វៀតណាម ៖ សាជីវកម្មកាហ្វេប្រេនធំៗលំដាប់ពិភពលោកជាច្រើន បាននិងកំពុងបង្ហាញវត្តមាននៅក្នុងប្រទេសវៀតណាម ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សាជីវកម្មកាហ្វេប្រេនធំៗទាំងនោះ ដូចជាក្រុមហ៊ុន Starbucks នៅតែមិនអាចផ្តួលកាហ្វេចិញ្ចើមផ្លូវ ឬហាងតូចៗ របស់វៀតណាមបានឡើយ។ នេះបើយោងតាមបទយកការណ៍មួយរបស់សារព័ត៌មាន BBC ចេញផ្សាយកាលពីពេលថ្មីៗនេះ។

យោងតាមគេហទំព័រ Euromonitor International បានបង្ហាញថា សាជីវកម្មកាហ្វេ Starbucks របស់សហរដ្ឋអាមេរិកមានចំណែកត្រឹម ២% ប៉ុណ្ណោះ នៃទីផ្សារភេសជ្ជៈកាហ្វេរបស់ប្រទេសវៀតណាម ដែលមានតម្លៃសរុប ១.២ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ ដែលបានបង្ហាញថា ការបោះជំហានចូលក្នុងទីផ្សារកាហ្វេវៀតណាមរបស់ Starbucks មិនបានរីកចម្រើនយ៉ាងឆាប់រហ័សនោះទេ ជាមួយនឹងហាងចំនួន ៩២ របស់ខ្លួន។

លោក Nathanael Lim អ្នកវិភាគនៅ Euromonitor International បានលើកឡើងថា វត្តមានរបស់ Starbucks នៅតែមានកម្រិត ដោយសារតែចំណង់ចំណូលចិត្តរបស់ប្រជាជនវៀតណាម គឺរសជាតិកាហ្វេក្នុងស្រុក ឬកាហ្វេប្រពៃណី។
Starbucks បានប្រាប់ BBC ថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែងក្នុងប្រទេសវៀតណាម ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថា តើវាមានផលចំណេញកម្រិតណានោះទេ។ ប៉ុន្តែទោះយ៉ាងណា Starbucks នៅតែដំណើរការបានល្អជាងដៃគូប្រកួតប្រជែងអន្តរជាតិដទៃផ្សេងទៀត។

ជាក់ស្តែង ខ្សែសង្វាក់មួយផ្សេងទៀតរបស់អាមេរិកគឺ The Coffee Bean & Tea Leaf មានហាងតែ ១៥ ប៉ុណ្ណោះ នៅវៀតណាម បន្ទាប់ពីដំណើរការអស់ពេល១៥ឆ្នាំ។ កាហ្វេ Mellower ដែលជាកម្មសិទ្ធិរបស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងបិទទ្វារ បន្ទាប់ពីដំណើរការអស់ពេល៤ឆ្នាំ នៅវៀតណាម ខណៈដែល Gloria Jean’s របស់អាមេរិក-អូស្ត្រាលី បានបោះបង់ទីផ្សារវៀតណាម កាលពីឆ្នាំ ២០១៧ ដោយពួកគេប្រហែលជាប្រឈមមុខនឹងបញ្ហាដូចគ្នាទៅនឹង Starbucks ដែរ សម្រាប់ពីទីផ្សារដ៏លំបាករបស់វៀតណាម ដែលជាប្រទេសនាំចេញកាហ្វេធំទី២ របស់ពិភពលោក ដែលមានចំណែកទីផ្សារសកល ២០.១% បន្ទាប់ពីប្រេស៊ីលដែលមានរហូតដល់ ៣០.៣%។

នាង Tu Anh Le ដែលចូលចិត្តទៅហាង Starbucks នៅកណ្តាលទីក្រុងហូជីមិញ ជាមួយមិត្តភក្តិរបស់នាង បានស្លៀកពាក់យ៉ាងស្រស់ស្អាត ដើម្បីថតរូប Selfie នៅហាងកាហ្វេប្រណិតភាពដូចសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះ។ យុវតីវ័យ២៦ឆ្នាំរូបនេះ បានប្រាប់ BBC ថា «រូបភាពនៅ Starbucks ធ្វើឱ្យ Instagram របស់ខ្ញុំទទួលបានការចាប់អារម្មណ៍ខ្លាំង។ ខ្ញុំទទួលបានការចុច Like ច្រើន និងមតិល្អៗ ដែលនិយាយថា ខ្ញុំមើលទៅទាន់សម័យ។ ខ្ញុំមិនចូលចិត្តញ៉ាំកាហ្វេទេ ព្រោះវាធ្វើឱ្យធ្មេញខ្ញុំលឿង ខ្ញុំចូលចិត្តភេសជ្ជៈក្រឡុក ឬតែទឹកដោះគោគុជ»។

សម្រាប់ទីផ្សារប្រកួតប្រជែងដូចជាប្រទេសវៀតណាម ផ្លូវដ៏មមាញឹកមួយ តែងតែមានហាងកាហ្វេយ៉ាងហោចណាស់ ១០ ចាប់ពីតូបតាមចិញ្ចើមផ្លូវ រហូតដល់ហាងកាហ្វេតាមផ្ទះ ឬហាងទំនើប។ ការទទួលទានកាហ្វេ គឺនៅឆ្ងាយពីភាពប្រណិត នៅប្រទេសវៀតណាម ដែលនិយមកាហ្វេតាមចិញ្ចើមផ្លូវ ឬកាហ្វេរទេះរុញ ដែលជាញឹកញាប់តែងបម្រើភេសជ្ជៈនៅលើតុកៅអីតូចៗ និងផង់ប្លាស្ទិកតូចៗ ជាមួយតម្លៃថោក។ នៅកន្លែងខ្លះទៀត ថែមទាំងផ្តល់កាសែតដល់ភ្ញៀវធ្វើជាកម្រាល ដើម្បីរីករាយនឹងការអង្គុយទទួលទានកាហ្វេផ្ទាល់លើដី។

ភាគច្រើននៃប្រជាជនវៀតណាម បានលើកឡើងថា កាហ្វេប្រពៃណីវៀតណាមឆុងដោយដៃមានរសជាតិឆ្ងាញ់ពិសេស ជាមួយនឹងក្លិនដ៏ក្រអូបរបស់វា ខណៈដែលកាហ្វេឆុងដោយប្រើតម្រងសំណប៉ាហាំង ដែលត្រូវបានហៅថា កាហ្វេហ្វីន (Phin) គឺពេញនិយមខ្លាំងជាទីបំផុត នៅក្នុងប្រទេសវៀតណាម។

គួររំលឹកថា អាណានិគមបារាំង បានណែនាំកាហ្វេដល់វៀតណាម នៅសតវត្សទី១៩ ប៉ុន្តែដើមកាហ្វេដំបូងគេគឺជាពូជអារ៉ាប៊ីកា (Arabica) ដែលមិនសម្របបានល្អទៅនឹងអាកាសធាតុក្តៅ ហើយសើមរបស់វៀតណាមឡើយ។ ជាច្រើនឆ្នាំក្រោយមក ជនជាតិបារាំងបាននាំយកពូជកាហ្វេរ៉ូប៊ូស្តា (Robusta) ដែលនោះហើយ គឺជាកាហ្វេពេញនិយមនៅក្នុងប្រទេសវៀតណាមរហូតដល់សព្វថ្ងៃនេះ។ រ៉ូប៊ូស្តាមានជាតិកាហ្វេអ៊ីនច្រើនជាង ហើយរសជាតិខ្លាំងជាង ហើយក៏ល្វីងជាងផងដែរ។

សព្វថ្ងៃនេះ សាជីកម្មកាហ្វេវៀតណាមមួយចំនួន បានច្នៃដោយលាយកាហ្វេរ៉ូប៊ូស្តា បែបបុរាណជាមួយស៊ុត យ៉ាអ៊ួទឹកដោះគោ និងសូម្បីតែផ្លែឈើ ដើម្បីជាការទាក់ទាញអតិថិជន។ ខ្សែសង្វាក់កាហ្វេក្នុងស្រុកដ៏ពេញនិយម Cong Coffee បានបញ្ជាក់ថា ភេសជ្ជៈកាហ្វេ ដែលអតិថិជនរបស់ខ្លួនចូលចិត្តបំផុតគឺ កាហ្វេដូង ដែលលាយជាមួយក្រែមដូង ទឹកដោះគោខាប់ និងទឹកកក ដែលផ្តល់រសជាតិ និងក្លិនឈ្ងុយឆ្ងាញ់៕ (ប្រភពពី BBC)

ចែករំលែកព័តមាននេះ