ថ្មីៗនេះ មានរឿងគួរឱ្យភ្ញាក់ផ្អើល១កើតឡើងនៅក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេស៊ាណា អ៊ែឡាញ (Asiana Airlines) ដែលធ្វើដំណើរពីកោះជេជូ (Jeju) ទៅទីក្រុងដេគូ (Daegu) ប្រទេសកូរ៉េខាងត្បូង, នៅរយៈកម្ពស់ជាង២រយម៉ែត្រពីដី។ កំពុងជិះយន្តហោះកណ្ដាលអាកាសសុខៗ, បុរសចម្លែកម្នាក់ស្រាប់តែងើបពីកៅអី និងដើរទៅបើកទ្វារក្រោយយន្តហោះ ដែលជាប្រភេទច្រកទ្វារសម្រាប់គ្រាអាសន្ន។ ទ្វារនេះត្រូវគេហាមប៉ះពាល់ដាច់ខាត។ អនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែគ្រាអាសន្នប៉ុណ្ណោះ។

នៅពេលទ្វារចាប់ផ្ដើមបើកជាបណ្ដើរៗ, ខ្យល់ក៏ចាប់ផ្ដើមបក់ចូលទៅក្នុងយន្តហោះ។ សាក្សីនិយាយថានៅពេលមើលក្រឡាមិនស្រួល, អ្នកដំណើរខ្លះស្ទុះទៅឃាត់គាត់ ទាន់ពេលទ្វារមិនទាន់បើកចំហទាំងស្រុង។ ប៉ុន្តែជាការឥតអំពើ, ទ្វារបើកចំហទាំងស្រុង។ ពេលនោះ, គាត់ដើរទៅឈរនៅមាត់ទ្វារយន្តហោះ និងសម្លឹងមើលទៅខាងក្រៅធ្វើប្រហើរ។ ហាក់ដូចជាគាត់កំពុងតែឈរនៅមាត់ទ្វារផ្ទះរបស់ខ្លួនឯង។ មិនតែប៉ុណ្ណោះ, គាត់ហាក់ដូចជាចង់ហក់ចេញពីយន្តហោះបន្តិច អីបន្តិច។

នៅពេលទ្វារបើកចំហ, ខ្យល់ក៏ចាប់ផ្ដើមបក់វូៗចូលទៅក្នុងយន្តហោះប្រៀបបាននឹងខ្យល់កន្ត្រាក់។ អ្នកដំណើរចាប់ផ្ដើមមានអារម្មណ៍ជ្រួលច្របល់។ ជួបនឹងស្ថានការណ៍អីចឹងៗធ្វើឱ្យអ្នកខ្លះវេទនាផ្លូវចិត្តបំផុត។ នៅក្នុងយន្តហោះនោះគ្មាននរណាអង្គុយបានសុខទេ។ គ្រប់គ្នាចាប់ផ្ដើមផ្អើលឈូឆរ។ សូម្បីតែពីឡុតដែលកំពុងតែបញ្ជាដៃចង្កូតក៏ងាកមើលក្រោយផងដែរ។
អ្នកដំណើរដែលអង្គុយនៅក្បែរច្រកចេញនោះខំទប់ខ្លួន ខ្លាចធ្លាក់ចេញពីយន្តហោះអ្នកដំណើរម្នាក់ប្រាប់ថា «ពេលនោះ, ពួកយើងហាក់ដូចជាអស់ព្រលឹងព្រលះពីក្នុងខ្លួនតែម្ដង។ នៅពេលភ័យខ្លាំងពេក, អ្នកដំណើរចាប់ផ្ដើមបាត់មាត់បាត់កជាបន្តបន្ទាប់។ ជាពិសេស, អ្នកដែលអង្គុយកៀកនឹងទ្វារយន្តហោះ។ បុគ្គលិកយន្តហោះក៏វ៉ៃអាយកូមហៅគ្រូពេទ្យសង្គ្រោះបន្ទាន់»។ អ្នកដំណើរម្នាក់ទៀតប្រាប់ថា «ពេលនោះ, គាត់គិតថាប្រហែលជាគាត់មិនរស់ទេមើលទៅ, យន្តហោះផ្ទុះឆេះតែឥឡូវហ្នឹងហើយ,ក្មេងៗស្រែកយំកងរំពងពេញយន្តហោះដោយសេចក្ដីភ័យខ្លាច»។
អ្នកអង្គុយនៅមាត់ទ្វារចំហនោះ ខំទប់ខ្លួន ខ្លាចធ្លាក់ចេញពិយន្តហោះទាំងអ្នកដំណើរ និងពីឡុត គិតថាទោះបីស្លាប់ក៏ដោយ រស់ក៏ដោយ, ពួកគេត្រូវតែខិតខំពុះពារហែលឆ្លងស្ថានភាពដ៏លំបាកនេះ រហូតដល់បានចុះចតនៅព្រលានយន្តហោះទីក្រុងដេគូ (Daegu)។ នៅទីបំផុត, អ្នកដំណើរទាំង១៩៤នាក់បានសុខសប្បាយទាំងអស់គ្នា។ ប៉ុន្តែមុននឹងបានសុខសប្បាយ, អ្នកខ្លះត្រូវគេដឹកទៅពេទ្យ, អ្នកខ្លះមានបញ្ហាថប់ដង្ហើម, ស្រឺតផ្លូវដង្ហើម និងបាត់មាត់បាត់ក។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក។
អ្នកដំណើរយ៉ាងតិច១២នាក់ត្រូវបានគេដឹកតាមរថយន្តគិលានសង្គ្រោះទៅមន្ទីរពេទ្យ ដោយសារពួកគេមានអារម្មណ៍ស្រឺត បាត់មាត់បាត់កនៅពេលយន្តហោះចុះចតដល់ដី, សមត្ថកិច្ចក៏ចូលទៅចាប់គាត់ភ្លាមៗតែម្ដង។ គាត់មានសតិមិនសូវល្អប៉ុន្មានទេ។ នៅពេលសួរនាំច្រើនពេក, គាត់ហាក់ដូចជាវិលក្បុង, និយាយឥតដឹងក្បាល ឥតដឹងកន្ទុយ។ ដូច្នេះ សមត្ថកិច្ចក៏ផ្អាកសួរត្រឹមនេះសិន។ បុរសវ័យ៣៣ឆ្នាំរូបនេះប្រាប់ថានៅពេលនោះ, គាត់ហាក់ដូចជាមានអារម្មណ៍អន្ទះអន្ទែង ចង់ចេញជាប្រញាប់។ គាត់ប្រាប់បន្តទៀតថាគាត់មានអារម្មណ៍ស្ត្រែសខ្លាំងមែនទែន បន្ទាប់ពីអស់ការងារធ្វើទាំងកណ្ដាលទី។ សមត្ថកិច្ចចង់ឃុំឃាំងគាត់ជាបណ្ដោះអាសន្នសិន ដើម្បីបន្តការស៊ើបអង្កេតឱ្យបានអស់អាចម៍ អស់នោម, មុននឹងប្ដឹងគាត់ទៅតុលាការ។ បើតុលាការរកឃើញថាគាត់មានកំហុស, គាត់អាចនឹងជាប់ពន្ធនាគារដប់ឆ្នាំ។

កាលពីឆ្នាំ២០២០, នារីជនជាតិអង់គ្លេសម្នាក់ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ដោយសារនាងព្យាយាមបើកទ្វារក្រោយយន្តហោះ។ កាលនោះ នាងគ្រាន់តែចង់ព្យាយាមបើក, ប៉ុន្តែមិនទាន់បើកបានបានសម្រេចនៅឡើយទេ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍អេប៊ីស៊ីអូស្ត្រាលី។
នារីជនជាតិអង់គ្លេសឈ្មោះ Chloe Haines ដែលត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទព្យាយាមបើកទ្វារក្រោយយន្តហោះសមត្ថកិច្ចយល់ថាសំណុំរឿងនេះមានភាពមិនប្រក្រតី១ចំនួន។ ឧទាហរណ៍ តើគាត់បើកទ្វារក្រោយយន្តហោះដើម្បីអ្វី? និងទី២- ហេតុអ្វីបានជាគាត់អាចបើកច្រកនេះបានងាយស្រួលម៉្លេះ? ធម្មតា, ទ្វារក្រោយយន្តហោះមិនអាចបើកបានដោយងាយស្រួលទេ ព្រោះវាត្រូវការកូនសោពិសេស ដែលមានតែបុគ្គលិកក្រុមហ៊ុនទើបអាចបើកបាន។

កាលពីពេលកន្លងមក ក៏ធ្លាប់មានមនុស្សបើកទ្វារក្រោយយន្តហោះផងដែរ។ ប៉ុន្តែពួកគេបើកនៅពេលយន្តហោះឈប់ស្ងៀម ឬពេលយន្តហោះកំពុងរត់នៅលើដី។ ចំពោះករណីបើកទ្វារកណ្ដាលអាកាសបែបនេះគឺពុំដែលមានទេពីមុនមក៕
ប្រភព៖ រ៉យទ័រ, ប៊ីប៊ីស៊ី និងនិងប្រភពដទៃទៀត
https://www.malaymail.com/news/world/2023/05/27/report-man-who-opened-asiana-plane-door-in-mid-air-tells-south-korean-police-he-was-uncomfortable/71165
https://www.bbc.com/news/world-asia-65705276
https://abcnews.go.com/Politics/after-man-opens-plane-door-mid-flight-flyers/story?id=99628573
https://www.bbc.com/news/av-embeds/65705276/vpid/p0fqm1mb (Video)

សមត្ថកិច្ចកូរ៉េខាងត្បូងដែលកាន់សំណុំរឿងនេះ កំពុងផ្ដល់បទសម្ភាសសង្ខេបៗដល់អ្នកកាសែត
ចែករំលែកព័តមាននេះ