ខេត្តព្រះសីហនុ ៖ ជាផ្នែកមួយនៃការជម្រុញទេសចរមកទស្សនាកម្សាន្តនៅតាមបណ្តាកោះនៅខេត្តព្រះសីហនុ កម្ពុជាគ្រោងនឹងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត និងមុជទឹកមើលបាតសមុទ្រកម្ពុជា ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកោះក្របី នៅលើកោះក្របី ថ្ងៃទី២៦ ខែមេសា បានលើកឡើងថា ក្នុងខេត្តព្រះសីហនុមានកោះទាំងអស់ចំនួន ៣២កោះ ដែលមានសក្តានុពលរមណីយដ្ឋានទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសឆ្នេរខ្សាច់របស់កម្ពុជាពិតជាមានភាពស្រស់ស្អាត និងធនធានធម្មជាតិច្រើនទៀត។

លោកបានបញ្ជាក់ថា កោះដែលកំពុងតែមានការទាក់ទាញនិងចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវទេសចរនៅពេលបច្ចុប្បន្ននេះ គឺកោះក្របី កោះឫស្សី កោះសង្សារ កោះរ៉ុង កោះរ៉ុងសន្លឹម ជាដើម ដែលកោះទាំងនេះមានការអភិវឌ្ឍរួចហើយ និងមានភាពល្បីល្បាញខ្លាំង។
លោក គួច ចំរើន បានថ្លែងថា «សកម្មភាពនៃការអភិឌ្ឍនៅលើកោះទាំងអស់ហ្នឹងគឺបានផ្តល់ឱ្យបងប្អូនប្រជាពលរដ្ឋបានរស់នៅ ធ្វើការវិនិយោគ ប្រកបរបរខាងវិស័យទេសចរណ៍ផង ធ្វើនេសាទបានផង ហើយការវិនិយោគក៏បានផ្តល់កន្លែងការងារយ៉ាងច្រើនបន្តបន្ទាប់ឱ្យទៅបងប្អូនរបស់យើងដែលស្វែងរកការងារធ្វើ រួមទាំងមានការទាក់ទាញអ្នកវិនិយោគមកពីបរទេសផងដែរ»។

ជាមួយគ្នានោះផងដែរ បើតាមលោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះបណ្តាអ្នកវិនិយោគតាមកោះមួយចំនួន គឺប្រើប្រាស់ម៉ាស៊ីនភ្លើង និងការដឹកជញ្ជួននូវសម្ភារៈនិងរបស់ប្រើប្រាស់ផ្សេងៗពីដីគោក ដែលធ្វើឱ្យតម្លៃលើកោះមានតម្លៃរាងខ្ពស់។ តែយ៉ាង ណាមិញ នាពេលខ្លីខាងមុខរាជរដ្ឋាភិបាលនឹងអាចផ្គត់ផ្គង់ភ្លើងទៅតាមកោះ ជាក់ស្តែងប្រមាណជា៣ខែទៀតតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុង នឹងមានភ្លើងអគ្គិសនីរដ្ឋប្រើប្រាស់ ព្រោះតែមន្ត្រីបច្ចេកទេស បានធ្វើតេស្តរួចរាល់ហើយកាលពីសប្តាហ៍កន្លងទៅឃើញថាអាចផ្គត់ផ្គង់ភ្លើងទៅបាន ហើយពេលនេះគឺនៅសល់តែការរៀបចំតបណ្តាញ និងភ្ជាប់បណ្តាញនានាប៉ុណ្ណោះ ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលទទួលបានពីទុនពីក្រុមហ៊ុនវិនិយោគសម្រាប់ជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានឱ្យដឹងផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ និងសហការជាមួយក្រុមមុជទឹកមើលបាតសមុទ្រខ្មែរ Khmer Dive Group រៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ នៅតាមតំបន់កោះមួយចំនួន ដូចជា ប្រជុំកោះតាគៀវ ក្បែររាម ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត និងមុជទឹកមើលបាតសមុទ្រកម្ពុជា។ នៅពេលសាកសួរថាតើយុទ្ធភ័ណ្ឌសង្គ្រាមនោះ បន្សល់ទុកតាំងពីពេលណាមកនោះ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា នៅប្រជុំកោះតាគៀវក្បែរទឹកដីរាមកន្លងមកមានយុទ្ធោបករណ៍ដែលអាចសល់ពីសង្គ្រាមលោកលើកទី២ មានយន្តហោះសង្គ្រាម និងយន្តហោះចម្បាំង និងយុទ្ធោបករណ៍នាសម័យសង្គ្រាមក្រោយៗមកនៅកម្ពុជាមួយចំនួនទៀតដែលបានធ្លាក់ចូលក្នុងសមុទ្រនេះ ជាទីតាំង១ ដែលអាចរៀបចំឱ្យទៅជាសារមន្ទីរសង្គ្រាមបាតសមុទ្រ សម្រាប់អ្នកទេសចរដែលចង់កម្សាន្តនៅក្នុងបាតមុទ្រអាចមុជទឹកចុះទៅមើលកម្សាន្តបាន។

«នេះជាចំណុច១ដែលខ្ញុំគិតថាមានសារៈសំខាន់ ហើយខ្លួនខ្ញុំផ្ទាល់ក៏ជាអ្នក Dive ម្នាក់ផងដែរ ចង់អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរយើងជា យុវជនទាំងអស់អាចហាត់រៀន Diving ដើម្បីមុជទឹកចុះចូលទៅមើលទេសភាពបាតសមុទ្រដែលបញ្ជាក់ថាកម្ពុជាយើងមិនមែនមានរមណីយដ្ឋាន ឧទ្យានជាតិទេសចរណ៍តែនៅលើដីគោកប៉ុណ្ណោះទេ»។ នេះជាការអះអាងរបស់លោក ឡុង ឌីម៉ង់។ ជាអ្នកដែលនិយមមុជទឹកមួយរូបដែរនោះ លោក ឡុង ឌីម៉ង់ បានឱ្យដឹងទៀតថា ក្នុងខេត្តព្រះសីហនុ មានសក្តានុពលរមណីយដ្ឋានទេសចរណ៍បាតសមុទ្រច្រើនណាស់ ដែលមានសុទ្ធតែផ្កាថ្មស្អាតៗ ផ្កាថ្ម ៧ពណ៌ ដែលមានទាំងនៅ កោះតាង កោះពូលូវ៉ៃ កោះរ៉ុង ជាដើម។



ជាមួយគ្នានោះផងដែរ រដ្ឋបាលខេត្តព្រះសីហនុបានលើកទឹកចិត្តឱ្យយុវជនខ្មែររៀនមុជទឹក ដើម្បីអាចមានលទ្ធភាពក្នុងការមុជទឹកទស្សនាបាតសមុទ្រកម្ពុជា។ «ខ្ញុំក៏ចង់បញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គឺយើងមានទាំងភ្ញៀវទេសចរបរទេស និងជនជាតិខ្មែរមួយចំនួនដែលបានមកទស្សនាមុជទឹកបាតសមុទ្រនៅកោះរបស់យើង ហើយក៏មានក្មេងៗតូចៗអាយុ ៨ ឬ៩ ឆ្នាំហាត់រៀនមុជទឹកសមុទ្រផងដែរ»។ នេះបើតាមលោក ឡុង ឌីម៉ង់៕








ចែករំលែកព័តមាននេះ