រាជធានីភ្នំពេញ ៖ បន្ទាប់ពីបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាមិនទាន់បានយូរប៉ុន្មានផង នៅទីបំផុតតារាសម្តែងស្រស់សោភានាង អៀ ម៉េងលិ បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហ៍ជាមួយនឹងគូស្នេហ៍ថ្មីម្នាក់ទៀតយ៉ាងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីបានទាក់ទងគ្នាដោយបើកចំហរប្រមាណជាកន្លះឆ្នាំមកនេះ។

ជាមួយនឹងសំណេរដ៏ខ្លីមួយ ដោយអមជាមួយរូបភាពថតរួមគ្នាជាមួយនឹងគូស្នេហ៍របស់ខ្លួនបង្ហោះនៅលើបបណ្តាញសង្គម ដោយស្រីស្អាត អៀ ម៉េងលិ បានបញ្ជាក់ច្បាស់ៗថា «បញ្ចប់ត្រឹមនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ មូលហេតុមិនចុះសម្រុងគ្នា @royce hy (ឈ្មោះមិត្តប្រុសនាង) មិនមែនមានអ្នកទី៣ទេ»។

តាមរយៈសំណេរខាងលើនេះ បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈក្នុងពេលដែលស្ថាត់ៗ ស្រាប់តែតារាសម្តែងស្រីរូបនេះ បែរជាបង្ហោះសារពីការចែកផ្លូវគ្នាជាមួយគូស្នេហ៍ថ្មីជាសាធារណៈទៅវិញ ក្នុងពេលដែលគេតែងតែឃើញរូបនាងនិងគូស្នេហ៍បង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់។
យ៉ាងណា ស្រីស្អាត អៀ ម៉េងលិ មិនបានលើកឡើងឲ្យបានវែងឆ្ងាយឡើយ ពាក់ព័ន្ធរឿងរ៉ាវនៅពីក្រោយនៃការបែកបាក់ជាមួយគូស្នេហ៍របស់ខ្លួននាពេលនេះឡើយ ពោលគឺនាងគ្រាន់តែត្រឹមបញ្ជាក់ដោយខ្លីប្រាប់មហាជនថា «មូលហេតុ គឺដោយសារមិនចុះសម្រុងនឹងគ្នា»។

ជាការកត់សម្គាល់ កន្លងមក ស្រីស្អាត អៀ ម៉េងលិ ធ្លាប់បានលើកឡើងថា គូស្នេហ៍របស់នាងជាមនុស្សដែលមានចិត្តប្រចណ្ឌខ្លាំង ពោលគឺមិនចង់ឱ្យនាងថតឈុតឱបថើបជាមួយបុរសណាផ្សេងឡើយ។ កត្តានេះទើបនាងសម្រេចចិត្តនឹងមិនបញ្ចេញរូបភាពសិចស៊ីដូចជាពេលមុនទៀតឡើយ ដើម្បីផ្គាប់ចិត្តគូស្នេហ៍ដែលចង់បាន។ ហើយក្នុងពេលកន្លងមក នាងតែងតែនិយមបញ្ចេញភាពសិចស៊ីទាំងក្នុងការសម្តែង និងនៅលើបណ្តាញសង្គម។

ទោះជាយ៉ាងណា ក្នុងពេលដែលចំណងស្នេហ៍របស់ពួកគេបានអូសបន្លាយពេលប្រមាណជាកន្លះឆ្នាំក្រោមការដឹងលឺពីចាស់ទុំទាំងសងខាងក៏ដោយ ប៉ុន្តែកន្លងមក អ្នកទាំងពីរមិនដែលលើកឡើងពីការកំណត់ពេលវេលាច្បាស់លាស់ណាមួយនៅក្នុងការចាប់ដៃគ្នាចូលរោងការនោះឡើយ។

គួរបញ្ជាក់ផងដែរថា តារាសម្តែងវ័យក្មេង អៀ ម៉េងលិ បានពើបប្រទះស្នេហាមិនសមប្រកបម្តងជាពីរដងកន្លងមកហើយ ខណៈពេលដែលនាងក៏ទើបតែប្រកាសចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍ចាស់ដែលបានស្រឡាញ់គ្នាអស់រយៈពេលប្រមាណ៥ឆ្នាំ ហើយនាងក៏ធ្លាប់ជាអតីតសង្សាររបស់តារាចម្រៀងនាយ ចឺម ផងដែរ៕












ចែករំលែកព័តមាននេះ