រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ពេជ្រ ថាណា បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកសម្តែងការភ្ញាក់ផ្អើល បន្ទាប់លោកបានបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ នៅលើគណនីហ្វេសប៊ុករបស់លោក។ ជាមួយនឹងភាពជោគជ័យលើវិថីសិល្បៈ និងការត្រៀមខ្លួនចូលទៅរស់នៅលើផ្ទះវីឡាដ៏ប្រណីតនាពេលខាងមុខ តារាចម្រៀងក្នុងផលិតកម្មថោនរូបនេះ ក៏បានបង្ហោះសារយ៉ាងចាក់ដោតមួយទៅកាន់គូស្នេហ៍របស់លោក ដែលបានពុះពាររួមសុខរួមទុក្ខជាមួយគ្នា រហូតមកទល់នាពេលនេះ។

ជាមួយនឹងរូបភាពផ្ទះវីឡា និងគូស្នេហ៍តារាចម្រៀងលោក ពេជ្រ ថាណា បានភ្ជាប់ជាមួយនឹងសារបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា គូជីវិត គឺគូដែលមិនបោះបង់ចោលគ្នា ស្មោះត្រង់រវាងគ្នានិងគ្នា រួមសុខរួមទុក្ខជាមួយគ្នាពេលគ្រាលំបាក។ លោកថា ខ្ញុំខុសចំណុចណាគាត់តែងតែប្រាប់ ដើម្បីកែតម្រូវ។ រៀនទទួលកំហុងដែលធ្វើខុស ទើបយើងរកត្រូវឃើញ កុំបណ្តោយអោយខុស នៅតែខុស១ជីវិត ត្រូវកែប្រែ។
លោកបញ្ជាក់ថា ពួកខ្ញុំជួបព្យុះសង្ឃរាអស់ហើយ នៅតែមិនរត់ចោលគ្នា ទោះជីវិតខ្ញុំបរាជ័យប៉ុន្មានដង ក៏នារីម្នាក់នេះតែងតែនៅក្បែរខ្ញុំ ផ្តល់កម្លាំងចិត្តអោយខ្ញុំកាន់តែរឹងមាំ តស៊ូក្រោកឈរ ក្លាយជាមនុស្សស្ងៀមស្ងាត់ អត់ធ្មត់ ហើយកាន់តែរឹងមាំ អគុណម្ចាស់ដើរទៅមុខដោយស្នាមញញឹម ថ្ងៃអនាគតខ្ញុំសូមជូនពរពួកយើងទាំងពីរអោយកាន់តែប្រសើឡើង អគុណការបរាជ័យ។

ជាការកត់សម្គាល់ តារាចម្រៀងលោក ពេជ្រ ថាណា គឺជាតារាចម្រៀងមួយរូបដែលកំពុងមានឈ្មោះបោះសម្លេងនៅលើវិថីសិល្បៈចម្រៀងនាពេលបច្ចុប្បន្ន ក្នុងពេលដែលបទចម្រៀងរបស់លោកបានទទួលការពេញនិយម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ។
យ៉ាងណា ក្នុងពេលដែលលោកកំពុងទទួលបានជោគជ័យខ្លាំងលើអាជីពសិល្បៈនេះនៅអំឡុងឆ្នាំ២០២១ លោកក៏បានជួបទុក្ខធំដោយសារភរិយាជាទីស្រឡាញ់របស់លោកបានទទួលមរណភាព ដោយសារជំងឺ ដែលធ្វើឲ្យលោកក្លាយជាបុរសពោះម៉ាយរស់នៅតែម្នាក់ឯង។ ចាប់តាំងពីភរិយាទទួលមរណភាព លោក ពេជ្រ ថាណា មិនដែលបើកបង្ហាញពីគូស្នេហ៍ថ្មីឡើយ ដោយសារលោកបានងាកមកពង្រឹកអាជីពចម្រៀងរបស់លោកសម្រាប់ប្រិយមិត្តគាំទ្រ។

ទោះជាយ៉ាងណា ក្នុងអំឡុងចុងឆ្នាំ២០២២ លោក ពេជ្រ ថាណា ក៏បានដាច់ចិត្តបង្ហាញមុខមាត់គូស្នេហ៍ថ្មី ដែលជានារីវ័យក្មេងរូបស្រស់មួយរូប ខណៈពេលដែលលោកក៏បានបញ្ជាក់ពីទំនាក់ទំនងច្បាស់លាស់ជាមួយគូស្នេហ៍ថ្មីនេះ ហើយពួកគេក៏បានចាប់ដៃគ្នាប្រឹងប្រែងជាមួយគ្នាសន្សំលុយទិញបានផ្ទះវីឡាដ៏ធំស្កឹមស្កៃនាពេលនេះផងដែរ៕








ចែករំលែកព័តមាននេះ