រាជធានីភ្នំពេញ ៖ ថ្លែងក្នុងជំនួបទ្វេភាគីជាមួយប្រមុខរដ្ឋស្តីទីកម្ពុជាប្រធានរដ្ឋសភាកូរ៉េបានគូសបញ្ជាក់ថា តាមការវា.យតម្លៃលើគម្រោង នៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា«នាពេលថ្មីៗនេះការវា.យតម្លៃលើគម្រោងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ» ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ។ ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងរួមចំណែកដល់សន្តិភាពស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ានក៏ដូចជា តំបន់មេគង្គផងដែរ ។
ក្នុងជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលបានផ្តល់ជំនួយអភិវឌ្ឍផ្លូវការ ហិរញ្ញប្បទានឥតសំណងហិរញ្ញប្បទានសម្បទាន ចាប់តាំងពីឆ្នាំ១៩៩៧ ។ ជាការកត់សម្គាល់ក្រោមគោលនយោបាយភាគខាងត្បូងថ្មីបូក (New Southern Policy Plus) កម្ពុជាជាប្រទេសអាទិភាពសម្រាប់ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ។ នៅឆ្នាំ២០២២ កម្ពុជាជាប្រទេសទទួលបានជំនួយច្រើនជាងគេក្នុងចំណោមប្រទេសដៃគូអភិវឌ្ឍន៍របស់កូរ៉េក្នុងទឹកប្រាក់ចំនួន១៥០ លានដុល្លារអាមេរិក ។
សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖« លំហូវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ និងទេសចរណ៍កូរ៉េបានដើរតួនាទីដ៏សំខាន់ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រក្រី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ ។ ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជាទាំងពេល បច្ចុប្បន្ន និងពេលអនាគត គឺមិនអាចកាត់ផ្តាច់បានពីគាំទ្ររបស់សាធារណរដ្ឋកូរ៉េបានឡើយ» ។
ជាមួយគ្នានោះដែរ សម្តេចប្រមុខរដ្ឋស្តីទីបន្ដថា ឆ្នាំ២០២៣នេះរដ្ឋាភិបាលកូរ៉េគ្រោងនឹងផ្តល់ជំនួយឥតសំណងប្រមាណ២៣,២២ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងផ្សេងៗ ក្រោមក្របខ័ណ្ឌ KOICA ក្នុងវិស័យសុខាភិបាល អប់រំ វប្បធម៌ អភិវឌ្ឍជនបទ កសិកម្ម ការបោសសម្អាតមីន និងបរិស្ថាន ។
ជំនួយទាំងអស់នេះ ជាកាយវិការដ៏សប្បុរសរបស់រដ្ឋាភិបាលកូរ៉េ ដែលនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍលើវិស័យអាទិភាពជាច្រើន ពិសេសការបោសសម្អាតមីន ដែលជាការគាំទ្រដល់គោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ខាងមុខ ។ ស្ពាននេះសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយជើងសារទម្រមានលក្ខណៈមួយរង្វើលដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន ។ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខា រួចហើយរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងចំណាយទឹកប្រាក់ចំនួន២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ