ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​.​ស​.​យ​.​ក ចូលរួម​យ៉ាង​សកម្ម ​នឹង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​(NEA) ​ក្នុង​ការ​ចែករំលែក​ ព័ត៌មាននិង​ផ្សព្វផ្សាយ ​ឱកាស​ការងារ​ដល់​បងប្អូន ​អតីត​ពលករ​មក​ពី​ថៃ និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​ នៅ​តាមបណ្តា​ឃុំ​-​សង្កាត់​

6 ម៉ោង មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាលា​ខេត្តបន្ទាយមានជ័យ មានការ​រៀបចំ​កម្មវិធី «​ប្រគល់​កង់​ជូន​ដល់​យុវជន​ស្ម័គ្រចិត្ត​ឃុំ​-​សង្កាត់ ជា​តំណាង​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ នៃ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាលា​ខេត្តបន្ទាយមានជ័យ មានការ​រៀបចំ​កម្មវិធី «​ប្រគល់​កង់​ជូន​ដល់​យុវជន​ស្ម័គ្រចិត្ត​ឃុំ​-​សង្កាត់ ជា​តំណាង​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ នៃ ស​.​ស​.​យ​.​ក​. ខេត្តបន្ទាយមានជ័យ​» ក្រោម​សហ​អធិបតីភាព ឯកឧត្តម ហេង សួរ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ដោយ​មាន​អ្នកចូលរួម​ដែល​ជា​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. និង​យុវជន​ស្ម័គ្រចិត្ត​ឃុំ​-​សង្កាត់ ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ​ប្រមាណ​ជាង ៤០០​នាក់ ​។

ឯកឧត្ដម​អភិបាលខេត្ត បាន​លើក​ឡើង​ថា ការ​ប្រគល់​កង់​ជូន​យុវជន ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក ឃុំ​-​សង្កាត់ សម្រាប់​ជា​មធ្យោបាយ​ចុះ​ផ្សព្វផ្សាយ​ផ្ដល់​ព័ត៌មាន​អំពី​ឱកាស​ការងារ ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​អតីត​ពលករ គឺ​ពិតជា​ចាំបាច់​ក្នុង​ការ​ជួយ​ដល់​មូលដ្ឋាន​នីមួយ​ៗ​ផ្ទាល់​ ។

នា​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​និង​កំពុង​ផ្តល់​គ្រប់​មធ្យោបាយ​ ដើម្បី​ដោះស្រាយ​នូវ​ការ​ឆ្លើយ​តប​ ចំពោះ​តម្រូវការ​ព័ត៌មាន​ទីផ្សារ​ការងារ​ចំ​គោលដៅ ​។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ និង​កោត​ស​សើរ​ចំពោះ​ការ​ចូលរួម​របស់​ប្អូន​ៗ​ក្មួយ​ៗ​យុវជន​ស្ម័គ្រចិត្ត​ឃុំ​-​សង្កាត់ ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ ជួយ​ចុះ​ឈ្មោះ​អ្នក​ស្វែងរក​ការងារ ក្នុង​គោលបំណង​ដើម្បី​ជួយ​បងប្អូន​អតីត​ពលករ​នៅ​តាម​ភូមិ ឃុំ​-​សង្កាត់ និង​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ ព្រមទាំង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥​លាន​នាក់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ ខ្មែរ​ផ្តល់​ការងារ​ឱ្យ​ខ្មែរ ​។

បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ប្អូន​ៗ​ក្មួយ​ៗ យុវជន​ទាំងអស់​នៅ​ទី​នេះ គឺជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​ការងារ​ជា​ប្រចាំ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដើម្បី​ជួយ​ឱ្យ​បងប្អូន​នៅ​មូលដ្ឋាន​បានដឹង និង​អាច​រក​ការងារ​ធ្វើ​បាន​ឆាប់រហ័ស ដោយសារ​ពួក​គាត់​ជា​អ្នកស្រុក​ផ្ទាល់​ដឹង​ច្បាស់​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​ភូមិ ឃុំ​-​សង្កាត់ និង​ស្គាល់​បងប្អូន​អតីត​ពលករ​ដែល​ទើប​ត្រឡប់​ពី​ថៃ ក៏​ដូច​ជា​បងប្អូន​ដែល​កំពុង​ត្រូវការ​ការងារ​ធ្វើ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​អះអាង​ថា តាម​រយៈ​យុទ្ធនាការ “​ខ្មែរ​ជួយ​រក​ការងារ និង​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​” និង “​យុវជន​ស្ម័គ្រចិត្ត​នៅ​តាម​ឃុំ​-​សង្កាត់ ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ​” រួម​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​ក្រសួង អាជ្ញាធរ​មូលដ្ឋាន ដៃគូ​នានា ក្នុង​ការ​ផ្សព្វផ្សាយ​ឱកាស​ការងារ​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរ​គ្រប់​ៗ​រូប ដែល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ ដែល​សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​ន ហើយ​រហូត​ម​ដល់​ពេល​នេះ មាន​អតីត​ពលករ​ចំនួន​ជាង ២៨​ម៉ឺន​នាក់ ទទួល​បានការ​ងារ​ក្នុង​ប្រព័ន្ធ និង​បងប្អូន​អតីត​ពលករ​រាប់​ម៉ឺន​ផ្សេង​ទៀត បាន​ទទួល​ការងារ​ដោយ​ខ្លួនឯង​ដូច​ជា​ផ្នែក​សំណង់ ភោជនីយដ្ឋាន និង​សិប្បកម្ម ជាដើម​។ ជាមួយ​គ្នា​នេះ នៅ​មានឱកាស​ការងារ​ចំនួន​ជាង​៨,២​ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត​ទាំង​២៥​កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ជា​ពិសេស​បងប្អូន​អតីត​ពលករ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​លើ​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សេវាកម្ម​ ។

នា​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ប្រគល់​កុំព្យូទ័រ​យួរដៃ​ចំនួន ៨០​គ្រឿង និង​អាវ​រងា​ជាង ១០០​អាវ ជូន​ដល់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ចែង​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង ​។

គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែសីហា ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុមការងារ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អនុម័ត​ចុះ​ឈ្មោះ​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ​សរុប​ចំនួន ៣ ២៩៦​នាក់ មក​ពី​គ្រប់​ឃុំ​-​សង្កាត់ នៅ​ទូ​ទាំង​ប្រទេស​។ ក្នុង​នោះ​ដែរ ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ​ទាំងនោះ បាន​ចុះ​ឈ្មោះ​អ្នក​ស្វែងរក​ការងារ​ធ្វើ​បាន​ចំនួន ៧ ៣១៧​នាក់ ដោយ​ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ មាន​ចំនួន ១ ៣១១​នាក់ ​៕ អត្ថបទសហការ