ខេត្តកំពង់ចាម ៖ រមណីយដ្ឋានទឹកឆា ស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ ដែលជារមណីយដ្ឋានបែបធម្មជាតិ ហើយត្រូវមនុស្សម្នាក្មេងចាស់ប្រុសស្រីនាំគ្នាទៅលេងជាហូរហែ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺទៅលេងកាន់តែច្រើនកុះករតែម្តង។ ជាមួយគ្នានោះ ក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ដែលទៅលេងថា គេបានដាក់កុងត្រូលដល់ទៅ២កន្លែង ដើម្បីយកលុយពីភ្ញៀវទេសចរដែលមកលេងទីនោះ។
បើយោងតាមម្ចាស់ Account Facebook ឈ្មោះ «សូ សាវី» បានលើកឡើងថា «អត់ទាន់បានចូលដល់កន្លែងអង្គុយលេងផង បានសុំសំបុត្រ២បាត់ទៅហើយ។ បារ៉ាសទី១ (មនុស្ស៤០០០រៀល និងឡាន៥០០០រៀល) ចំណែកប៉ារ៉ាសទី២ (៧០០០រៀល) សំណួរ ៖ ចុះបើគង់តែយកលុយ២ដងដដែល ចាំបាច់ធ្វើសំបុត្រ២ធ្វើអី មិនព្រមសរុបតម្លៃទាំងមូលតែម្ដងទៅ?»។
លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានប្រាប់តាមទូរស័ព្ទឱ្យដឹងនារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះថា ក្រោយពីទទួលបានការណែនាំ ឯកឧត្តមអភិបាលខេត្ត រូបលោកបានចាត់ឱ្យអភិបាលរងស្រុកព្រៃឈរម្នាក់ រួមនឹងមន្ត្រីខេត្តម្នាក់ទៀត ឲ្យទៅប្រចាំការនៅរមណីយដ្ឋានក្បាលហុងទឹកឆា ហើយមិនតម្រូវឲ្យម្ចាស់វិនិយោគយកភាស៊ីចំនួន២កន្លែងបន្តទៀតនោះទេ។
ទាក់ទិនទៅនឹងបញ្ហាលើកឡើងរបស់ប្រជាពលរដ្ឋដែលបង្ហោះតាមបណ្ដាញសង្គមនោះ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលផ្តល់ព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អទៅលើករណីនេះ។ រដ្ឋបាលខេត្ត ក៏សូមបញ្ជាក់ជូនសាធារណជនឲ្យជ្រាបផងដែរថា រមណីយដ្ឋានទឹកឆា ត្រូវបានដាក់ឲ្យវិនិយោគស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយមានកិច្ចសន្យា និងសៀវភៅបន្ទុកត្រឹមត្រូវ គឺតម្រូវអោយភ្ញៀវបង់ថ្លៃសេវាតែមួយដងប៉ុណ្ណោះ នៅច្រកចូលតំបន់រមណីយដ្ឋាន។
ចំពោះព័ត៌មានខាងលើនេះ រដ្ឋបាលខេត្ត ចាត់កម្លាំងធ្វើការស្រាវជ្រាវភ្លាមៗ និងឃើញថា បញ្ហានេះ បណ្តាលមកពីម្ចាស់ខ្យូសអាជីវករលក់ដូរអាហារមួយចំនួនតូច ក្នុងតំបន់រមណីយដ្ឋានទឹកឆា បានលួចបន្លំផលិត និងប្រើប័ណ្ណចូលរមណីយដ្ឋានយកទៅប្រើប្រាស់ ដើម្បីតម្រូវអោយភ្ញៀវបង់កម្រៃសេវាបន្ថែមទៀត ដោយគ្មានគោលការណ៍អនុញ្ញាតឡើយ។
រដ្ឋបាលខេត្ត បានចាត់វិធានការភ្លាមៗ ដោយចុះអប់រំណែនាំអ្នកលក់ដូរទាំងនោះអោយបញ្ឃប់សកម្មភាពបន្លំចំពោះភ្ញៀវ និងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលណាដែលបន្តធ្វើសកម្មភាពខុសឆ្គងបែបនេះតទៅទៀត។ សូមបងប្អូនភ្ញៀវទេសចរ ចូលកំសាន្តក្នុងតំបន់រមណីយដ្ឋានទឹកឆា នៅពេលជួបប្រទះបាតុភាពមិនប្រក្រតីណាមួយ សូមទាក់ទងរាយការណ៍មកកងកម្លាំងសមត្ថកិច្ចដែលកំពុងប្រចាំការនៅក្នុងតំបន់នោះស្រាប់។
ចែករំលែកព័តមាននេះ