រាជធានីភ្នំពេញ ៖ អ្នកនាង ដេនី ក្វាន់ បានប្រកាសជាសាធារណៈដោយមិនអោយកូនស្រីរបស់ខ្លួន គឺ ល្អ ហួស មិនអោយចូលកម្មវិធីប្រកួតបវរកញ្ញាណាដែលគ្រប់គ្រងដោយជនជាតិថៃនោះឡើយ បន្ទាប់ពីមានកើតជម្លោះតាមព្រំដែនរវាងប្រទេសទាំងពីរ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមអ្នកនាង ដេនី ក្វាន់ បានលើកឡើងថា នាងខ្ញុំសុំប្រកាសថា គ្រប់កម្មវិធីប្រកួត Miss ដែលមានជនជាតិសៀមជាអ្នកគ្រប់គ្រងដាច់ខាតកូនស្រី ល្អហួស គាត់មិនចូលរួមប្រកួតទេ ។
នាងបញ្ជាក់ថា យើងដឹងចរិតសៀមច្បាស់ហើយរឿងទឹកដី វាហ៊ានបំពានហើយទាំងដឹងថាដីខ្មែរជារបស់យើងចុះត្រឹមMiss រឿងអីវាអោយតម្លៃយើង រឿងអីយើងត្រូវបន្ថោកខ្លួនទៅចូលរួមក្រកួតកម្មវិធីរបស់វា មិនទៅប្រកួតនាំថោកគេដៀលដល់ជាតិយើងទេ ។

តាមរយៈការប្រកាសខាងលើពីអ្នកនាង ដេនី ក្វាន់ នាពេលនេះ គេឃើញមហាជនជាច្រើនសម្តែងការគាំទ្រ ដ្បិតជម្លោះរវាងកម្ពុជា និងថៃ នាពេលនេះ បានបណ្តុះមនសិកាកូនខ្មែរអោយមានឆន្ទះជាតិនិយមយ៉ាងខ្លាំង។
ជាការកត់សម្គាល់ ល្អ ហួស ធ្លាប់បានគ្រងមកុដនៃកម្មវិធី Miss Preteen Junior Idol ២០២៤ ដែលបានធ្វើឡើងនៅក្នុងវគ្គផ្តាច់ព័ត្រកាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ ។
ដោយឡែក ក្រៅពីការគ្រងម្កុដកញ្ញាឯកក្នុងកម្មវិធីខាងលើ ល្អ ហួស ក៏បានឈ្នះពានរង្វាន់ជាច្រើនទៀតផងដែរពីកម្មវិធី ដោយសារនាងអាចមានសមត្ថភាព និងទេពកោសល្យដ៏ល្អសម្រាប់ការប្រកួតពីមួយវគ្គទៅមួយវគ្គ ។

បន្ទាប់ពីគ្រងម្កុដ Miss Preteen Junior Idol ២០២៤ ជាជំហានដំបូងរបស់ខ្លួននាពេលនេះ ទស្សនិកជនរំពឹងថា ល្អ ហួស នឹងត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ចូលរួមការប្រកួតកម្មវិធីសម្រស់ធំៗជាបន្តបន្ទាប់ទៀតនាពេលអនាគតដែលនោះ ក៏ជាគោលដៅសំខាន់របស់ យុវតីរូបនេះ និងក្រុមគ្រួសាររបស់នាងផងដែរ ។
គួរបញ្ជាក់ថា ល្អ ហួស ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀត បានចូលរួមយ៉ាងសកម្មភាពតាមរយៈការផ្តល់ជាសម្លេង និងសកម្មភាពមនុស្សធម៌នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងលើកទឹកចិត្តកងទ័ពជួរមុខដែលឈរការពារទឹកដីពីការឈ្លានពានរបស់ថៃ ។

ជាក់ស្តែង ក្នុងអំឡុងពេលសង្គ្រាមកំពុងកើតឡើងនោះ ល្អ ហួស បានបញ្ចេញសំណេររបស់ខ្លួនលើបណ្តាញសង្គមថា ជាតិសាសន៍របស់ខ្ញុំស្លូតត្រង់ និងមានបេះដូងល្អណាស់ មិនដែលបំពានអ្នកមុនទេ ប៉ុន្តែបើអ្នកចង់បំពានមកខ្ញុំមុន ខ្ញុំនឹងជូនតាមសំណូមពរ ក្នុងនាមជាកូនខ្មែរដែលស្រលាញ់និងការពារទឹកដីជាតិសាសន៍របស់ខ្លួន ៕







ចែករំលែកព័តមាននេះ