ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​សិល្បៈ​ខ្ពស់​! ថុ​ន មរកត កាន់តែ​ខ្លាចរអា​រឿងរ៉ាវ​ស្នេហា​ដែល​ត្រូវ​ផ្សាយ​ជា​សាធារណៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​ស្រី​ក្នុង​រឿង «​នាង​កែវ​មុខសេះ​» ថុ​ន មរកត បច្ចុប្បន្ន នាង​កាន់តែ​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់ ដោយនៅ​ក្នុង​នោះ​ខ្សែភាពយន្ត​ចំនួន​៣​រឿង នាង​ទទួល​បាន​តំណែង​ជា​តួឯក​ទាំង​អស់នោះ​។ ហើយ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កាន់តែ​ពេញដៃ និង​សាង​

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ក្នុង​រឿង «​នាង​កែវ​មុខសេះ​» ថុ​ន មរកត បច្ចុប្បន្ន នាង​កាន់តែ​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់ ដោយនៅ​ក្នុង​នោះ​ខ្សែភាពយន្ត​ចំនួន​៣​រឿង នាង​ទទួល​បាន​តំណែង​ជា​តួឯក​ទាំង​អស់នោះ​។ ហើយ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កាន់តែ​ពេញដៃ និង​សាង​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី​នា​ពេល​នេះ ថុ​ន មរតក កាន់តែ​បង្ហាញ​ក្តី​បារម្ភ និង​ខ្លាចរអា​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​សេ្ន​ហា ដែល​ត្រូវ​គេ​លើកយក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​នាង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​ឪពុក​ម្តាយ​របស់​នាង​។

តារា​សម្តែង​ដែល​មាន​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​រឿង​បញ្ហា​ស្នេហា នាង​មិន​ចង់​និយាយ​ឡើយ បើ​ទោះបីជា​បច្ចុប្បន្ន​នាង​បាន​ប្រឡូក​ក្នុង​សិល្បៈ និង​មាន​អ្នក​ស្គាល់​កាន់តែ​ច្រើន​ក៏​ដោយ​»​។ នាង​និយាយ​ថា «​រឿង​នេះ ខ្ញុំ​មិន​អាច​និយាយ​បាន​ឡើយ ដោយ​សារ​បច្ចុប្បន្ន ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​ប៉ា​ម៉ាក់​ខ្ញុំ ចឹ​ង​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​បញ្ហា​នឹង​ទៅ​ផុស​នៅ​លើ​បណ្តាញ​ផ្សេង​ៗ​ឡើយ ហើយ​ម្យ៉ាង ប៉ា​ម៉ាក់​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​បញ្ហា​អ​ញ្ចឹ​ង​»​។

យ៉ាងណា តារា​ស្រី​រូប​នេះ​មិន​ទាន់​បញ្ជាក់​ទេ​ថា តើ​បច្ចុប្បន្ន​នាង​មាន​ម្ចាស់​បេះដូង​ហើយ​ឬ​នៅ? ខណៈ​គេ​ជឿ​ថា សម្រាប់​នាង​ជា​អ្នកសិល្បៈ និង​មាន​រូប​សម្រស់​ស្រស់​សោភា ថុ​ន មរកត នា​ពេល​នេះ មិន​ខ្វះ​ទេ​បុរស​ជា​ច្រើន​តាម​សុំ​ស្នេហ៍​នាង​នោះ​ឡើយ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ការងារ​សិល្បៈ​វិញ តារា​សម្តែង​ដែល​មាន​ដើម​កំណើត​មក​ពី​ក្រុង​តា​ខ្មៅ ខេត្តក​ណ្តាល ថុ​ន មរកត រូប​នេះ​លើក​ឡើង​ថា បន្ទាប់​ពី​នាង​បាន​ថត​បញ្ចប់​ខ្សែភាពយន្ត​រឿង «​នាង​កែវ​មុខសេះ​» ដែល​ជា​រឿង​ដំបូង​របស់​នាង​នោះ​មក ពេល​នេះ​នាង​ក៏​ទើបតែ​ថត​បញ្ចប់រឿង​ចំនួន​៣​បន្ថែម​ទៀត​ដែរ​។ នាង​បញ្ជាក់​ថា រឿង​ទាំង​៣​នោះ មានរឿង «​ចៅហ្វាយ​មាត់ដាច​» និង​រឿង «​គង់​ហ៊ាន​» រឿង​ទាំង​ពីរ​នេះ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​ក្នុង​ពេល​ឆាប់​ៗ​នេះ ចំណែក​​រឿង​ទី​៣ ដែល​គ្រោង​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នា​ពេល​ខាង​មុខ​នេះ នាង​សុំ​លាក់​ចំណងជើង​សិន​។

នាង​បន្ត​ថា ខ្សែភាពយន្ត​ទាំង​៣​រឿង​ខាងលើ​នេះ គឺ​នាង​ជា​តួឯក​ទាំង​៣​រឿង ខណៈ​ពេល​ដែល​នាង​រំពឹង​ថា រឿង​ទាំង​៣​ដែល​នាង​បាន​សម្តែង​នេះ នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា ដូច​រឿង​ដំបូង​ដែល​នាង​បាន​សម្តែង​នោះ​ដែរ​។

ស្រី​ស្អាត ថុ​ន មរកត បន្ថែម​ថា ក្រៅពី​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ នាង​ក៏​ថត​ស្ព​ត​ពាណិជ្ជកម្ម សម្អាងការ និង​ឡើង​ថត​សម្តែង​ក្នុង​កម្មវិធី​ផ្សេង​ៗ ហើយ​ចប់​ពី​ការ​ថត​នោះ នាង​ថែម​ទាំង​ឆ្លៀត​បន្ត​ការ​សិក្សា​ផង​ដែរ ក្នុង​ពេល​ដែល​នាង​ធ្លាប់​ផ្អឹប​ការ​សិក្សា​នេះ​មួយ​ឆ្នាំ​ហើយ ដោយសារ​ការ​ថត​ខ្សែភាពយន្ត​។

នាង​បញ្ជាក់​ថា កាលពី​នាង​ថត​រឿង «​នាង​កែវ​មុខសេះ​» នោះ នាង​បាន​លះបង់​ចោលការ​សិក្សា​មួយ​រយៈ ពោល​គឺ​នាង​បាន​សម្រេច​ធីប​ចោលការ​សិក្សា​របស់​ខ្លួន​រយៈពេល​មួយ​ឆ្នាំ​ពេញ ដើម្បី​មានឱកាស​បាន​ចូល​ថត​ភាពយន្ត​ជា​លើក​ដំបូង​របស់​ខ្លួន ដែល​បាន​ធ្លាក់​មក​ដោយ​មិន​នឹក​ស្មាន​ដល់​។

យ៉ាងណា បើ​តាម​ស្រី​ស្អាត ថុ​ន មរតក បាន​បន្ត​ទៀត​ថា បើ​ទោះបីជា​នាង​ស្រឡាញ់​ការងារ​សិល្បៈ ហើយ​កំពុង​មានការ​មមាញឹក​ក្នុង​អាជីព​នេះ​ក៏​ដោយ ប៉ុន្តែ​ក្នុងអំឡុងពេល​នេះ នាង​មិន​អាច​ចោលការ​សិក្សា​ទាំងស្រុង​នោះ​ឡើយ ពោល​គឺ​នាង​នៅ​តែ​ឆ្លៀត​បន្តការងារ​សិល្បៈ​របស់​ខ្លួន ដើម្បី​ឲ្យ​នាង​មាន​អ្វី​ជា​រំពឹង​សម្រាប់​ខ្លួនឯង​ជា​មុន​សិន​។ នាង​បន្ថែម​ថា បច្ចុប្បន្ន នាង​បាន​និង​កំពុង​សិក្សា​តែ​នៅ​ពេល​ព្រឹក​ប៉ុណ្ណោះ ហេតុនេះ​ពេល​ថ្ងៃ​នាង​អាច​ទទួល​ថត​ធម្មតា ហើយ​បញ្ហា​នេះ​ខាង​ផលិតករ ក៏​មានការ​យោគយល់​ច្រើន​សម្រាប់​រូប​នាង​ផង​ដែរ​។

ទោះជា​យ៉ាងណា ក្នុង​ពេល​ដែល​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​កំពុង​តែ​ល្បីល្បាញ​នោះ ស្រី​ស្អាត ថុ​ន មរតក ថា នៅ​តែ​រក្សា​តម្លៃ​ខ្លួន​ថត​ដដែល ពោល​គឺ​នាង​មិន​បាន​តម្លើង​ថ្លៃ​ខ្លួន​ឲ្យ​ថ្លៃ​ជាង​មុន នៅ​ពេល​ដែល​ខ្លួន​ចាប់ផ្តើម​ល្បី​នោះ​ទេ​។ នាង​ថា សម្រាប់​តម្លៃ​ការ​ថត គឺ​នាង​នៅ​តែ​រក្សា​ដដែល ពោល​គឺ​មិន​មានការ​ឡើង​ឡើយ ហើយ​តម្លៃ​ដែល​នាង​ដាក់​ទៅ​នោះ ខាង​ផលិត​ក៏​អាច​ទទួល​បាន​ដែរ ខណៈ​ពេល​ដែល​តម្លៃ​ដែល​នាង​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​ក៏​មិន​ក្រោម​តម្លៃ​តួ​ដែល​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ