ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ក្ខ​នារី​បវរកញ្ញា​ចក្រវាល​ឥណ្ឌូ​ណេ​ស៊ី​ច្រើន​នាក់ ដាក់​ពាក្យ​ប្តឹង ក្រោយ​រង​ការ​បំពា.ន​ផ្លូវភេ.ទ

8 ខែ មុន

ឥណ្ឌូ​នេ​ស៊ី ៖ បេ​ក្ខ​នារី​បវរកញ្ញា​ចក្រវាល​ឥណ្ឌូ​ណេ​ស៊ី​ឆ្នាំ ២០២៣ ជា​ច្រើន​នាក់ (Miss Universe

ឥណ្ឌូ​នេ​ស៊ី ៖ បេ​ក្ខ​នារី​បវរកញ្ញា​ចក្រវាល​ឥណ្ឌូ​ណេ​ស៊ី​ឆ្នាំ ២០២៣ ជា​ច្រើន​នាក់ (Miss Universe Indonesia) បាន​ចុះ​ឈ្មោះ​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស ដោយ​ចោទប្រកាន់​អ្នក​រៀបចំ​កម្មវិធី ជុំវិញ​ការ​បំពា.ន​ផ្លូវភេ.ទ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៣​។

មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​របស់​ពួក​គេ​បាន​បញ្ជាក់​ថា បណ្តា​បេ​ក្ខ​នារី​បវរកញ្ញា​ត្រូវ​បាន​ស្នើ​ឱ្យ​ដោះ​អាវ​ចេញ​សម្រាប់​ការ​ពិនិត្យ​រាង​កាយ និង​ថតរូប ពោល​គឺ​២​ថ្ងៃមុន​ពេល​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៣ ដោយ​អ្នក​រៀបចំ​កម្មវិធី​អះអាង​ថា បេ​ក្ខ​នារី​បវរកញ្ញា​ត្រូវ​តែ​ពិនិត្យ​រក​ស្លាកស្នាម និង​សាច់​យារ​ធ្លាក់ (Cellulite) ឬ​ស្នាម​សាក់​នៅ​លើ​ដងខ្លួន​របស់​ពួក​គេ​។

បេ​ក្ខ​នារី​បវរកញ្ញា​ម្នាក់ បាន​និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា សិទ្ធិ​របស់ខ្ញុំ​ត្រូវ​បាន​គេ​រំលោភ​បំពា.ន​»​។ នាង​បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​ជាមួយនឹង​អ្នក​មិន​ពេញ​ចិត្តជា​ច្រើន​នាក់​ផ្សេង​ទៀត កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា «​វា​បាន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ខ្ញុំ​។ ខ្ញុំ​មាន​បញ្ហា​គេង​មិន​លក់​» ខណៈ​ដែល​ទូរទស្សន៍​ក្នុងស្រុក បាន​បិទមុខ​របស់​ពួក​នាង នៅ​ក្នុង​ការ​ផ្សាយ​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​ពួក​គេ​។

លោកស្រី Mellisa Anggraeni មេធាវី​តំណាង​ឱ្យ​បេ​ក្ខ​នារី​បវរកញ្ញា​៣​នាក់ ដែល​បាន​ប្តឹង​តវ៉ា​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​នាក់​ទៀត នឹង​ចេញ​មុខ​ប្តឹង​ប្រឆាំង​ទ​ង្វើ​បែប​នេះ​។ ស្រប​ពេល​ដែល​ប៉ូលិស​ប្រចាំ​រដ្ឋធានី​ហ្សា​កា​តា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា ពួក​គេ​នឹង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​។

បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​រៀបចំ​កម្មវិធី នាង Poppy Capella បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ថា ម្ចាស់​កម្មវិធី​បវរកញ្ញា​ចក្រវាល​ឥណ្ឌូ​នេ​ស៊ី នឹង​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​នេះ​។ ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ អង្គភាព​បវរកញ្ញា​ជាស​កល (The Global Miss Universe Organisation) បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​ភាព​មិន​សមរម្យ​ផ្លូវភេទ​យ៉ាងធ្ងន់ធ្ងរ លើ​បេ​ក្ខ​នារី​បវរកញ្ញា​ឥណ្ឌូ​នេ​ស៊ី​។

ដោយឡែក នាង Maria Harfanti បវរកញ្ញា​ចក្រវាល​ឥណ្ឌូ​នេ​ស៊ី​ឆ្នាំ ២០១៥ បាន​ថ្លែង​ថា ខណៈ​ដែល​ការ​ពិនិត្យ​រាង​កាយ​ត្រូវធ្វើ​ជា​ធម្មតា នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ប៉ុន្តែ​បេ​ក្ខ​នារី​បវរកញ្ញា​មិន​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​ដោះ​សំលៀក​បំពាក់​នោះ​ទេ​។ នាង​បន្ថែម​ថា អ្នក​រៀបចំ​កម្មវិធី​ក៏​តែងតែ​ស្នើ​សុំ​ធ្វើ​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ ដើម្បី​ធ្វើ​រង្វាស់​ជាតិ​ខ្លាញ់​រាង​កាយ​ដោយ​ផ្អែក​លើ​កម្ពស់ និង​ទម្ងន់​របស់​បេក្ខភាព​ប្រឡង​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ អ្នក​តវ៉ា​ម្នាក់ បាន​និយាយ​ថា ការ​ត្រួតពិនិត្យ​រាង​កាយ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​បិទ​ជិត​មួយ ប៉ុន្តែ​បុរស​មួយ​ចំនួន​ក៏​មាន​វត្ត​មាននៅ​ក្នុង​នោះ​ផង​ដែរ​។ នាង​បាន​បន្ថែម​ថា ទ្វារ​មិន​ត្រូវ​បាន​បិទ​ទាំងស្រុង​នោះ​ទេ ដោយ​ផ្តល់​ឱ្យ​មនុស្ស​នៅ​ខាងក្រៅ​អាច​មើលឃើញ​។

កម្មវិធី​ប្រកួត​សម្រស់​ត្រូវ​បាន​ប្រព្រឹត្តិ​យូរ​មក​ហើយ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដោយ​អ្នក​រៀបចំ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ដើម្បី​កុំ​ធ្វើ​ឱ្យ​ខូច​ដល់​ផ្នែក​អភិរក្ស​នៃ​សង្គម​ឥណ្ឌូ​នេ​ស៊ី ។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ ២០១៣ កម្មវិធី​បវរកញ្ញា​ពិភពលោក បាន​សម្រេច​លុប​ចោលការ​ប្រកួត​វគ្គ​ឈុត​ប៊ី​គី​នី នៅ​ពេល​ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ភាគច្រើន​កាន់សាសនា​ឥ​ស្លា​ម ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាង Fabienne Nicole Groeneveld មក​ពី​រដ្ឋធានី​ហ្សា​កា​តា គឺជា​ម្ចាស់​មកុដ​នៃ​កម្មវិធី​បវរកញ្ញា​ចក្រវាល​ឥណ្ឌូ​ណេ​ស៊ី​ឆ្នាំ ២០២៣ (Miss Universe Indonesia 2023) ហើយ​នាង​នឹង​តំណាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្រាប់​ការ​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្រវាល​​ឆ្នាំ ២០២៣ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ខាង​មុខ​នេះ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ