រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មហាជន ជាពិសេសបណ្តាអ្នកនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈបានដាក់ការសង្ស័យថា ចំណងស្នេហ៍រវាងតារាចម្រៀងនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ទំនងដល់ផ្លូវបំបែកហើយ បន្ទាប់ពីគេឃើញតារាចម្រៀងស្រីរូបនេះ បញ្ចេញសារប្លែកៗបង្ហោះនៅលើបណ្តាញសង្គម។ យ៉ាងណា ការសង្ស័យនេះ គឺផ្ទុយស្រឡះពីការគិត ក្នុងពេលដែលចំណងស្នេហ៍របស់តារាមួយគូរនេះ នៅតែផ្អែមល្ហែម និងរឹងមាំ ខណៈពេលអ្នកទាំង២ អាចនឹងមានដំណឹងពីការចូលរោងការនាឆ្នាំក្រោយនេះផងដែរ។

តាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវតារាសម្តែងលោក ឆឹម សក្កដា បានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ គេបានឃើញសកម្មភាពរបស់អ្នកទាំង២បង្ហាញមុខរួមគ្នានៅក្នុងការផ្តឹមមេដៃទៅលើក្រដាសស្នាមអ្វីមួយ។ បើទោះបីជាអ្នកទាំង២ មិនបានបញ្ជាក់ថា ការផ្តឹតមេដៃនោះ គឺក្នុងការងារអ្វីក៏ដោយ ប៉ុន្តែផ្អែកលើពាក្យសម្តីដែលអ្នកទាំង២បាននិយាយនោះ គឺការផ្តឹតមេដៃនេះ គឺមិនមែនសំដៅទៅលើក្រដាសស្នាមនៃការផ្តាច់ទំនាក់ទំនងជាគូដណ្តឹងនឹងគ្នាឡើយ។
តាមរយៈវីដេអូខាងលើ តារាសម្តែងលោក ឆឹក សក្កដា បានលើកជាសំណួរទៅកាន់តារាចម្រៀង ពេជ្រ សោភា ថា តើនេះជាការផ្តឹមមេដៃលែងលះគ្នាមែនទេ?។ ក្នុងពេលនោះ តារាចម្រៀង ពេជ្រ សោភា ក៏បានឆ្លើយតបវិញថា «ម៉េចត្រូវលែងលះ»។ ជាងនេះទៅទៀត តារាចម្រៀង ពេជ្រ សោភា ក៏បានបញ្ជាក់ច្បាស់ៗថា «ការផ្តឹតមេដៃនេះ អោយមហាជនបានដឹងថា យើងជាគូដណ្តឹងច្បាស់លាស់ ហើយដាច់ឆ្នាំនឹងយើងនឹងប្តូរពីឈ្មោះគូដណ្តឹងមកជាប្តីប្រពន្ធវិញ»។
តាមរយៈការលើកឡើងខាងលើនេះ គឺមានន័យថា អ្នកទាំង២អាចនឹងមានដំណឹងចូលរោងការនៅបំណាច់ឆ្នាំក្រោយនេះហើយ ក្នុងពេលដែលលោក ឆឹម សក្កដា ក៏បានបញ្ជាក់ច្បាស់ៗទៅកាន់មហាជនថា «ឈប់ញ៉ែខ្ញុំចាប់ពីថ្ងៃនេះតទៅ»។

យ៉ាងណាសកម្មភាពនេះ បើទោះជាពិតឬមិនពិត? គេឃើញមានមហាជន ជាពិសេសបណ្តាអ្នកគាំទ្រអ្នកទាំង២ បានសម្តែងការអបអរសាទរ ក្នុងពេលដែលពួកគេម្នាក់ៗសម្តែងការសោកស្តាយក្រោយលេចលឺព័ត៌មានពីការបាក់បែកគ្នាកាលពីពេលថ្មីៗនេះ។
ជាការកត់សម្គាល់ មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើលក្នុងពេលដែលតារាចម្រៀងនាង ពេជ្រ សោភា បញ្ចេញសារប្លែកមួយនៅបណ្តាញសង្គម ហាក់បង្ហាញពីការបែកបាក់ជាថ្មីជាមួយគូស្នេហ៍ គឺតារាសម្តែងលោក ឆឹម សក្កដា។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា ក៏បានបញ្ចេញសារភ្ញាក់ផ្អើលថា «បើមិនអាចទៅមុខជាមួយគ្នាបានទេ ប្តូរឈ្មោះជាមិត្តភក្តិវិញទៅ ទោះយើងបែកគ្នា តែយើងអាចរាប់អានគ្នា យើងទាំងពីរប្រហែលមិនមែនជាគូរនឹងគ្នាទេ មិត្តភាពល្អ បងប្រុសល្អ កុំចងគ្នាទាំងដែលយើងគ្មានពេលអោយគ្នា ចងចាំ»។

ជាងនេះទៅទៀត ជាមួយនឹងរូបភាពថត MV ជាមួយគូស្នេហ៍លោក ឆឹម សក្កដា កាលពីពេលកន្លងទៅ តារាចម្រៀង ពេជ្រ សោភា ក៏បានភ្ជាប់ជាមួយនឹងសារដែរថា «ត្រឹមឈ្មោះជាមិត្តភក្តិនឹងហើយល្អ ឈ្មោះនេះពីរោះ យើងមានសេរីភាពទៀត យ៉ាងណាយើងជាមិត្តល្អ ថ្ងៃមុនថត MV ទេ ចាំខ្ញុំមានស្នេហាមែនទែន ចាំខ្ញុំបង្ហាញមុខ»។
តាមរយៈសារដែលបានបង្ហោះខាងលើនេះ មហាជនបានដាក់ការសង្ស័យថា ចំណងស្នេហ៍របស់តារាចម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា ពិតជាបានដល់ផ្លូវបំបែកពិតមែនឬយ៉ាងណា? ខណៈពេលដែលមហាជនខ្លះបានធ្វើការសន្និដ្ឋានថា ទាំងអស់នោះអាចជាការសម្តែងតែប៉ុណ្ណោះ។
គួររំលឹកផងដែរថា ៖ តារាចម្រៀង ពេជ្រ សោភា បង្ហោះសារ១ឃ្លាទៅ ឆន សុវណ្ណរាជ ក្រោយធ្លាយតម្រុយសង្ស័យបែកបាក់ស្នេហ៍ ពិតទេ? ៕
ចែករំលែកព័តមាននេះ