រាជធានីភ្នំពេញ ៖ លោកយឹម វណ្ណដា ក្នុងវ័យ៣៤ឆ្នាំ ជាអ្នកចម្រៀងនិយមជ្រើសរើសបទមនោសញ្ចេតនាចាស់ៗក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ របស់អធិរាជសំឡេងមាសស៊ិន ស៊ីសាមុត មានទឹកដមសំនៀងពីរោះមួយបែប។ លោកច្រៀងជាប្រចាំនៅក្នុងភោជនីយដ្ឋានបឹងមាស និងកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលចេញ-ចូលនៅទីនោះ ។ ក្រៅពីនេះ ក៏មានប្រិយមិត្តទស្សនិកជនជាច្រើនបានគាំទ្រលោកផងដែរ ព្រោះកន្លងមក ជាញឹកញាប់លោកតែងបានឡើងច្រៀងជាកិត្តិយសនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានាស្ទើរគ្រប់ប៉ុស្តិ៍គ្រប់កម្មវិធី។
លោកយឹម វណ្ណដា បានរៀបរាប់រំឭកឱ្យដឹងថា លោកបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងតាំងពីឆ្នាំ១៩៩៨មកម៉្លេះ នៅតាមភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងតំបន់ព្រែកលៀប ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោកមានឈ្មោះបោះសំឡេងល្បីគួរសមដែរ ។ លោកយឹម វណ្ណដា បានឱ្យដឹងថា ការដែលលោកជ្រើសរើសបទចម្រៀងរៀមច្បងរបស់លោកស៊ិន ស៊ីសាមុត មកច្រៀងនេះគឺ ទី១-លោកចង់ចូលរួមថែរក្សាអភិរក្សបទចម្រៀងរបស់លោកស៊ិន ស៊ីសាមុត ឱ្យនៅគង់វង្ស ព្រោះវ៉ុលបទចម្រៀងរបស់គាត់នីមួយៗសុទ្ធតែបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់មនុស្សខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់សង្គមជាតិទៀតផង។ ទី២-ដោយសារតែពេលលោកច្រៀងបទរបស់លោកស៊ីន ស៊ីសាមុត មានប្រិយមិត្តបងប្អូនទស្សនិកជនខ្មែរគាំទ្រនូវទឹកដមសំឡេងរបស់លោកច្រើន។ លោកយឹម វណ្ណដា បន្តថា សព្វថ្ងៃលោកច្រៀងជាប្រចាំនៅភោជនីយដ្ឋានបឹងមាសរាល់រាត្រី ហើយពេលថ្ងៃទំនេរ លោកធ្វើជាជាងតោនរថយន្ត ។ ជាញឹកញាប់លោកតែងមានឱកាសបានឡើងច្រៀងជាកិត្តិយសក្នុងកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានាគ្រប់ប៉ុស្តិ៍ទាំងអស់។
លោកយឹម វណ្ណដា និយាយថា ការដែលលោកប្រើពេលវេលាយ៉ាងមមាញឹកបែបនេះ ក៏ដោយសារចង់បានប្រាក់យកមកចិញ្ចឹមកូនស្រី និងព្យាបាលភរិយាដែលមានជំងឺដេកនឹងកន្ទេលអស់រយៈពេលជិត៥ឆ្នាំហើយ គឺតាំងពីកូនស្រីលោកកើតបាន៨ខែម៉្លេះ ឥឡូវកូនស្រីលោកមានអាយុ៤ឆ្នាំហើយ ។ លោកបន្តថា ប្រពន្ធរបស់លោកចាប់ផ្តើមមានជំងឺក្រោយពីរៀបការបានជាងមួយឆ្នាំ គឺគាត់មានជំងឺសន្លាក់់ឆ្អឹង ដូច្នេះហើយទើបលោកខិតខំប្រឹងប្រែងតស៊ូរកប្រាក់ដើម្បីចិញ្ចឹមកូន និងប្រពន្ធដោយមិនរួញរាឡើយ៕
ចែករំលែកព័តមាននេះ