ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​លើកគ្នា​តវ៉ា​រឿង​ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម​​កាយ​ផ្តាច់​​ផ្លូវ​

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម «​ហ័​ង​អញ​យ៉ា​ឡាយ​» បាន​កាយ​ផ្ដាច់​ផ្លូវ​អ្នក​ភូមិ​មិន​ឱ្យធ្វើ​ដំណើរ​ចេញ-ចូល​ឆ្លងកាត់​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ នៅ​ភូមិ​ស្រែ​ឈូក ស្រុក​លំ​ផាត់ ​ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម «​ហ័​ង​អញ​យ៉ា​ឡាយ​» បាន​កាយ​ផ្ដាច់​ផ្លូវ​អ្នក​ភូមិ​មិន​ឱ្យធ្វើ​ដំណើរ​ចេញ-ចូល​ឆ្លងកាត់​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ នៅ​ភូមិ​ស្រែ​ឈូក ស្រុក​លំ​ផាត់ ​ខេត្តរតនគិរី មាន​ចប មាន​ប៉ែល និង​គ្រឿងចក្រ​ត្រាក់ទ័រ​ចំនួន​ពីរ​គ្រឿង​ផង​ដែរ នាំ​គ្នា​ទៅ​កាយ​ដី​លុប​ប្រឡាយ និង​ដាក់​លូ​ចំនួន​ពីរ​កន្លែង ដើម្បី​ធ្វើ​ដំណើ​ចេញ-ចូល​វិញ​​ ។

សកម្មភាព​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​កាយ​ដី​លុប​ប្រឡាយ​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម «​ហ័​ង​អញ​យ៉ា​ឡាយ​» ដែល​កាយ​ផ្ដាច់​ផ្លូវ​របស់​ពួក​គាត់​មិន​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​ភូមិ​តាំងពី​កំឡុង​ខែ​១១​ឆ្នាំ ២០២២ មក​ម្ល៉េះ ទើប​ពេល​នេះ ពួក​គាត់​នាំ​គ្នា​ទៅ​លុប​បំពេញ​ដើម្បី​បាន​ប្រើប្រាស់​ផ្លូវ​ឡើង​វិញ ។

លោក​ឌី ចាន់ វ័យ​ជាង​៨៣​ឆ្នាំ តំណាង​​ប្រជាពលរដ្ឋ​២១៧​គ្រួសារ បាន​ប្រាប់​ថា ក្រុមហ៊ុន​ចម្ការ​ចេក​របស់​វៀតណា​ម​«​ហ័​ង​អញ​យ៉ា​ឡាយ​» មា​នទី​តាំងនៅ​ជិត​ភូមិ​ស្រែ​ឈូក ស្រុក​លំ​ផាត់​នោះ បាន​កាយ​ផ្ដាច់​ផ្លូវ​ចំនួន​ពីរ​កន្លែង​ឱ្យ​ក្លាយទៅជា​រណ្ដៅ​ជ្រៅ​ៗ​មិន​ឱ្យ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ដូច​មុន​ឡើយ ។

លោក​បន្ដ​ថា ផ្លូវ​នោះ​ពួក​គាត់​ធ្លាប់​ប្រើប្រាស់​ចេញ​-​ចូល​ទៅ​ស្រែ​ចម្ការ​តាំងពី​ឆ្នាំ​១៩៧៩​រៀង​មក តែ​មក​ដល់​ឆ្នាំ​២០១០ ​ក៏​មាន​ក្រុមហ៊ុន​វៀតណាម មក​វិនិយោគ​ដាំ​ដើម​ចេក ហើយ​ក្រុមហ៊ុន​ថា​នឹង​រៀបចំ​ធ្វើ​មន្ទីរពេទ្យ​សាលារៀន​ រួម​និង​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រើប្រាស់​ផង​ដែរ ប៉ុន្ដែ​សន្យា​ខ្យល់ ទីបំផុត​អ្វី​ដែល​ក្រុមហ៊ុន​បាន​សន្យា​នោះ គេ​មិន​បាន​ធ្វើ​ឡើយ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​នេះ​បែរជា​កាត់​ផ្ដាច់​បិទផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ទៅ​វិញ​ជា​ច្រើន​ខែ​មក​ហើយ​។ តែបើ​ពលរដ្ឋ​ណា​ចង់​ចេញ​-​ចូល​ ត្រូវ​ពាក់​កាត​របស់​ក្រុមហ៊ុន ទើប​អនុញ្ញាត ។

អ្នក​តវ៉ា​ប្រាប់​កោះសន្តិភាព​ថា ដោយសារ​អស់ជម្រើស​ទើប​ពួក​យើង​រ៉ៃលុយ​គ្នា​ទិញ​លូ​៩​កង់ យក​ទៅ​ដាក់​ប្រឡាយ​ពីរ​កន្លែង ដែល​គេ​កាយ​ផ្ដាច់​នោះ ដើម្បី​ចាក់​ដី​លុប​បំពេញ​វិញ​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​ស្រែ​ចម្ការ​បង្ករបង្កើន​ផល​ដូច​សព្វដង ។ លោក​យ៉ា​ត ណាគ្រី មេឃុំ​ជ័យ​ឧត្ដម​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣​នេះ​ថា សកម្មភាព​របស់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ដែល​នាំ​គ្នា​ទៅ​លុបរណ្ដៅ​ដី​ក្រុមហ៊ុន​កាយ​ផ្ដាច់​ផ្លូវ​នោះ លោក​មិន​ទទួល​ដឹង​ឮ​ទេ​ ដោយសារ​រឿង​នេះ លោក​បាន​បញ្ជូន​សំណុំរឿង​ទៅ​ដល់​ដៃ​សាលាស្រុក​លំ​ផាត់​ជា​ច្រើន​ខែ​ហើយ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ។

ឯ​លោក​នូ ថេរ អភិបាលស្រុក​លំ​ផាត់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ករណី​ដែល​ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម​បាន​កាយ​ផ្ដាច់​ផ្លូវ​នោះ ព្រោះ​គេ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​យើង​ដើរ​ឆ្លងកាត់​ទីនោះ​តទៅ​ទៀត​ទេ ព្រោះ​ខ្លាច​មាន​ជំងឺឆ្លង​ប៉ះពាល់​ផលដំណាំ​ចេក​របស់​ក្រុមហ៊ុន​គេ ។

លោក​បន្ដ​ថា រឿង​នេះ​យើង​និង​អភិបាលរង​ខេត្ដ​ ធ្លាប់​បាន​ជួប​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​ជជែក​ដោះស្រាយ​ដែរ ហើយ​ខាង​ក្រុមហ៊ុន​គេ​ថា​នឹង​រៀបចំ​ធ្វើ​តាម​ប្រព័ន្ធ​ប្លង់​មេ​ និង​ធ្វើ​ផ្លូវ​ថ្មី​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ដាច់​ដោយឡែក​ មួយ​វាង​ក្រុមហ៊ុន​គឺ​ទៅ​តាម​ផ្លូវជាតិ​លេខ​៧៦ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ទទួលយក​ព្រោះ​វាង​ឆ្ងាយ​ទៅ​ចម្ការ​ស្រែ ត្រូវ​ប្រើ​ពេល​៦​ទៅ​៧​ម៉ោង ​បើ​ទៅ​តាម​ផ្លូវ​ចាស់​តែ​ជាង​១​ម៉ោង​ទេ​។ ចំណែក​ខាង​តំណាង​ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម​ «ហ័​ង​អញ​យ៉ា​ឡាយ​» មិន​មានការ​បំភ្លឺ​អ្វី​ទេ​។

ឯ​អ្នក​ភូមិ​ថ្មី​ឃុំ​ជ័យ​ឧត្ដម ស្រុក​លំ​ផាត់​ប្រមាណ​​២០០​គ្រួសារ ក៏​កំពុង​ប្រឈម​ជាមួយ​ក្រុមហ៊ុន​ចម្ការ​ចេក​កាយ​ផ្លូវ​ផ្ដាច់​មិន​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ-ចូល​ដូច​គ្នា​ដែរ ។ ផ្ដើម​ចេញពី​ក្រុមហ៊ុន​មួយ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ស្រុក​លំ​ផាត់​ដែល​ភាគច្រើន​ជា​បងប្អូន​ជនជាតិ​ឡាវ មានការ​ក្តៅក្រហាយ​ខ្លាំង​ណាស់ និង​ព្រួយបារម្ភ ​ហើយ​ក៏​បាន​សំណូមពរ​យ៉ាង​ទទូច​ទៅ​សម្ដេច​ពុក និង​សម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​អន្ដរា​គន៍​ផង ដើម្បី​បើកផ្លូវ​ឱ្យ​ពួក​គាត់​បាន​ប្រើប្រាស់​ចេញ​-​ចូល​ជា​ធម្មតា​វិញ និង​ដឹក​កសិផល​មក​កាន់​ទីផ្សារ​លក់ដូរ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​។

អត្ថបទសរសេរ ដោយ