ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទនាគព័ន្ធ កាន់តែ​ស្រស់​ស្អាត​ឡើង​ៗ និង​ទាក់ទាញ​គ្រប់​រដូវ​កាល (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

ប្រាសាទនាគព័ន្ធ គឺជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​មាន​ភាព​ទាក់ទាញ ក្នុង​ចំណោម​ប្រាសាទបុរាណ​ជា​ច្រើន ដែល​មាន​ទិស​ដៅ​ទស្សនា តាម​ផ្លូវ​វង់​ធំ ដោយ​ធ្វើ​ដំណើរ​ចេញពី​ខ្លោងទ្វារ​ដី​ឆ្នាំង នៃ​ក្រុង​អង្គរធំ

ខេត្តសៀមរាប ៖ ប្រាសាទនាគព័ន្ធ គឺជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​មាន​ភាព​ទាក់ទាញ ក្នុង​ចំណោម​ប្រាសាទបុរាណ​ជា​ច្រើន ដែល​មាន​ទិស​ដៅ​ទស្សនា តាម​ផ្លូវ​វង់​ធំ ដោយ​ធ្វើ​ដំណើរ​ចេញពី​ខ្លោងទ្វារ​ដី​ឆ្នាំង នៃ​ក្រុង​អង្គរធំ នា​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣ ។

ក្រោយ​ពេល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​សាងសង់​ស្ពាន​ថ្មី ជំនួស​ស្ពាន​ចាស់ សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​ចូល​ទស្សនា​ប្រាសាទ និង​ការ​រៀបចំ​កែ​លម្អ ជា​ពិសេស​វង់​ទស្សនា នៅ​បរិវេណ​ផ្នែក​ខាងក្នុង នៃ​ប្រាសាទនាគព័ន្ធ​។ ហើយ​ក៏​ធ្វើ​ឱ្យ​ប្រាសាទនាគព័ន្ធ កាន់តែ​មាន​សម្រស់​ស្រស់​ស្អាត​គ្រប់​រដូវ​កាល ដោយ​​ភ្ញៀវ​ទេសចរ​អាច​ទស្សនា និង​ផ្តិត​យក​រូបភាព​រុក្ខជាតិ​បៃតង​ខៀវខ្ចី​ដ៏​ស្រស់បំព្រង នៅ​លើ​ស្ពាន​ឆ្លងកាត់​បារាយណ៍​ខាងជើង ព្រមទាំង​ទស្សនា​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​ដែល​ហោះហើរ​ស្វែងរក​ចំណី​គួរ​ជាទី​គយគន់​ទៀត​ផង​។

ចំណែក​បរិវេណ​ផ្នែក​ខាងក្នុង នៃ​ប្រាសាទ ក្រុមការងារ​ប្រចាំការ​នៅ​ទីនោះ តែងតែ​កា​.​ប់​ឆ្ការព្រៃ ឬ​មែកឈើ​ដែល​ដុះ​ស៊ុប​ត្រុ​ប ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ទស្សនា​ជុំវិញ​ប្រាសាទនាគព័ន្ធ តាម​រយៈ​វង់​ទស្សនា​ថ្មី​បាន​។

ក្នុង​នោះ​ដែរ លោក ង៉ោ ពេជ្រ មន្ត្រី​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា មិន​ត្រឹមតែ​មាន​ទេសភាព​ស្រស់​ស្អាត​នៃ​ប្រាសាទនាគព័ន្ធ​ប៉ុណ្ណោះ​ទេ​។ ថ្មី​ៗ​នេះ ក្រុមការងារ​បាន​រៀបចំ​ឱ្យ​មាន​សួន​ស្មៅ ការ​បោសសម្អាត​នា​បរិវេណ​ខាងក្រៅ និង​ខាងក្នុង​បាន​ស្អាត​ជា​ប្រចាំ​។ ចំណែក​ចំណត​សម្រាប់​ចត​រថយន្ត និង​ម៉ូតូ ក៏​មាន​របៀប រៀបរយ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​ទស្សនា​ប្រាសាទនាគព័ន្ធ តែងតែ​បង្ហាញ​ស្នាមញញឹម​មិន​ចេះ​ដាច់​។

លោក​បន្ត​ថា នៅ​ប្រាសាទនាគព័ន្ធ មាន​ប្លង់ សម្រាប់​ផ្តិត​យក​រូបភាព​ស្រស់​ស្អាត​ជា​ច្រើន​កន្លែង ដែល​ភ្ញៀវ​និយម​ចូល​មក​ថតរូប​អនុស្សាវរីយ៍ មាន​ដូច​ជា ៖ នៅ​លើ​ស្ពាន​សម្រាប់​ឆ្លង​ចូល​ទៅ​ទស្សនា​ប្រាសាទ ទិដ្ឋភាព​ថ្ងៃ​រះ ថ្ងៃ​លិច និង​ផ្តិត​យក​រូបភាព​ជាមួយ​ប្រាសាទ​ជាដើម​។

សូម​ជម្រាប​ថា ប្រាសាទនាគព័ន្ធ ត្រូវ​បាន​សាងសង់​ឡើង​នៅ​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​ឆ្នាំ​១១៩១ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធ​សាសនា​មហាយាន​។ ប្រាសាទ​នេះ ត្រូវ​បាន​សាងសង់​នៅ​លើ​កោះ​ទំហំ​៣៥០​ម៉ែត្រ​បួន​ជ្រុង ដែល​មាន​ស្រះ​សន្សំ​ទឹកបរិសុទ្ធ​៤ ដោយ​រៀបចំ​ឲ្យ​មាន​ជា​សញ្ញា​លេខបូក ជា​និមិត្ដរូប​នៃ​សញ្ញា​មន្ទី​ពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ