ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គេសង្កេតឃើញថា រមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ក៏ដូចជារមណីយដ្ឋានម្លប់សាវម៉ាវ ត្រូវម្ចាស់រៀបចំតុបតែងកន្លែងកម្សាន្តរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន យ៉ាងស្រស់ស្អាត។ ថែមទាំងមានកន្លែងលេងទឹកស្ទឹងដ៏ត្រជាក់ ហើយសង្ឃឹមថា នៅឆ្នាំថ្មីនេះ មានភ្ញៀវជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តយ៉ាងច្រើនកុះករ។

បើតាមការរៀបរាប់របស់លោក ញ៉ាវ សុគន្ធ ម្ចាស់រមណីយដ្ឋានម្លប់សាវម៉ាវ បានឱ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិតជិតមកដល់ ខាងលោកបានរៀបចំតុបតែងរមណីយដ្ឋានរបស់ខ្លួនជាបណ្តើរៗ រហូតដល់ថ្ងៃដែលភ្ញៀវមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ចូលមកលេងតែម្តង។

លោកបន្តថា នៅពេលបុណ្យទានម្តងៗ ដូចជាបុណ្យចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺមានភ្ញៀវធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងប្រជាពលរដ្ឋមកពីភ្នំពេញ រួមទាំងមានជនជាតិចិន ជនជាតិថៃ ចូលមកលេងយ៉ាងច្រើនកុះករ។ លោកបញ្ជាក់ថា រមណីយដ្ឋានរបស់លោក មានកន្លែងលេងដ៏ទាក់ទាញ គឺមានម្លប់ចម្ការសាវម៉ាវ ដែលអាចឱ្យភ្ញៀវចូលទៅលេងល្បែ.ងកម្សាន្ត ដូចជា ល្បែ.ងទាញព្រ័ត្រ លាក់កន្សែង បោះអង្គុញ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហើយនៅជាប់នឹងមាត់ស្ទឹង ក៏អាចឱ្យភ្ញៀវហែលលេងយ៉ាងត្រជាក់ចិត្តផងដែរ។

លោកបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ នៅរមណីយដ្ឋានម្លប់សាវម៉ាវ ក៏មានម្ហូបកុម្មង់ជាច្រើនមុខ ដូចជា មាន់ដុត ត្រីរ៉ស់បំពង ម្ហូបប្រចាំត្រកូលរបស់អ្នកខេត្តប៉ៃលិន គឺឆាក្រវ៉ាញជាមួយសាច់ មាន់ សាច់ទា ឬសាច់ជ្រូកថែមទៀតផង។ លោកក៏សូមជូនពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកលេងក្នុងខេត្តប៉ៃលិន នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ឱ្យមានសេចក្តីសុខសាន្ត សុវត្ថិភាព ទាំងការធ្វើដំណើរ ទាំងការស្នាក់នៅ ព្រមទាំងទទួលបានពរជ័យសិរីសួស្តីថែមទៀតផងដែរ។

សូមបញ្ជាក់ថា នៅក្នុងក្រុងប៉ៃលិន រដ្ឋបាលខេត្តកំពុងតែដុតដៃដុតជើង ចាត់ឱ្យក្រុមការងាររៀបចំ តុបតែងនៅតាមផ្លូវទីសាធារណៈ ដាក់ភ្លើងអគ្គិសនីបំភ្លឺតាមដងផ្លូវយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏មានផ្ការំដួលពណ៌លឿង កំពុងតែបញ្ចេញសម្រស់នៅតាមដងផ្លូវគួរឱ្យចង់គយគន់ ដើម្បីបង្អួតភ្ញៀវទេសចរដែលនឹងចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន ពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាប់ៗខាងមុខនេះផងដែរ៕










ចែករំលែកព័តមាននេះ