រាជធានីភ្នំពេញ ៖ កាន់តែពិសេស តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ នឹងបញ្ចេញស្នាដៃបទចម្រៀងដែលផលិតដោយស្នាដៃលោកផ្ទាល់តាមរយៈបទចម្រៀងចូលឆ្នាំមួយបទ ដែលមានតារាចម្រៀងប្រមាណ១៦ដួងច្រៀងរួមគ្នា។ ការត្រៀមបញ្ចេញស្នាដៃថ្មីមួយទៀត ពីតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ នាពេលនេះ គឺចាត់ទុកថា ជាស្នាដៃទី២ បន្ទាប់ពីកាលពីឆ្នាំកន្លងទៅ លោកក៏ធ្លាប់បានបញ្ចេញស្នាដៃផលិតផ្ទាល់ខ្លួននូវបទចម្រៀង ពរជ័យហង្សមាស ដែលមានការចូលរួមច្រៀងរួមគ្នាពីតារាចម្រៀងចំនួន៥ដួងផងដែរ។
តាមរយៈសារដែលបានបង្ហោះនៅលើបណ្តាញសង្គមលោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា កាលពីឆ្នាំទៅ បងប្អូនបានរីករាយស្តាប់កម្សាន្តជាមួយបទចម្រៀងមួយបទក្រោមចំណងជើងថា «ពរជ័យហង្សមាស» ដែលជាបទចម្រៀងកើតឡើងពីគំនិតផ្តួចផ្តើមផលិតរបស់ខ្ញុំបាទផ្ទាល់ ក្រោមការសហការពីលោក គង់ សុភក្តី ដែលជាអ្នកនិពន្ធ និងសម្រួលតន្ត្រី និងលោកលី ស៊ីនហួន ជាអ្នកនិពន្ធទំនុកច្រៀង ច្រៀងដោយតារាចម្រៀងស្រីទាំង៥រូបរបស់គ្រួសារហង្សមាស រួមមាន ៖ ឱក សុគន្ធកញ្ញា, ផន ស្រីខួច, ចម្រើន សុភ័ក្រ, ឈីន រតនៈ និង ម៉ង់ ចាន់កញ្ញា។
![Picture]()
លោកបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខ្ញុំបាទ ណុប បាយ៉ារិទ្ធ មានសេចក្តីសោមនស្សរីករាយ ដោយបានក្រុមហ៊ុនហង្សមាសអនុញ្ញាតអោយខ្ញុំបានបញ្ចេញសមត្ថភាពជាមួយនឹងការងារថ្មី ដឹកនាំ project ផលិតនៅបទចម្រៀងថ្មីមួយបទទៀតក្រោមការសហការនិពន្ធបទភ្លេងពីលោកគ្រូ សាន់ សុវណ្ណឌីន និងនិពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន ច្រៀងដោយតារាចម្រៀងគ្រួសារហង្សមាស១៦រូប ជាមួយបទចម្រៀងដែលមានចំណងជើងថា «សង្ក្រាន្តខ្មែរ» ក្រោមអត្ថន័យ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងជាមួយទំនុកច្រៀង សម្លេងដូរតន្ត្រី ឧបករណ៍ភ្លេងដែលមានចរិកលក្ខណៈជាទំរង់បែបខ្មែរ។
លោកបន្តថា ចម្រៀងមួយបទនេះ ក៏ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានរវាង ខ្ញុំ លោកគ្រូភ្លេង អ្នកនិពន្ធទំនុកច្រៀង និងប្អូនៗតារាចម្រៀងទាំងអស់ ដែលបានឆ្លងកាត់នៅរឿងរ៉ាវជីវិតដ៏មិនអាចបំភ្លេចបានជាមួយគ្នា ក្នុងកំឡុងពេលផលិតបទចម្រៀងមួយបទនេះ ។ សូមគោរពជូននៅសមិទ្ធផលបទចម្រៀងមួយបទនេះ ជូនលោកតា លោកយាយ អ៊ុំពូមីង ពុកម៉ែ បងប្អូនស្តាប់កម្សាន្តក្នុងពេលឆាប់ៗនេះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ