រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស សរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២.០៧៩.៦៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ១៨.៨៣១ នាក់។

ហើយបើតាមគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖ ខេត្តសៀមរាបចំនួន ៤៣៦.៦៧៩នាក់, ខេត្តបាត់ដំបងចំនួន ៣០៥.៦១៥នាក់, រាជធានីភ្នំពេញចំនួន ២៦៣.៥៤៩នាក់, ខេត្តស្វាយរៀងចំនួន ១៤៤.៧៧៨នាក់, ខេត្តកណ្តាលចំនួន ១២៨.៦៩១នាក់, ខេត្តបន្ទាយមានជ័យចំនួន ១០៨.៥១៤នាក់, ខេត្តកំពង់ឆ្នាំងចំនួន ១០៣.៧៨៤នាក់, ខេត្តព្រះសីហនុចំនួន ១០២.០៩៦នាក់ និងខេត្តកំពតចំនួន ៩៥,៣៤៤នាក់។

ជាការកត់សម្គាល់ ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំង ធៀបទៅនឹងថ្ងៃចូលឆ្នាំទី១ កាលពីឆ្នាំ២០២២។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ១៤៣,១៩% ធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលមានភ្ញៀវសរុបមានត្រឹមតែប្រមាណ ៨៦ ម៉ឺននាក់តែប៉ុណ្ណោះ។

ដោយឡែក ស្ថិតិខាងលើនេះ គឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗដែលមានប្រារព្ធសង្ក្រាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនបងប្អូនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលទៅលេងកម្សាន្តនៅតាមភូមិ-ស្រុក ឬកម្មវិធីសង្ក្រាន្តជាលក្ខណៈឯកជន ឬក៏ក្នុងទ្រង់ទ្រាយតូចៗនោះទេ។

ចំពោះការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត នាថ្ងៃទី១៤ ខែមេសា ហើយក៏បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ដែលមានសកម្មភាពកម្សាន្តសប្បាយជាច្រើន និងបង្ហាញពីវប្បធម៌ ប្រពៃណី ជាពិសេសទិដ្ឋភាពនៃការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេនៅលើពិភពលោក នៅប្រាសាទអង្គរវត្ត។

បើតាមបណ្តារាជធានី-ខេត្តផ្សេងៗទៀត សុទ្ធតែមានការរៀបចំកម្មវិធីសង្ក្រាន្តនៅតាមទីប្រជុំជន ទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិ-ស្រុកនានាផងដែរ។ ចំណែកចរាចរណ៍នៅក្នុងរាជធានីភ្នំពេញវិញ ចាប់ផ្តើមមានសភាពស្ងប់ស្ងាត់ខ្លាំងនាថ្ងៃចូលឆ្នាំទី១នេះ ប៉ុន្តែមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋភ្នំពេញជាច្រើននាំគ្នាទៅកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ តាមផ្សារទំនើប រួមជាមួយគោលដៅទេសចរណ៍ និងកម្មវិធីសង្ក្រាន្តនៅជុំវិញភ្នំពេញផងដេរ។ ដោយឡែក បងប្អូនអ្នកភ្នំពេញមួយចំនួន នឹងចាប់ផ្តើមចេញដំណើរកម្សាន្តតាមគោលដៅនានាតាមខេត្ត ជាពិសេសខេត្តសៀមរាប ចាប់ពីថ្ងៃទី២ នេះ។

ក្រៅតែពីការដើរកម្សាន្តតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្ក្រាន្ត យើងក៏សង្កេតឃើញបងប្អូនប្រជាពលរដ្ឋនៅតាមភូមិស្រុកនានា ទាំងក្មេងៗ យុវជន និងពុកម៉ែពូមីង បាននាំគ្នាជួបជុំលេងល្បែ.ងកម្សាន្ត ច្រៀងរាំសប្បាយ និងលេងល្បែ.ងប្រជាប្រិយនានា។ ហើយអ្នកខ្លះជិះម៉ូតូ ខ្លះជិះតាមរថយន្ត ដោយមានដាក់ធុងទឹក និងលេងកាំភ្លើ.ងបាញ់ទឹក ប៉ាតម្សៅ និងនាំគ្នាធ្វើដំណើរចេញពីភូមិស្រុកមួយទៅភូមិស្រុកមួយដោយក្តីរីករាយ។

ចំណែកកម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តក្រោមការដឹកនាំរបស់អភិបាលរាជធានី-ខេត្ត បានចាត់តាំងកម្លាំងប្រចាំការ និងសម្រួលចរាចរណ៍ទាំងនៅតាមដងផ្លូវជាតិ ទីកន្លែងប្រារព្ធកម្មវិធីសង្ក្រាន្ត និងគោលដៅសំខាន់ៗ។ ជារួម សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព ព្រមទាំងតម្លៃសេវាទេសចរណ៍នានា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ នៅថ្ងៃចូលឆ្នាំទី១នេះ ហើយចរន្តភ្ញៀវត្រូវបានរំពឹងថា នឹងមានសភាពកាន់តែផុសផុសនាថ្ងៃទី២នេះ ដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួននៅចាំទទួលទេវតាកាលពីរសៀលថ្ងៃម្សិលម៉ិញ៕



ចែករំលែកព័តមាននេះ