ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្ម​​​ខេត្តព្រះសីហនុ ចាប់ឆ្នោត​​​ជ្រើសរើស​​​បេក្ខភាព​

14 ឆ្នាំ មុន

​ខេត្តព្រះសីហនុ​ ៖ ​រសៀលថ្ងៃទី​​​១១ ឧសភា ​​២០១១ ​នៅមន្ទីរពាណិជ្ជ​កម្ម​​ខេត្ត​ព្រះសីហនុ ​មាន​រៀបចំ​ពិធីចាប់ឆ្នោត​​ជ្រើ​ស​រើស​​លេខ​រៀង​​ដាក់ក្នុង​សន្លឹក​ឆ្នោត ​សម្រាប់ការ​បោះ​ឆ្នោត​​ជ្រើសរើស​​​សមាជិក​ជ្រើសតាំង​​សភា​ពាណិជ្ជ​​កម្ម​​​​ខេត្តព្រះសីហនុ អាណត្តិ​ទី​១ ​លើកទី​​២ ។ ​​ពិធី​ចាប់ឆ្នោត​នេះ​​ប្រព្រឹត្ត​ទៅ​​ក្រោម​​​​​​វត្ត​មាន​ចូលរួម​ជា​ធិបតី​​ពី​​លោក​វេង ​សុធី

​ខេត្តព្រះសីហនុ​ ៖ ​រសៀលថ្ងៃទី​​​១១ ឧសភា ​​២០១១ ​នៅមន្ទីរពាណិជ្ជ​កម្ម​​ខេត្ត​ព្រះសីហនុ ​មាន​រៀបចំ​ពិធីចាប់ឆ្នោត​​ជ្រើ​ស​រើស​​លេខ​រៀង​​ដាក់ក្នុង​សន្លឹក​ឆ្នោត ​សម្រាប់ការ​បោះ​ឆ្នោត​​ជ្រើសរើស​​​សមាជិក​ជ្រើសតាំង​​សភា​ពាណិជ្ជ​​កម្ម​​​​ខេត្តព្រះសីហនុ អាណត្តិ​ទី​១ ​លើកទី​​២ ។ ​​ពិធី​ចាប់ឆ្នោត​នេះ​​ប្រព្រឹត្ត​ទៅ​​ក្រោម​​​​​​វត្ត​មាន​ចូលរួម​ជា​ធិបតី​​ពី​​លោក​វេង ​សុធី អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​ពាណិជ្ជ​​កម្ម​​ និង​ជា​អនុ​ប្រធាន​គណៈ​​​កម្មា​ធិការ​រៀប​ចំ​ការបោះឆ្នោត​​ជ្រើស​រើស​​​សមា​ជិក​​ជ្រើសតាំង​សភាពាណិជ្ជ​កម្ម​កម្ពុជា លោក​ស៊ុន សាខន អភិ​បាល​​រង​​ខេត្ត ជា​ប្រធាន​​គណៈ​កម្មាធិ​ការ​​រៀបចំ​​​ការ​បោះឆ្នោត​​​​សភា​ពាណិជ្ជ​កម្ម​ខេត្ត​​​ព្រះសីហនុ​​ និងលោកស្រីយឿង ​អេង ប្រធាន​​​​មន្ទីរ​​ពាណិជ្ជ​កម្ម​​​ផងដែរ​។​

ថ្លែង​ក្នុង​​ឱកាសនោះ​​ លោក​វេង សុធី ​បាន​ធ្វើការ​​​ណែនាំ ​និង​បង្ហាញ​​ពីនីតិវិធី​ចាប់​ឆ្នោត​​យក​​​លេខ​រៀង​​របស់​បេក្ខភាព​ដាក់​ក្នុង​​សន្លឹក​ឆ្នោត​​ដើម្បី​ដំណើរការ​​បោះឆ្នោត​​​ជ្រើសតាំង​​​សភា​ពាណិជ្ជកម្ម​​​​ខេត្ត​នា​​​ថ្ងៃទី​​២២ ឧសភា ​​​ខាង​មុខនេះ ​សម្រាប់អាណត្តិ​​​ទី​១ លើកទី​២ ។ លោកវេង សុធី បាន​ឱ្យ​ដឹង​​ផងដែរ​ថា គណៈ​កម្មាធិការ​​បោះ​ឆ្នោត​​បានសម្រេច​​​បញ្ចប់​​អាណត្តិ​​​សមាជិក​​ចាស់​ចំនួន​១០រូប និង​បាន​​ជ្រើសរើស​​​សមាជិកថ្មី​ចំនួន​១១​រូប សម្រាប់​​ប្រកួតប្រជែង​​ជា​បេក្ខ​ភាព​​ឈរ​ឈ្មោះ​​​បោះឆ្នោត​​ជ្រើសតាំង​​​សមាជិកស​ភា​ពាណិជ្ជ​កម្ម​​ខេត្តព្រះសីហនុចំនួន​១០រូប​​លើ​​១១​រូប ​​ហើយមានសមាជិក​​​គាំទ្រ​ចុះឈ្មោះ​​​បោះ​ឆ្នោត​​​​ចំនួន​​​៣២២​នាក់ ។ ​ផ្អែក​តាម​​​គោល​ការណ៍​​ច្បាប់​បោះឆ្នោត​​ជ្រើសរើស​​សមាជិក​ជ្រើស​តាំង​​សភា​ពាណិជ្ជ​កម្ម​ខេត្ត​​ សមាជិកគាំទ្រ​​ គឺជា​​​ពាណិជ្ជ​​ករ​ដែល​​កំពុងប្រកប​អាជីវ​កម្ម ហើយ​បាន​បង់ពន្ធ​ ប៉ាតង់ ​ជា​សក្ខី​ភាព។ ​អ្នក​ចូលរួម​បោះ​ឆ្នោត​​​ត្រូវភ្ជាប់មក​ជា​​មួយនូវប័ណ្ណ​​បោះឆ្នោត​​ និងអត្តសញ្ញាណ​​​ប័ណ្ណ ហើយ​​​អ្នក​បោះឆ្នោត​​​ត្រូវ​​មកបោះឆ្នោត​​​ដោយ​ផ្ទាល់។​

ក្រោយពី​មាន​ការ​ចាប់ឆ្នោត​​យកលេខ​រៀង​​​របស់​បេក្ខ​ភាព​ឈរឈ្មោះ​​​ទាំង​១១​រូប ​​សម្រាប់​ដាក់ក្នុង​​សន្លឹកឆ្នោត​​​ គណៈ​កម្មាធិការ​​បោះឆ្នោត​​​បានឱ្យ​ដឹង​លទ្ធ​ផល​ដូចខាង​ក្រោម ៖ ១-បេក្ខ​ភាព​​ឈុន ប៊ុន​ថា ​មានលេខ​រៀង​ទី​៦ ក្នុង​សន្លឹក​ឆ្នោត​ ២-​បេក្ខ​ភាព​​​ឈុន ​សារុំ មាន​លេខ​​រៀង​ទី​​​៣ ក្នុងសន្លឹក​ឆ្នោត​ ៣-​បេក្ខភាព​​ទូច ​ឆាយ មាន​លេខ​​រៀង​ទី​១ ក្នុង​​សន្លឹកឆ្នោត ​៤-​បេក្ខ​ភាព​​​អ៊ឹង ​ជា​សំណាង មានលេខ​រៀង​​ទី​២ ក្នុង​សន្លឹក​ឆ្នោត ៥-បេក្ខ​ភាព​ដូ សុង ​មានលេខរៀង​ទី​៨ ក្នុងសន្លឹក​ឆ្នោត ​៦-​បេក្ខភាព​​ឃួន ប៊ុនសែ ​មាន​លេខ​រៀង​ទី​​១១ ក្នុងសន្លឹក​ឆ្នោត​ ៧-បេក្ខ​ភាព​​​តូវ ជី​ហួង មានលេខ​រៀង​​ទី​៧ ក្នុង​​​សន្លឹកឆ្នោត ​៨-​បេក្ខភាព​ទេស ​សុធា មានលេខ​រៀង​ទី​​​៤ ក្នុង​សន្លឹក​ឆ្នោត ៩-បេក្ខ​ភាព​​លិ គឹមហួរ មាន​លេខ​រៀង​ទី​​៩ ក្នុង​សន្លឹកឆ្នោត ១០-​បេក្ខ​ភាព​​​លឹម ​លី​ឆាយ ​មានលេខ​រៀង​ទី​១០ ក្នុងសន្លឹក​ឆ្នោត​​ និង​១១-​​បេក្ខ​ភាព​​​ឃុន ​សុភ័ណ្ឌ មានលេខ​រៀង​ទី​១១ ក្នុង​សន្លឹក​ឆ្នោត ។

​លោកស៊ុន សាខន អភិបាល​រង​ខេត្ត និង​ជា​ប្រធាន​​គណៈ​កម្មាធិការ​បោះឆ្នោត​​ជ្រើ​សតាំង​សមាជិក​សភា​ពាណិជ្ជ​កម្ម​ខេត្តព្រះសីហនុ ​បាន​ឱ្យ​​ដឹង​ផងដែរ​ថា ​ក្រោយពី​ការប្រព្រឹត្ត​​​​ទៅ​កាលបរិ​ច្ឆេទ​​បោះឆ្នោត​​ជ្រើសតាំង​​សមាជិកសភា​ពាណិជ្ជ កម្ម​ខេត្ត​​​ថ្ងៃ​ទី​​២២ ឧសភា ​​​២០១១ ចំនួន​១០​រូប​រួចមក​​ សមាជិកជ្រើសតាំង​ទាំង​​១០រូប ​រួមទាំង​​អនុ​​ប្រធាន​​សភា​​អាណត្តិ​​ចាស់​ នឹង​ធ្វើ​​​ការ​បោះ​ឆ្នោត​​ជ្រើសរើស​​ប្រធាន​​សភា​ពាណិជ្ជកម្ម​​ខេត្ត​អាណត្តិ​ថ្មី​ចំនួន​១រូប ​​ចំណែក​អនុប្រធាន​​​ចាស់​ចំនួន​​​៤រូប ​​នៅ​​​បន្ត​អាណត្តិ​​​​ដដែល ពុំមានការ​​បោះ​ឆ្នោត​ទេ ។ មានការ​​ព្យាករណ៍​​ជាមុនថា តំណែង​ប្រធាន​សភា​ពាណិជ្ជ កម្ម​ខេត្ត​អាណត្តិទី​​១ លើកទី​​២នេះ ​នឹង​បាន​ទៅ​លើលោកសុខ សុង ទីប្រឹក្សា​​សម្តេច​​ជា ស៊ីម ​​ជំនួស​​​ឧកញ៉ា​លឹម ហ៊ុយ​ឡេង ប្រធានចាស់​ដែល​ត្រូវ​ចូល​និវត្តន៍ ព្រោះ​បេក្ខភាព​មាន​តែ​ម្នាក់​​ឯង​គ្មាន​​អ្នកប្រកួត​​ប្រជែង​ឡើយ ៕