ។ ដើម្បីឱ្យរចនាសម្ព័ន្ធ នៃប្រាសាទរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញស្ថានភាពខូចរាល់រួចរាល់ បច្ចុប្បន្នក្រុមអ្នកជំនាញ កំពុងតែជួសជុលប្រាសាទនេះ ដោយចាប់ផ្តើមពីចុងខែសីហា ឆ្នាំ២០២៣មក ។

ឈានចូលមកដល់ដំណាក់កាលនេះ ក្រុមអ្នកជំនាញបានបន្តធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធ ផ្នែកខាងក្នុងនៃខឿនប្រាសាទ សិក្សាអំពីកម្ពស់ និងស្ថានភាពស្រុតរបស់ប្រាសាទ ។ ទើបចាប់ផ្តើមចុះលេខរបស់ថ្ម រួចរើថ្មមួយចំនួនដែលនៅសល់ទាំងពីរជ្រុង គឺជ្រុងខាងកើត និងខាងជើង រួចបង់លេខថ្មទៅតាមស្រទាប់ នីមួយៗ ដើម្បីរើចេញ ទើបចាប់ផ្តើមពង្រឹងគ្រឹះតាំងពីក្រោម ឡើងទៅដល់ខាងលើ ។

បន្ទាប់ពីរើថ្មដល់ខឿនគ្រឹះប្រាសាទរួចរាល់ អ្នកជំនាញនឹងសិក្សាបន្ថែមទៀតអំពីស្រទាប់ថ្ម ដើម្បីដឹងថា ផ្នែកណាមួយស្រុតខ្លាំងជាងគេ ឬពុកផុយជាងគេ ទើបចាប់ផ្តើមពង្រឹងខឿនគ្រឹះ ដោយបន្ថែមថ្មបាយក្រៀមថ្មី ជំនួសថ្មចាស់ដែលពុកផុយ ។ បើទោះបីជាយកថ្មី ខ្លះៗ មកជំនួសថ្មចាស់ ប៉ុន្តែអ្នកជំនាញនឹងព្យាយាមធ្វើយ៉ាងណា ជួសជុលខឿនគ្រឹះរបស់ប្រាសាទ ទៅតាមលំនាំដើម ។

ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តសករាជ ។ ប្រាសាទតូចមួយនេះ មានទីតាំងនៅផ្នែកខាងលិចឆៀងខាងជើង នៃប្រាសាទអង្គរវត្ត ៕







ចែករំលែកព័តមាននេះ