រាជធានីភ្នំពេញ ៖ តារាកំប្លែងអ្នកនាង ខ្ញុង មួយរយៈចុងក្រោយនេះ ហាក់បង្ហាញពន្លឺជីវិតឡើងវិញ បន្ទាប់ពីនាងទទួលបានការងារសិល្បៈជាបន្តបន្ទាប់ម្តងទៀត ជាមួយនឹងក្តីរំពឹងថា នាងអាចនឹងដោះស្រាយបំណុលគេបាននៅបំណាច់ឆ្នាំនេះ។
![Picture]()
ក្រោយការវិលរកការសម្តែងជាថ្មីឡើងវិញ នាដើមឆ្នាំ២០២៣នេះ អ្នកនាង ខ្ញុង តែងតែបង្ហាញសកម្មភាពការងារស្ទើរមិនដាច់ ជាមួយនឹងការប្រឹងប្រែងតស៊ូ ដើម្បីដោះបំណុលគេរាប់សិបម៉ឺនដុល្លារ តាមរយៈប្រភពចំណូលពីការងារសិល្បៈ និងការ Live គ្រឿងបរិភោគ និងគ្រឿងសម្អាងតាមអនឡាញជាដើម។
![Picture]()
ក្រោយកាក់កបទៅនឹងមុខរបរទាំងពីរខាងលើនេះ អ្នកនាង ខ្ញុង ក៏បានបង្ហាញតម្រុយ និងក្តីសង្ឃឹមថា នាងអាចនឹងមានលទ្ធភាពច្រើនសម្រាប់ដោះស្រាយបំណុលគេបាននៅបំណាច់ឆ្នាំនេះ ដើម្បីបញ្ចប់បញ្ហាវិលរកពន្លឺជីវិតជាថ្មីឡើងវិញ។
![Picture]()
តាមរយៈរូបភាពសកម្មភាពនៃការថតភាពយន្ត អ្នកនាង ខ្ញុង បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមគណនីរបស់ខ្លួនថា អគុណខ្លួនឯងដែលរឹងមាំ ចាប់តាំងពីទទួលការងារឡើងវិញមក មិនសូវបានមានពេលសម្រាកទេ។ នាងសង្ឃឹមថា ឆ្នាំនេះ នឹងដោះស្រាយរួចរាល់គ្រប់បញ្ហា។ អគុណដែលបានទុកឱកាសឲ្យខ្ញុំនឹងប្រើសមត្ថភាព និងកម្លាំងនេះ ជារបស់ខ្ញុំជូនបងប្អូនមិនអាចខ្វះមួយកាក់មួយសែនណាឡើយ។ អគុណកូន អគុណប្ដី កម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំ។
![Picture]()
យ៉ាងណា ក្រោយពីឃើញសារដែលអ្នកនាង ខ្ញុង បង្ហោះខាងលើនេះ គេឃើញមានបណ្តាមិត្តភក្តិ បងប្អូន ជាពិសេសអ្នកគាំទ្របាននាំគ្នាចូលទៅខំមិន ដោយម្នាក់ៗបានសម្តែងការត្រេកអរ និងជូនពរឲ្យតារាកំប្លែងរូបនេះ សម្រេចបំណងនៅក្នុងការដោះបំណុលគេនាពេលនេះ។
ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះ តារាកំប្លែងអ្នកនាង ខ្ញុង បានប្រកាសលក់ផ្ទះដែលនាងកំពុងរស់នៅបច្ចុប្បន្នជាបន្ទាន់ សម្រាប់យកលុយដោះបំណុល ក្នុងពេលដែលផ្ទះរបស់នាងបានទិញដោយការបង់រំលោះប្រមាណជា៣ឆ្នាំមកហើយ។
![Picture]()
នាងបញ្ជាក់ថា «ក្រោយពីការលក់ផ្ទះនេះដាច់ហើយ នាងនឹងក្រុមគ្រួសារនឹងទៅស្នាក់នៅផ្ទះបងប្អូនម្តុំកួរស្រូវចម្ការដូង ខណៈពេលដែលផ្ទះនោះ គឺបងប្អូនរបស់នាងឲ្យស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ»។ នាងបន្ថែមថា «ក្រោយពីជំពាក់បំណុលគេមកនោះ គឺនាងបានតាំងចិត្តបានយ៉ាងរឹងមាំនៅក្នុងការតស៊ូដោះបំណុលគេ ហើយនាងក៏មិនចង់លក់ផ្ទះដែលខ្លួនកំពុងស្នាក់នៅនេះដែរ ប៉ុន្តែអ្វីដែលនាងអាចបោះបង់ចោល គឺនាងនឹងធ្វើ ដើម្បីបន្តដំណើរ និងចាប់ផ្តើមជីវិតសារជាថ្មីឡើងវិញ»។
![Picture]()
គួរបញ្ជាក់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០២១ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលនៅសុខៗ ស្រាប់តែលេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ Live ផ្ទាល់នៅចំពោះមុខអ្នកសារព័ត៌មាន ដោយប្រកាសពីការក្ស័យធន ព្រោះធ្លាក់ខ្លួនជាប់ក្នុងអន្លង់បំណុល រហូតដល់ទៅជាងកន្លះលានដុល្លារ ដោយសារលទ្ធផលយកមករកស៊ីមិនកាក់កប៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ