តារាសម្តែងនាង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខថ្កោលទោសទៅលើអ្នកគ្រប់គ្រង Miss Grand ជនជាតិថៃ គឺលោកណាវ៉ាត់ ដែលប្រើប្រាស់ពាក្យសម្តីប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជា ក្រោយមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ។
តាមរយៈសំណេរបង្ហោះតាមបណ្តាញសង្គម បេក្ខភាពបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា មុននេះបន្តិច បុគ្គលក្នុងវីដេអូនេះបានពោលពាក្យដ៏គ្មានតម្លៃថា លោកសូមថ្កោលទោសថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ដូចជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន,សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅលើវេទិកាសាធារណៈមួយ ។ នាងខ្ញុំពេជ្រ វត្តីសារ៉ាវឌ្ឍី សូមធ្វើការថ្កោលទោសបុគ្គលចំណាស់ខាងលើនេះ ដោយសារមូលហេតុដូចខាងក្រោម៖
កន្លងមក មិនតបត មិនមែនមកពីខ្ញុំខ្លាចឡើយ តែព្រោះពាក្យថា «តម្លៃជាប្រជាជនខ្មែរ និងការគោរព» ជេរប្រមាថនាងខ្ញុំ នាងខ្ញុំស្ងាត់មិនតបត ព្រោះនាងខ្ញុំមានតម្លៃជាប្រជាជនខ្មែរ ដែលមានសុជីវធម៌ សីលធម៌ និងការអប់រំ ។ ប៉ុន្តែបុគ្គលខាងលើ ហ៊ានដល់ថ្នាក់ប្រមាថ និងថ្កោលទោសថ្នាក់ដឹកនាំរបស់នាងខ្ញុំ នាងខ្ញុំពិតជាមិនអាចបន្តឱបដៃឈរមើលបានឡើយ ។ អ្នកគ្មានសិទ្ធិមកថ្កោលទោសថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រទេសខ្ញុំបានឡើយ។
នាងបញ្ជាក់ថា ក្នុងនាមនាងខ្ញុំជាប្រជាជនខ្មែរមួយរូបពិតជាមិនអាចទទួលយកនូវការមើលងាយដល់ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ពីសំណាក់បុគ្គលខាងលើបានឡើយ ។ ជាប្រជាជនខ្មែរប្រកបដោយភាពថ្លៃថ្នូរមួយរូប នាងខ្ញុំសូមក្រើនរំលឹកអោយបុគ្គលខាងលើ ខិតខំសាងអំពើល្អ និយាយនូវអ្វីដែលពិត ក្រែងល៎បានជាកុសលផលបុណ្យជួយនៅជាតិក្រោយ ។
ដោយឡែក ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ កាលនៅថ្ងៃទី២៥ ខែកក្កដា ឆ្នា២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានដកចេញនូវអក្សរសម្គាល់ជាក្រេឌីតរបស់នាង 5th Miss Grand International 2022 ចេញពីលើគណនីហ្វេសប៊ុករបស់នាងដែរ ខណៈពេលដែលនាងក៏បានប្រកាសនឹងមិនចេញទៅធ្វើការប្រកួតនៅប្រទេសថៃឡើយ ប្រសិនបើនាងឈ្នះម្កុដ ។
ជាការកត់សម្គាល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀតបានបង្ហាញវត្តយ៉ាងសកម្មនៅក្នុងសកម្មភាពនានាតាមរយៈសារជាសម្លេង និងការងារមនុស្សធម៌ ដើម្បីជាការចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជួរមុខក្នុងអំឡុងពេលមានជម្លោះព្រំដែនជាមួយថៃ ។
ជាក់ស្តែង កាលពីពេលថ្មីៗ តារាស្រីរូបនេះក៏បានបញ្ចេញសំណេររបស់ខ្លួនបង្ហោះលើបណ្តាញសង្គមថា ជ្រកក្រោមទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំសូមថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ សម្តេចបវរធិបតីហ៊ុន ម៉ាណែត សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងបងៗកងកម្លាំងជួរមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនិងស្វែងរកសន្តិភាពជូនជាតិ🙏🏻 ។
នាងខ្ញុំសូមគោរពវិញ្ញាណក្ខ័ន្ធដល់វីរបុរសជាតិខ្មែរគ្រប់ៗរូបដែលបានលះបង់ជីវិតក្នុងសមរភូមិដើម្បីការពារទឹកដីនិងអាយុជីវិតប្រជាជនខ្មែរសូមទៅកាន់សុខគតិភព 🕊។ សូមប្រជាជាតិកម្ពុជាគ្រប់ៗរូបបង្ហាញស្មារតីរួបរួមជាតិ រួមគ្នាក្នុងគ្រាលំបាកស្វះស្វែងរកជំនួយជួយទំនុបបម្រុងដល់បងៗ កងទាហាននិងប្រជាជនស្លូតត្រង់ដែលរត់ភៀសពីសង្គ្រាម ពួកយើងរួមគ្នាដើម្បីការពារនិងបង្ហាញពីសាមគ្គីភាពខ្មែរស្រឡាញ់ខ្មែរ ៕
ចែករំលែកព័តមាននេះ