ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​បរទេស​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ធ្លាក់​ចុះ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​អំឡុង​ខែកញ្ញា​កន្លង​ទៅ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​អំឡុង​ខែកញ្ញា​កន្លង​ទៅ ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​ជាង​៣,៧​ម៉ឺន​នាក់ ថយ​ចុះ​ជាង​៤% បើ​ធៀប​នឹង​ខែសីហា ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ។

លោក សួន បវរ អភិបាលខេត្ត បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​១៧ តុលា កន្លង​មក​ថា តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត ក្នុង​ខែ កញ្ញា​ឆ្នាំ​នេះ ភ្ញៀវ​បរទេស​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​៣៧.៤៣៣​នាក់ គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មាន​ចំនួន​១.២៤៧​នាក់ បើ​ធៀប​ខែសីហា​កន្លង​ទៅ មាន​ចំនួន​៣៩.២៨៧​នាក់ គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​១.៣០៩​នាក់ ថយ​ចុះ​៤,៧១% ។

ដោយឡែក សម្រាប់​ភ្ញៀវ​ដែល​ចូល​មក​លេងល្បែង​នៅ​កាស៊ីណូ​ក្នុង​ខែកញ្ញា​កន្លង​មក មាន​ចំនួន​ជាង​៣,៨​ម៉ឺន​នាក់ កើនឡើង​ជាង​១% បើ​ធៀប​នឹង​ខែសីហា ។

លោក សួន បវរ បញ្ជាក់​ថា ៖« ភ្ញៀវ​ចូល​មក​លេង​កាស៊ីណូ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ខែកញ្ញា​ឆ្នាំ​នេះ មាន​ចំនួន​៣៨.០៤៧​នាក់ ដោយ​គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មាន​ចំនួន​១.២៦៨​នាក់ បើ​ធៀប​ខែសីហា មាន​ចំនួន​៣៧.៥៣២​នាក់ កើនឡើង​១,៣៧% » ។

ក្នុង​ខែកញ្ញា​កន្លង​ទៅ​នេះ​ដែរ នៅ​តាម​រមណីយដ្ឋាន​នានា​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​១២២.១៧៦​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មាន​ចំនួន​១២២.០៦៨​នាក់ និង​ភ្ញៀវ​បរទេស​មាន​ចំនួន​១០៨​នាក់ ។ រីឯ​ភ្ញៀវ​ស្នាក់​នៅ​ក្នុង​ខេត្ត​សរុប​ចំនួន​១០.២៦៧​នាក់ ក្នុង​នោះ​ខ្មែរ​ចំនួន​១០.០៨២​នាក់ និង​បរទេស​១៨៥​នាក់ ហើយ​តំបន់ឧស្សាហកម្ម​ទេសចរណ៍​មាន​ចំនួន​២៦២​កន្លែង ។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា ឲ្យ​កាន់តែ​មាន​កំណើន​ថែម​ទៀត បច្ចុប្បន្ន ក្រសួងទេសចរណ៍​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ថ្នាក់ដឹកនាំ និង​សមាជិក​របស់​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍​ត្រូវ​តែ​បន្ត​ការ​អនុវត្ត​លើ​ផែនការ​សកម្មភាព​ឲ្យ​បាន​ល្អ​ប្រសើរ ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ប្រព័ន្ធ​ទឹក​ស្អាត អគ្គិសនី ការ​គ្រប់គ្រង​កាក​សំណល់​រឹង សំណល់​រាវ ផ្នែក​សំណង់ ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ហេដ្ឋារចនាសម្ព័ន្ធ ចំណតរថយន្ត ផ្ទះសំណាក់ សណ្ឋាគារ មណ្ឌល​កម្សាន្ត ការ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍ ការ​សម្រួលការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ សន្តិសុខ​សុវត្ថិភាព​ទេសចរណ៍ មូលដ្ឋាន​គតិ​យុ​ត្ត និង​យន្តការ​អនុវត្ត ព្រមទាំង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ៕