រាជធានីភ្នំពេញ ៖ តារាសម្តែងលោក សាយ សៀរ៉ា បានចេញទៅសម្រាកព្យាបាលជំងឺនៅប្រទេសថៃ ប្រមាណជា១សប្តាហ៍មកហើយ ក្នុងពេលដែលលោកបានពើបប្រទះនូវជំងឺរលាកសរសៃមុខ។ គិតមកដល់ពេលនេះ ស្ថានភាពជំងឺរបស់លោក បានវិលមកល្អប្រសើរច្រើនហើយ បន្ទាប់ពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យថៃ។
![Picture]()
យ៉ាងណា ក្នុងពេលនេះលោក សាយ សៀរ៉ា ក៏បានចេញមុខបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកដល់ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រដែលតែងតែសាកសួរអាការៈជំងឺរបស់លោកនាពេលនេះ។
លោក សាយ សៀរ៉ា លើកឡើងថា បច្ចុប្បន្ន ស្ថានភាពជំងឺរបស់លោកបានវិលមករកភាពល្អប្រសើរជាងមុនច្រើនហើយ ខណៈពេលដែលនេះ ជាដំណឹងល្អនៅមុនពេលដែលលោកនឹងចេញទៅសម្តែងនៅបណ្តាប្រទេសនៅអឺរ៉ុប នៅចុងខែនេះ។
![Picture]()
តារាសម្តែងខាងលើបានលើកឡើងតាមរយៈសំណេរបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃនេះថា ពេលនេះខ្ញុំបាទ មានសុខភាពធម្មតាវិញហើយ ហើយ២ថ្ងៃទៀតពេទ្យឲ្យទៅស្រុកយើងវិញ។ លោកបញ្ជាក់ថា ពុកម៉ែបងប្អូន ដែលរស់នៅប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ជួបគ្នា ថ្ងៃទី២៨ ខែ៣ ខ្ញុំនឹងហោះទៅហើយ សូមពុកម៉ែបងប្អូនចូលរួមរាំលេងយ៉ាងសប្បាយជាមួយយើងខ្ញុំទៅពីស្រុកខ្មែរទៅ។ យ៉ាងណា លោកបានសម្តែងការអរគុណចំពោះទស្សនិក និងអ្នកគាំទ្រដែលតែងតែសាកសួរសុខទុក្ខ និងចង់ដឹងពីស្ថានភាពជំងឺរបស់លោកនាពេលនេះ។
![Picture]()
ជាការកត់សម្គាល់លោក សាយ សៀរ៉ា ធ្លាប់បានបញ្ជាក់ថា លោកបានជួបប្រទះជំងឺរលាកសរសៃផ្ទៃមុខទី៧ ដែលធ្វើឲ្យវៀចមុខ វៀចភ្នែក វៀចមាត់។ លោកបន្ថែមថា មូលហេតុដែលលោកមានជំងឺមួយនេះ គឺដោយសារតែលោកគិតច្រើន និងសម្រាកមិនបានគ្រប់គ្រាន់ ព្រោះតែមួយរយៈនេះ លោករវល់គិតគូរនៅក្នុងការសាងសង់គេហដ្ឋានសម្រាប់ទុកជូនឪពុកម្តាយលោករស់នៅ។ ម្យ៉ាងទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារសិល្បៈរបស់លោកក៏បានធ្លាក់ចុះខ្លាំង ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ