ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សម្រាក​ព្យាបាល​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ អគារ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ ដែល​ទើប​

ខេត្តពោធិ៍សាត់ ៖ អគារ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ ដែល​ទើប​ស្ថាបនា​រួច​បាន​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។

លោក ខូ​យ ឌី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា អគារ​មន្ទីរពេទ្យ​ថ្មី​នេះ មាន​ទំហំ​០៧​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង​ចែក​ចេញ​ជា​០៥​បន្ទប់ មាន​បន្ទប់ទឹក​ចំនួន​០៣ បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​ដោយ​ចំណាយ​អស់​ថវិកា​ជាង​០៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ជា​អំណោយ​របស់​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ​លីមីត​ធី​ត​។ អគារ​នេះ​សាងសង់​រយៈ​ពេល​​០៥​ខែ តាម​ស្ដង់ដា​បច្ចេកទេស​ដោយ​ធានា​ទាំង​គុណភាព និង​សោភ័ណ​ភាព​។ ហើយ​លោក​សង្ឃឹមថា មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ នឹង​មាន​លទ្ធភាព​កាន់តែ​សកម្ម​ក្នុង​ការ​ផ្ដល់​សេវា​សុខាភិបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ​ទាំងមូល​។

លោក ម៉ៅ ធនិន បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ហត្ថា​កសិករ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​គ្រប់​បែប​យ៉ាង​ស្ដែង​ចេញពី​សន្ដាន​ចិត្ត និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​វិស័យ​ឯកជន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។ ក្រៅពី​វិស័យ​សុខាភិបាល​ដែល​ជា​អាទិភាព​ហត្ថា​កសិករ​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​បង្កើត​ឱកាស​ការងារ ការ​ចែករំលែក​ចំណេះដឹង​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ពិសេស​ការ​ដោះស្រាយ​នីតិវិធី​ចាក​ចេញពី​បំណុល​វ័ណ្ឌ​.​ក​។ កន្លង​មកនេះ​យើង​សង្កេត​ឃើញ​អង្គការ​ហត្ថា​កសិករ​បាន​ជួយ​សាងសង់​សាលារៀន ផ្ដល់​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស ផ្ដល់​បរិក្ខារ​សម្រាប់​សួនច្បារ​សាធារណៈ និង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​ជាដើម​។​អគារ​ព្យាបាល​ជំងឺ​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​លោក​ឧកញ៉ា ហួត អៀង​តុង ផ្ដល់​ជូន​អ្នកស្រុក​ភ្នំក្រវាញ​។ នេះ​ជា​ការ​ចូលរួម​ចំណែក​មួយ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​អភិវឌ្ឍន៍ និង​លើកកម្ពស់​វិស័យ​សុខាភិបាល​។ លោក​ម៉ៅ ធនិន​សូម​ឲ្យ​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ដោយ​យកចិត្តទុកដាក់​ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ចៀសវាង​ប្រើ​ពាក្យអសុរស​។

ក្នុង​ឱកាស​នោះ​លោក​ម៉ៅ ធនិន​បាន​ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស ចូល​សួរសុខទុក្ខ និង​ជូន​សារុង ក្រមា​ដល់​អ្នកជំងឺ ព្រមទាំង​បាន​កាត់​ខ្សែបូរ និង​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​ផង​ដែរ​៕