រាជធានីភ្នំពេញ ៖ ក្រោយពីសម្រាលកូនចុងក្រោយមិនទាន់បានប៉ុន្មានផង នាងឃ្មឹបបានឡើងសម្តែងជាបន្តបន្ទាប់ក្នុងកម្មវិធីសិល្បៈរបស់ស្ថានីយទូរទស្សន៍នានា ហើយការសម្តែងនោះគឺច្រើនតែលេងជាមួយសមាជិកកំប្លែងក្នុងក្រុមនាយកុយ ដូចជានាយឃ្លោក និងនាយចេកជាដើម។ ហេតុដូច្នេះហើយទើបលេចឡើងព័ត៌មានថា នាងឃ្មឹបនឹងចូលរួមសម្តែងជាថ្មីឡើងវិញជាមួយក្រុមកំប្លែងរបស់នាយកុយ ។
ជួបសម្ភាសន៍ជាមួយកោះសន្តិភាព កាលពីពេលថ្មីៗនេះនាយកុយបាននិយាយថា លោកពិបាកនឹងទទួលយកនាងឃ្មឹបឱ្យមកចូលរួមសម្តែងជាមួយក្រុមលោកណាស់ ព្រោះតែក្រុមលោកមាននាយហុងដាដែលជាអតីតស្វាមីរបស់នាង និងកំពុងតែដោះស្រាយតាមផ្លូវតុលាការនៅឡើយ ។ នាយកុយបញ្ជាក់ថា នាយមិនកាត់ផ្តាច់ទេនូវមនោសញ្ចេតនារវាងអ្នករួមអាជីពសិល្បៈ សំខាន់តួសម្តែងក្នុងក្រុមជាមួយគ្នាដូចនាងឃ្មឹបជាដើម ប៉ុន្តែលោកពិបាកនឹងទទួលយកមកវិញក្នុងពេលដែលនាយហុងដាកំពុងតែលេងយ៉ាងសកម្មក្នុងក្រុមរបស់លោក ។
នាយឃ្លោកដែលជាតារាកំប្លែងក្នុងក្រុមនាយកុយ ហើយទើបសម្តែងរួមគ្នាជាមួយនាងឃ្មឹប ក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះបាននិយាយថា ការសម្តែងរវាងលោកនិងនាងឃ្មឹបនោះគឺជាការរៀបចំកម្មវិធីដោយអ្នកចាត់ចែងរបស់ស្ថានីយទូរទស្សន៍ប៉ុណ្ណោះ ហើយលោកមិនបានណាត់គ្នាជាមួយនាងឃ្មឹបដើម្បីសម្តែងរួមគ្នាទេ ។ ម្យ៉ាងទៀត ជាអ្នករួមអាជីព និងមិនដែលមានទំនាស់អ្វីនឹងគ្នានោះ លោកមិនអាចបដិសេធចំពោះការអញ្ជើញរបស់ស្ថានីយទូរស្សន៍ដើម្បីចូលរួមសម្តែងជាមួយនាងឃ្មឹបទេ ។ ដូច្នេះអាចចាត់ទុកជាការចៃដន្យក៏បានចំពោះការសម្តែងរួមគ្នារវាងលោកនិងនាងឃ្មឹបនោះ ។ យ៉ាងណាក៏ដោយនាយឃ្លោកបាននិយាយថាអ្នកសិល្បៈមិនត្រូវមានការរើសអើងចំពោះគ្នាឡើយ ។
ចំណែកនាយចេកក៏បាននិយាយដូចគ្នានឹងនាយឃ្លោកដែរថា ការសម្តែងរួមគ្នារវាងលោកនិងនាងឃ្មឹប គឺជាការចៃដន្យនិងរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុណ្ណោះ ។
ប្រភពព័ត៌មានមួយឱ្យដឹងថា ក្រោយពេលរស់នៅមិនចុះសម្រុងជាមួយស្វាមីក្រោយមកនាងឃ្មឹបបានវិលត្រឡប់មករស់នៅជាមួយឪពុកម្តាយវិញ នៅភ្នំពេញ ។ ដោយស្រឡាញ់សិល្បៈនាងឃ្មឹបបានចាប់ផ្តើមបង្ហាញមុខលើឆាកសិល្បៈតន្ត្រីនិងកំប្លែងឡើងវិញ ក្រោយពេលសម្រាលកូនមិនទាន់ទាំងបាន៣ខែស្រួលបួលផង ។ នាងឃ្មឹបមិនបានឱ្យអ្នកសារព័ត៌មានជួបសម្ភាសន៍ទេ ដោយទូរស័ព្ទរបស់នាងស្ថិតនៅលើដៃម្តាយនាង ហើយប្រសិនបើមានអ្នកសារព័ត៌មានទូរស័ព្ទចូលចង់សាកសួរព័ត៌មានពីនាងនោះ គឺម្តាយនាងជាអ្នកនិយាយជំនួសថានាងឃ្មឹបមិនចង់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាននេះទេ ។
នាងឃ្មឹបនិងនាយហុងដាជាគូស្វាមីភរិយាដែលបានចែកផ្លូវគ្នាកាលពីមួយឆ្នាំមុន ក្រោយពេលដែលតារាកំប្លែងទាំងពីរនាក់ប្តីប្រពន្ធនេះកំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ។ ការលែងលះគ្នារវាងនាយហុងដា និងនាងឃ្មឹបធ្វើឱ្យសាធារណជនសម្តែងនូវការសោកស្តាយព្រោះទាំងពីរនាក់នេះជាតារាកំប្លែងដ៏មានប្រជាប្រិយភាពនិងមានទំនាក់ទំនងល្អជាមួយមហា ជន ។ គេនាំគ្នាគិតថាប្រសិនបើតារាកំប្លែងទាំងពីរដួងនេះមិនចែកផ្លូវគ្នា ហើយចាប់ដៃគ្នាក្នុងវិថីសិល្បៈរបស់ក្រុមនាយកុយនោះប្រាកដជាមានអនាគតល្អជាងនេះ ប៉ុន្តែយ៉ាងណាក៏ដោយចុះគ្មានអ្នកណាអាចជំនះនឹងព្រហ្មលិខិតបានឡើយ ៕
ចែករំលែកព័តមាននេះ