រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន ក្រុមល្ខោនបាសាក់ អុល សំអាង វង់ទី១ រាជធានីភ្នំពេញ បាននិងកំពុងផ្ទុះការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាជន ខណៈពេលដែលវង់ល្ខោនមួយនេះ បានរក្សាយ៉ាងខ្ជាប់ខ្ជួននូវក្បួនខ្នាតទម្រង់ដើមរបស់ល្ខោនបាសាក់ខ្មែរ។ ក្នុងពេលដែលសន្ទុះការគាំទ្រកាន់តែខ្លាំងនោះ អ្នកដឹកនាំក្រុមសម្តែងលោក អុល សំអាង ក៏បានកែប្រែពីតម្លៃនៃការជួលសម្តែងខ្លះៗ សម្រាប់ម្ចាស់កម្មវិធី ខណៈពេលតម្លៃ គឺប្រែប្រួលទៅតាមស្ថានភាពសង្គមនាពេលបច្ចុប្បន្នផងដែរ។
![Picture]()
លោក អុល សំអាង បានអះអាងប្រាប់កោះសន្តិភាពថា សម្រាប់ការសម្តែងវង់ល្ខោនបាសាក់ ក្រុមរបស់លោកបច្ចុប្បន្ន គឺមានការប្រែប្រួល ពោលគឺមានការឡើងថ្លៃខ្លះ ស្របតាមស្ថានភាពជាក់ស្តែង។ លោកបញ្ជាក់ថា កន្លងមក ការសម្តែងវង់ល្ខោនលោកនៅតាមតំបន់ជុំវិញរាជធានីភ្នំពេញ គឺតម្លៃចាប់ពី២ពាន់ដុល្លារក្នុងមួយយប់ ប៉ុន្តែឥឡូវឡើងចាប់ពី២៧០០ដុល្លារ ខណៈពេលដែលការសម្តែងនៅតាមបណ្តាខេត្តឆ្ងាយៗ គឺតម្លៃចាប់ពី៣០០០ដុល្លារទៅ៣៥០០ដុល្លារ។
![Picture]()
យ៉ាងណា លោកថា តម្លៃទាំងអស់នេះ ក៏អាចមានការយោគយល់ និងចុះខ្លះដែរ ដោយនៅក្នុងនោះ ប្រសិនបើម្ចាស់កម្មវិធីជួលរយៈពេល៣យប់ពេញ គឺយើងអាចចុះឲ្យពួកគាត់ត្រឹមតម្លៃ៣ពាន់ដុល្លារក្នុងមួយយប់។ ដោយឡែកសម្រាប់ទីវត្តអារាមណាដែលមានការខ្សត់ខ្សោយ តែចង់បានក្រុមល្ខោនលោកទៅសម្តែងនោះ គឺលោកក៏មានការយោគយល់ផងដែរ ដោយលោកគិតតម្លៃពិសេសម្រាប់គាត់។
![Picture]()
លោកបន្ថែមថា តម្លៃខាងលើនេះ គឺបានកើនឡើងត្រឹមរយៈពេល១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដោយកន្លងមក តម្លៃក្រោម២ពាន់ក៏ក្រុមរបស់លោកអាចទៅសម្តែងបានដែរ ហើយតម្លៃអាចប្រែប្រួលទៅតាមទីជិត ឬឆ្ងាយ។ លោកបន្ថែមថា តម្លៃគឺអាចកើនឡើងសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ហើយតម្លៃខាងលើនេះ គឺសម្រាប់វង់ល្ខោនរបស់លោកតែប៉ុណ្ណោះ ចំណែកតម្លៃវង់ល្ខោនផ្សេងៗទៀត គឺអាចមានតម្លៃទាបជាងនេះ ។
![Picture]()
យ៉ាងណា បើតាមលោក អុល សំអាង ថា បើទោះបីជាតម្លៃនៃការសម្តែងវង់ល្ខោនរបស់លោកមានការកើនឡើងបន្តិចក្តី ប៉ុន្តែសម្រាប់ម្ចាស់កម្មវិធីដែលពេញចិត្តការសម្តែងវង់លោក គឺនៅតែរីករាយជួលក្រុមលោកសម្តែងដដែល។ លោកបញ្ជាក់ថា ការដែលពួកគាត់នៅតែហ៊ានជួលក្រុមល្ខោនរបស់លោកឲ្យមកសម្តែង គឺពួកគាត់ចង់លើកតម្កើងតម្លៃវប្បធម៌ និងក្រុមសិល្បករដែលសម្តែងល្ខោន ក្នុងពេលដែលក្រុមលោកអាចរក្សាការសម្តែងជាលក្ខណៈបុរាណ គឺបុរាណមិនមានការក្លាយឡើយ។
![Picture]()
លោកថា ជាទូទៅក្រុមល្ខោនបាសាក់របស់លោក គឺមានការសម្តែង និងការតុបតែងខ្លួនទៅតាមទម្រង់ល្ខោនបាសាក់បុរាណដើម ហើយអ្នកទស្សនាក៏គាត់មានការពេញចិត្តការសម្តែងល្ខោនរឿងបែបបុរាណៗនេះដែរ។
![Picture]()
លោក អុល សំអាង បានលើកឡើងបន្ថែមថា ការសម្តែងល្ខោនរឿងបែបលក្ខណៈបុរាណ គឺវាពិបាកសម្តែងណាស់ ដោយទាមទារឲ្យតួអង្គនីមួយៗត្រូវមានការហាត់តាមក្បួនខ្នាតឲ្យបានត្រឹមត្រូវ។ ការហាត់រយៈពេលយូរ និងមានទេពកោសល្យខ្ពស់នេះ បានធ្វើឲ្យតម្លៃខ្លួនរបស់សិល្បករខ្លះក៏មានការកើនឡើងដែរ ពោលគឺកន្លងមក ការសម្តែងរបស់ពួគគាត់មួយយប់ត្រឹម១០ទៅ១២ម៉ឺនរៀល ប៉ុន្តែឥឡូវពួកគាត់ឡើងចាប់ពី១០ម៉ឺន ទៅ១៨ម៉ឺនរៀល។ ចំណែកក្រុមបច្ចេកទេស និងអ្នករៀបចំឆាកក៏តម្លៃឡើងដូចគ្នា ក្នុងពេលដែលការរៀបចំអាហារសម្រាប់ក្រុមសម្តែងដែលមានគ្នាជាង៣០នាក់ គឺត្រូវចាយចាប់ពី១លាន ឬ១លានជាងរៀល ដែលជាបន្ទុករបស់លោកទាំងស្រុង។
![Picture]()
ទោះជាយ៉ាងណា បើតាមលោក អុល សំអាង ថា បើយើងគិតពីតម្លៃជារួមគឺថ្លៃ ប៉ុន្តែប្រសិនបើយើងបែកចែកជាក្រុមទាំងមូលដែលមានគ្នាជាង៣០នាក់ និងការចំណាយផ្សេងៗទៀត គឺមិនជាច្រើនឡើយ ពោលគឺអាចសមល្មមសម្រាប់ចិញ្ចឹមជីវិតសិល្បករផ្នែកបុរាណនេះ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ