ប្រទេសថៃ ៖ តារាសម្តែងលោក បញ្ញា សិទ្ធ បានលើកឡើងពីស្ថានភាពជំងឺរបស់ម្តាយលោកថា ក្រោយពីសម្រាកព្យាបាលនៅក្នុងប្រទេសថៃអស់រយៈពេលជិត១ខែមកនេះ អាការៈជំងឺម្តាយរបស់លោកបានជាសះស្បើយប្រមាណ៧០%ហើយ ខណៈពេលដែលលោកនឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងនេះ ។
តារាសម្តែងរូបនេះ បានលើកឡើងតាមរយៈសំណេរដែលបង្ហោះនៅលើបណ្តាញសង្គមថា «អស់រយៈពេលជិត១ខែ ដែលម្តាយខ្ញុំសម្រាកព្យាបាល ពេលនេះម្តាយខ្ញុំបានធូរស្រាល នឹងជាសះស្បើយ 70% សូមថ្លែងអំណរអគុណសម្តេចពុក សម្តេចម៉ែ បានផ្តល់នៅជីវិតថ្មីដល់គ្រួសារកូន កូនពិតជារកពាក្យអ្វីក្រៅពីអគុណលោកទាំងទ្វេនោះទេ និងអគុណបងបង មិត្តៗរួមអាជីព បងប្អូនជាហ្វេនៗដែលនៅស្រលាញ់ខ្ញុំ»។
លោកបញ្ជាក់ថា «នៅថ្ងៃទី៣០ ខាងមុខនេះ ខ្ញុំនិងអ្នកម្តាយវិលទៅប្រទេសកម្ពុជាវិញហើយ សូមទៅបម្រើអារម្មណ៍ពុកម៉ែបងប្អូនក្នុងការសម្តែងភាពយន្ត និងបន្តរស់ក្នុងសន្តិភាពក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាទីគោរពរបស់កូនៗ និងប្រជាជនទូទាំងប្រទេស កម្ពុជា។ អគុណសន្តិភាព»។
គួររំលឹកផងដែរថា លោក បញ្ញា សិទ្ធ បាននាំម្តាយរបស់លោកចេញទៅព្យាបាលនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកបានទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ នូវថវិកាចំនួន៣ម៉ឺនដុល្លារ សម្រាប់សម្រួលថ្លៃព្យាបាលនាពេលនោះ។
ហើយតារារូបនេះក៏បានលើកឡើងថា ម្តាយរបស់លោកបានផ្ទុកនូវជំងឺតម្រងនោម ពោះវៀត និងជំងឺជាច្រើនទៀតដែលទាមទារឲ្យលោកត្រូវមើលថែដោយផ្ទាល់»។ ខណៈពេលដែលលោកក៏ធ្លាប់ទម្លាយរឿងរ៉ាវនេះជាសាធារណៈ ដោយស្នើសុំជំនួយពីសប្បុរសជននានា ក្នុងពេលដែលលោកអស់លទ្ធភាព។
លោក បញ្ញា សិទ្ធ ក៏បានបញ្ជាក់ថា ការដាច់ចិត្តសុំជំនួយពីសប្បុរសជននានានាពេលនេះ គឺលោកត្រូវតែលះបង់ការអៀនខ្មាស់ ដើម្បីជីវិតម្តាយរបស់លោក ព្រោះលោកអស់លទ្ធភាព ខណៈពេលដែលកន្លងមក លោកបានខិតខំរកប្រាក់ដោយផ្ទាល់សម្រាប់ព្យាបាលជំងឺម្តាយអស់ជាច្រើនឆ្នាំហើយ៕
ចែករំលែកព័តមាននេះ