ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ទី​២​ជប៉ុន​ចេញ​សុំ​ទោស ក្រោយ​ជើងហោះហើរ​ត្រូវ​ពន្យារពេល ព្រោះ​ពី​ឡុ​ត​ស្រវឹ.ង

1 នាទី មុន

ប្រទេស​ជប៉ុន ៖ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​លំដាប់​ទី​២​របស់​ជប៉ុន Japan Airlines (JAL) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ…

ប្រទេស​ជប៉ុន ៖ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​លំដាប់​ទី​២​របស់​ជប៉ុន Japan Airlines (JAL) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ បន្ទាប់​ពី​ជើងហោះហើរ​ចំនួន ៣ ត្រូវ​បាន​ពន្យារពេល ដោយសារ​តែ​អ្នក​បើក​យន្តហោះ​ម្នាក់​ស្រវឹង​ជោគ ដែល​ជំរុញ​ឱ្យ​មានការ​ស្តីបន្ទោស​ជា​លើក​ទី​ពីរ​ពី​ក្រសួង​ដឹក​ជញ្ជូន​ក្នុង​រយៈពេល​តិច​ជាង​១​ឆ្នាំ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទី​ភ្នា​ក់​សារព័ត៌មាន AFP បាន​ចេញផ្សាយ​។

លោកស្រី Mitsuko Tottori ដែល​ជា​ប្រធាន​ក្រុមហ៊ុន Japan Airlines បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​ផ្ទាល់ ដើម្បី​សុំ​ទោស​ចំពោះ​រឿងហេតុ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៨ ខែសីហា កន្លង​ទៅ ដែល​អ្នក​បើក​យន្តហោះ​ម្នាក់​បាន​ទទួលទាន​គ្រឿង​ស្រវឹង​ផឹក​ច្រើន​ហួស​កម្រិត​នៅ​ឯ​កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក ហើយ​មិន​មក​បញ្ជា​ចង្កូត​ហោះហើរ​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​ណា​ហ្គោ​យ៉ា (Nagoya) ប្រទេស​ជប៉ុន នៅ​ថ្ងៃ​បន្ទាប់​។ រឿងហេតុ​នេះ បាន​បណ្តាល​ឱ្យ​មានការ​ពន្យារពេល​ការ​ហោះហើរ​យន្តហោះ​របស់​ក្រុមហ៊ុន​ចំនួន ៣ គ្រឿង ហើយ​ក្នុង​នោះ​មាន​១​គ្រឿង ត្រូវ​ពន្យារពេល​រហូត​ដល់​១៨​ម៉ោង​ឯណោះ​។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ពោល​ថ្ងៃ​ទី​១០ ខែកញ្ញា កន្លង​ទៅ ក្រសួង​ដឹក​ជញ្ជូន​ជប៉ុន​បាន​កោះហៅ​លោក Yukio Nakagawa ប្រធាន​ផ្នែក​សុវត្ថិភាព​របស់​ក្រុមហ៊ុន Japan Airlines ដើម្បី​ទទួល​ការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ថ្មី​ពី​មន្ត្រីជាន់ខ្ពស់​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លោកស្រី Mitsuko Tottori បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោកស្រី នឹង​ពង្រឹង​ការ​ត្រួតពិនិត្យ​បន្ថែម​ទៀត​លើ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​សុខភាព​បុគ្គលិក​ទាំងអស់ ដោយ​ចាត់​ទុក​បញ្ហា​ដែល​បាន​កើតឡើង​នេះ ជា​រឿង​ត្រូវ​កែតម្រូវ​ជា​ចាំបាច់ ព្រោះ​វា​បាន​កើតឡើង បើ​ទោះបីជា​មាន​វិធានការ​ដាក់​ចេញ​កាលពី​ខែធ្នូ​កន្លង​ទៅ​យ៉ាងណា​ក៏​ដោយ​។

ជាមួយ​គ្នា​នោះ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ជប៉ុន លោក Hiromasa Nakano ក៏​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​រួច​ទៅ​ហើយ ដោយ​លោក​បាន​លើក​ឡើង​ថា ការ​ពិត​ដែល​ថា​បញ្ហា​បែប​នេះ បាន​កើតឡើង​ម្តង​ហើយ​ម្តងទៀត ដោយសារ​ក្រុមហ៊ុន​បាន​បរាជ័យ​ក្នុង​ការ​អប់រំ​បុគ្គលិក​ម្នាក់​ៗ​ឱ្យ​បាន​ហ្មត់ចត់​អំពី​បញ្ហា​សុវត្ថិភាព​។

គួរ​រំលឹក​ថា កាលពី​ខែធ្នូ ឆ្នាំ​២០២៤ ក្រុមហ៊ុន Japan Airlines បាន​ហាមប្រាម​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ទាំងអស់​ក្នុង​ចំណោម​អ្នក​បើក​ហោះហើរ អំឡុង​ពេល​ស្នាក់​នៅ​ក្នុង​តួនាទី​បំពេញការងារ​មួយ​យប់ បន្ទាប់​ពី​អ្នកបម្រើ​ការ​លើ​យន្តហោះ​ពីរ​នាក់​បាន​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត មុន​ពេល​ដល់​ម៉ោង​ហោះហើរ​របស់​ពួក​គេ​ចេញពី​ទីក្រុង​មែ​ល​ប៊​ន (Melbourne) ប្រទេស​អូស្ត្រាលី ទៅ​ទីក្រុង​ណា​រី​តា (Narita) ប្រទេស​ជប៉ុន ដែល​បណ្តាល​ឱ្យ​មានការ​ពន្យារពេល​ហោះហើរ​៣​ម៉ោង​។ នៅ​ឆ្នាំ​២០១៨ អ្នក​បើក​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចក្រភព​អង់គ្លេស​ភ្លាម​ៗ មុន​ពេល​ហោះហើរ ដោយសារ​ការ​លើស​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម​ជិត​១០​ដង​នៃ​កម្រិត​ហាមឃាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ